នាពេលបច្ចុប្បន្ននេះ ដោយសារតែបណ្តាញបច្ចេកវិទ្យាមានការរីកចម្រើន ការសិក្សារបស់សិស្សនិស្សិតក៏បានផ្លាស់ប្តូរឆ្ពោះទៅរកភាពល្អប្រសើរឡើង និងកាន់តែទំនើប។ E-learning ជាបណ្តាញសិក្សាថ្មីដែលមានប្រយោជន៍ និងមានប្រសិទ្ធភាពបំផុតដែលបណ្តាសាកលវិទ្យាល័យល្បីៗលើពិភពលោកបានប្រើប្រាស់ក្នុងរយៈពេល 10ឆ្នាំចុងក្រោយនេះ។
បង្ហាញពីគុណតម្លៃនៃកម្មវិធី E-learning លោកគ្រូ ហៀន សំបឿន ប្រធានមជ្ឈមណ្ឌលការសិក្សាពីចម្ងាយ បានលើកឡើងថា ការសិក្សាតាមបែប E-learning ជាការសិក្សាដែលមានប្រសិទ្ធភាពមួយក្នុងចំណោមវិធីសាស្រ្តសិក្សាដែលមានសក្តានុពលលើពិភពលោក។ ការសិក្សាតាមរបៀបនេះ គឺអាចធ្វើឱ្យអ្នកសិក្សាចំណេញពេលវេលាច្រើន ព្រោះគាត់អាចសិក្សាបានគ្រប់ទីកន្លែងដែលមានអ៊ីនធើណេតតាមរយៈទូរស័ព្ទដៃ និងកុំព្យូទ័រ។ ម្យ៉ាងវិញទៀត មេរៀនទៀតសោតក៏សុទ្ធសឹងតែជាមេរៀនដែលផលិតដោយសាស្រ្តាចារ្យដែលមានជំនាញ និងមានភាពច្បាស់លាស់។
លើសពីនេះទៅទៀត ការសិក្សាតាមបែប E-learning មានភាពងាយស្រួលក្នុងការស្រាវជ្រាវជាងការសិក្សាតាមបែបធម្មតា ព្រោះនៅក្នុងកម្មវិធី E-learning គឺភាគច្រើនបានដាក់ឱ្យប្រើប្រាស់ជាអន្តរជាតិ។ សិស្សនិស្សិតកម្ពុជា អាចចូលទៅមើលមេរៀនរបស់ប្រទេសដទៃតាមរយៈគណនី (User) ផ្ទាល់ខ្លួនបានដោយឥតគិតថ្លៃ។ ចំណុចនេះអាចផ្តល់ឱកាសល្អដល់អ្នកសិក្សាឱ្យមានគំនិតច្នៃប្រឌិតខ្ពស់ជាងមុនតាមរយៈការប្រៀបធៀបមេរៀន និងចំណុចសំខាន់ៗជាច្រើនទៀតនៃឯកសារយ៉ាងសម្បូរបែបដែលពួកគេបានជួបប្រទះ។
ពិសេសជាងនេះទៅទៀតការសិក្សាតាមបែប E-learning អាចជំរុញឱ្យសិស្សនិស្សិតកម្ពុជាអាចមានសមត្ថភាពប្រកួតប្រជែងជាមួយនឹងបណ្តាប្រទេសដទៃលើកម្រិតនៃការយល់ដឹង និងការអនុវត្តការងារជាក់ស្តែង តាមរយៈបណ្តាញបច្ចេកវិទ្យា។ អ្នករៀនតាម E-learning ភាគច្រើនជាអ្នកដែលនៅស្និទ្ធជាមួយនឹងបច្ចេកវិទ្យា និងបណ្តាញព័ត៌មានយ៉ាងសម្បូរបែបដែលត្រូវបានផលិតឡើងជាវីដេអូដូចជាការបង្រៀនរបស់សាស្ត្រាចារ្យដែរ តែអ្វីដែលល្អបំផុតនោះគឺ សម្រាប់ E-learning ពួកគេអាចរៀនសាឡើងវិញបានគ្រប់ពេលវេលាបើទោះបីជាមិនស្ថិតក្នុងថ្នាក់រៀនក៏ដោយ។ ក្រៅពីនេះ នៅពេលដែលមានសំណួរ សិស្សអាចចោទសួរ ទៅកាន់សាស្រ្តាចារ្យបានតាមរយៈគេហទំព័រដែលពួកគេអាចនឹងទទួលចម្លើយបានភ្លាមៗ ឬរង់ចាំក្នុងរយៈពេលខ្លីដើម្បីទទួលបានចម្លើយគ្រប់យ៉ាងដែលទាក់ទងនឹងប្រធានបទសំខាន់នៃមេរៀន។
នាពេលបច្ចុប្បន្ននេះ គ្រឹះស្ថានអប់រំធំៗមួយចំនួនបានដាក់ឱ្យដំណើរការកម្មវិធី E-learning ដោយក្នុងនោះមានដូចជា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យជាតិគ្រប់គ្រង សាកលវិទ្យាល័យជាតិកសិកម្ម និងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលជាដើម៕