មុខវិជ្ជាអក្ខរកម្មមេឌៀ និងព័ត៌មាន (MIL) ត្រូវបានក្រសួងអប់រំ យុវជន និងកីឡាសហការជាមួយនឹងអង្គការ DW Akademie សហការគ្នាដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សាសម្រាប់សិស្សថ្នាក់ទី12 ដើម្បីផ្តល់ជាបំណិនជីវិតដល់ពួកគេឱ្យបានយល់ដឹងអំពីប្រព័ន្ធទំនាក់ទំនងសង្គម។ មុខវិជ្ជាដ៏មានសារៈសំខាន់នេះ ត្រូវបានគេដាក់បញ្ចូលទៅក្នុងម៉ោងសិក្សាបច្ចេកវិទ្យាព័ត៌មានវិទ្យា និងសារទូរគមនាគមន៍ (ICT) ដែលក្រសួងបានដាក់ចេញរួចមកហើយ។
យោងតាមការបង្ហាញនៅលើគេហទំព័ររបស់ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យឃើញថា ប្រទេសកម្ពុជាជាប្រទេសដែលមានប្រជាជនវ័យក្មេងច្រើនជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយភាគច្រើននៃប្រជាជនវ័យក្មេងទាំងនេះមានការប្រើប្រាស់ប្រព័ន្ធអីុនធើណិត។ ការទំនាក់ទំនង គ្នាតាមរយៈទូរស័ព្ទស្មាតហ្វូនកំពុងមានការពេញនិយម ខណៈប្រព័ន្ធទំនាក់ទំនងសង្គម Facebook បានក្លាយជាជម្រើសយ៉ាងសំខាន់សម្រាប់ពួកគេ។ ស្របតាមការអភិវឌ្ឍយ៉ាងឆាប់រហ័ស នៃប្រព័ន្ធបច្ចេកវិទ្យាក្នុងការទំនាក់ទំនងនៅកម្ពុជាយើងឃើញថា មាន
បញ្ហាជាច្រើនដែលត្រូវការស្វែងយល់អំពីភាពស្មុគស្មាញ និងផលប៉ះពាល់របស់វាមកលើយុវជនកម្ពុជា។ កម្មវិធីអក្ខរកម្មមេឌៀ និងព័ត៌មាន (MIL) ផ្តល់ឱកាសឱ្យសិស្សានុសិស្សកម្ពុជាអាចសិក្សាពីរបៀបប្រើប្រាស់មេឌៀគ្រប់ទម្រង់ដូចជា វិទ្យុ ទូរទស្សន៍ ឯកសារបោះពុម្ព ប្រព័ន្ធអីុនធើណិត និងបច្ចេកវិទ្យាឌីជីថលថ្មីៗជាច្រើនទៀត។
យោងតាមឯកសារនៅក្នុងគេហទំព័រផ្លូវការរបស់អង្គការ DW Akedemie បានឱ្យដឹងថា តាមរយៈការសហការជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា អង្គការ DW Akedemie បានបង្កើត និងអភិវឌ្ឍសៀវភៅពុម្ពសម្រាប់វិស័យបច្ចេកវិទ្យា និងទំនាក់ទំនងព័ត៌មាន (ICT) សម្រាប់សិស្សថ្នាក់ទី12 ដែលក្នុងនោះមានសិស្សដែលកំពុងសិក្សាផ្នែកនេះចំនួន 94,500នាក់នៅកម្ពុជា។
ប្រធាននាយកដ្ឋានព័ត៌មាន និងបច្ចេកវិទ្យាព័ត៌មានវិទ្យានៃក្រសួងអប់រំ យុវជន និងកីឡា លោកសុខ ថា បានលើកឡើងថា “ចាប់តាំងពីសារនៃមេឌៀ និងបច្ចេកវិទ្យាថ្មីនៃការទំនាក់ទំនងបានក្លាយជាផ្នែកមួយនៃការរស់នៅរបស់យុវជនកម្ពុជា វាបានដើរតួនាទីយ៉ាងសំខាន់សម្រាប់ពួកគេក្នុងការជម្នះនូវឧបសគ្គ និងចាប់យកឱកាសមានប្រយោជន៍ជាច្រើនសម្រាប់ពួកគេ។
លោក សុខ ថា បានលើកឡើងផងដែរថា សិស្សត្រូវការការយល់ដឹងពីផលប៉ះពាល់នៃអីុនធើណិតនិងវិធីសាស្ត្រដើម្បីការពារខ្លួនចេញពីឧក្រិដ្ឋកម្មអនឡាញ។ លោកទទួលស្គាល់ផងដែរថា សារៈសំខាន់នៃបច្ចេកវិទ្យាអីុនធើណិត និងគេហទំព័រដែលផ្តល់ការអប់រំសម្រាប់សិក្សាបានកើនឡើងយ៉ាងឆាប់រហ័ស ដែលកត្តាទាំងអស់នេះនឹងក្លាយជាចំណុចខ្លាំងរបស់សង្គមខណៈសិស្សអាចអភិវឌ្ឍសមត្ថភាពផ្នែកបច្ចេកវិទ្យាព័ត៌មាន (ICT) និងមេឌៀ (MIL) ដើម្បីប្រើវាក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម។
យោងតាមទិន្នន័យចុងក្រោយបំផុតរបស់ស្ថាប័នទូរគមនាគមន៍របស់រដ្ឋបានបង្ហាញឱ្យឃើញថា ជិតពាក់កណ្តាលនៃប្រជាជនកម្ពុជាប្រមាណ 15.9លាននាក់ទទួលបានសេវាអីុនធើណិតប្រើប្រាស់ ខណៈពេលដែលអ្នកប្រើប្រាស់ Facebook មានចំនួនប្រមាណ 3.4លាននាក់ (កើនឡើង 1.1លាននាក់កាលពី2ឆ្នាំមុន)។
លោកស្រី Ute Schaeffer ប្រធានផ្នែកអភិវឌ្ឍន៍មេឌៀនៃអង្គការ DW Akademie បានលើកឡើងថា ដើម្បីដឹងពីប្រភពព័ត៌មានយ៉ាងសម្បូរបែបនៅលើពិភពលោក ប្រជាជនទាំងអស់ចាំបាច់ត្រូវតែមានជំនាញក្នុងការប្រើប្រាស់បណ្តាញបច្ចេកវិទ្យា។ ម្យ៉ាងវិញទៀត ប្រជាជនក៏ត្រូវតែដឹងពីវិធីនិងកន្លែងដែលអាចស្វែងរកប្រភពព័ត៌មានដែលច្បាស់ការ និងវិធីសាស្ត្រក្នុងការទំនាក់ទំនងដោយសុវត្ថិភាព និងដោយសេរីផងដែរ។ លោកស្រី Ute Shaeffer បាននិយាយថា៖ “ពួកគេត្រូវតែជាអក្ខរជនផ្នែកមេឌៀ”៕