ក្លិបបិសាចក្រហម Manchester United នឹងនាំយកតារាឆ្នើម Alexis Sanchez ពីក្លិប Arsenal តាមរយៈការធ្វើឲ្យរូបគេក្លាយជាកីឡាកររកបានចំណូលខ្ពស់ជាងគេបំផុតរបស់ក្របខ័ណ្ឌ Premier League។ នេះបើយោងទៅតាមបណ្តាញសារព័ត៌មានជាច្រើនកាលពីថ្ងៃព្រហស្បតិ៍។
ខ្សែប្រយុទ្ធអន្តរជាតិស៊ីលីរូបនេះ នឹងទទួលបានចំណូលក្នុងចន្លោះពី 40ម៉ឺន ទៅ 50ម៉ឺនផោន (ស្មើនឹង 55.5ម៉ឺនដុល្លារ និង 69ម៉ឺនដុល្លារ) ក្នុងមួយសប្តាហ៍មុនពេលកាត់ពន្ធតាមរយៈការផ្ទេរទៅកាន់កីឡដ្ឋាន Old Trafford។ នេះបើយោងទៅតាមការចេញផ្សាយរបស់កាសែត The Sun, Daily Telegraph និងកាសែតជាច្រើនផ្សេងទៀត។
ការទាមទារប្រាក់បៀវត្សរ៍ដ៏ច្រើនសន្ធឹកសន្ធាប់នេះ បានធ្វើឲ្យក្លិប Manchester City និង Chelsea បោះបង់ការប្រជែងទិញ ដែលនាំឲ្យក្លិប Man Utd ក្លាយជាបេក្ខភាពតែម្នាក់ឯង។ កាសែត Daily Telegraph បានចេញផ្សាយថា Man United បានផ្តល់កុងត្រារយៈពេល4ឆ្នាំកន្លះ ហើយរូបគេនឹងផ្ទេរក្នុងតម្លៃខ្លួន30លានផោន (ស្មើនឹង41.6លានដុល្លារអាមេរិក) ដែលជាតម្លៃខ្លួនទាបមួយ ដោយសារតែរូបគេនឹងត្រូវចាកចេញពី Arsenal ដោយគ្មានតម្លៃខ្លួននៅចុងរដូវកាលនេះ។
ការផ្ទេររបស់អតីតកីឡាកររបស់ក្លិប Barcelona រូបនេះក៏ទាក់ទិននឹងទឹកប្រាក់សម្រាប់ការចុះកុងត្រាចំនួន 20លានផោន និងសេវាភ្នាក់ងារចំនួន 10លានផោនផងដែរ។ ជាមួយគ្នានេះ លោក Arsene Wenger គ្រូបង្វឹករបស់ Arsenal បានបញ្ជាក់ថា Sanchez នឹងត្រូវចូលរួមជាមួយMan United ក្នុងរយៈពេល 24ម៉ោង ឬ 48ម៉ោងខាងមុខទៀត៕
ប្រភពពី៖ The Guardian