ក្លិប FC Barcelona បានជះទឹកប្រាក់ច្រើនជាង 200លានអឺរ៉ូ (ស្មើនឹង245លានដុល្លារអាមេរិក) សម្រាប់ Neymar ក្នុងនោះរាប់បញ្ចូលទាំងប្រាក់ខែរបស់គេ និងលក្ខខណ្ឌលាក់បាំងតម្លៃខ្លួននៃការផ្ទេរមួយនេះផងដែរ។ នេះបើយោងទៅតាមការចេញផ្សាយរបស់កាសែត El Mundo របស់អេស្ប៉ាញ កាលពីថ្ងៃព្រហស្បតិ៍។
ប្រសិនបើពិតដូចការលើកឡើងខាងលើមែននោះ វានឹងមានចំនួនច្រើនជាងទឹកប្រាក់57.1លានអឺរ៉ូ ដែលក្លិប Barcelona បានអះអាងថា ខ្លួនបានចំណាយសម្រាប់ការផ្ទេររបស់ Neymar កាលពីឆ្នាំ2013 និងច្រើនជាង83.3លានអឺរ៉ូ ដែលត្រូវបានព្យាករដោយអាជ្ញាធរអេស្ប៉ាញ ដែលនឹងស៊ើបអង្កេតលើភាពមិនប្រក្រតីទៅលើការផ្ទេរនេះ។
ខ្សែប្រយុទ្ធវ័យ25ឆ្នាំរូបនេះ និងឪពុកម្តាយរបស់គេ ត្រូវបានបញ្ជាឲ្យរក្សាការសម្ងាត់ចំពោះការផ្ទេរនេះ ក៏ដូចជាលោក Josep Maria Bartomeu ប្រធានក្លិប Barcelona និងលោក Sandro Rosell អតីតប្រធានក្លិប ផងដែរ។
កាសែត El Mundo បានផ្អែកលើព័ត៌មានរបស់ខ្លួន និងឯកសារផ្សេងៗដែលត្រូវបានប្រគល់ទៅឱ្យរដ្ឋអាជ្ញាអេស្ប៉ាញ ដោយក្រុមអាជ្ញាធរប្រេស៊ីល ដែលក៏កំពុងតែស៊ើបអង្កេតលើតារាបាល់ទាត់រូបនេះផងដែរចំពោះការរំលោភការបង់ពន្ធ។ ប្រភពមួយនៅឯតុលាការ ដែលបានបដិសេធក្នុងការបញ្ចេញឈ្មោះ បានអះអាងថា រដ្ឋអាជ្ញាអេស្ប៉ាញ ពិតជាបានទទួលឯកសារទាំងនោះប្រាកដមែន ប៉ុន្តែ មិនបានបញ្ជាក់ពីតួលេខនៃតម្លៃខ្លួនឡើយ៕
ប្រភពពី៖ AFP