តាមរយៈសារព័ត៌មាន Mthai ដែលបានចេញផ្សាយនៅថ្ងៃទី18 ខែមករា ឆ្នាំ2018នេះ បានឱ្យដឹងថា លោក Ki Hong Lee ជាតារាសម្ដែងកូរ៉េដែលបានបង្ហាញវត្តមាននៅក្នុងខ្សែភាពយន្តខ្នាតធំរបស់ហូលីវូដរឿង The Maze Runner ដែលសម្ដែងជាតួ មីន ហូ នោះ បានចេញមុខបកស្រាយរឿងប្រើប្រាស់ឈ្មោះជាភាសាកូរ៉េ ខណៈដែលខ្លួនជាតារាសម្ដែងហូលីវូដដ៏ល្បីឈ្មោះ តែមិនព្រមប្រើនាមត្រកូលអាមេរិក។
តារាសម្ដែងរូបនេះ បានផ្ដល់បទសម្ភាសជាមួយស្ថានីយទូរទស្សន៍មួយនៅក្នុងកម្មវិធី One Night of TV Entertainment ដោយលើកពីមូលហេតុថា «ខ្សែភាពយន្ដរឿង The Maze Runner ជាភាពយន្ដល្បីមួយ ការលំបាកបំផុតរបស់ខ្ញុំនៅក្នុងរឿងនេះគឺ ការរត់រហូតពេញមួយផ្ទៃរឿង និងមានផ្នែកជាច្រើននៃរឿងមិនស័ក្ដិសមនឹងខ្ញុំទាល់តែសោះ ហើយការដែលបានសម្ដែងជាតួ មីន ហូ គឺជាសំណាងល្អបំផុតរបស់ខ្ញុំហើយ»។ យ៉ាងណាមិញ លោកបានបន្ដថា «ការដែលប្រើប្រាស់ឈ្មោះជាភាសាកូរ៉េ មិនបានកែឈ្មោះដូចជាជនជាតិអាមេរិក ព្រោះនោះគឺជាឈ្មោះរបស់ខ្ញុំ។ ខ្ញុំជាជនជាតិកូរ៉េ ខ្ញុំចង់មានអត្តសញ្ញាណពិតប្រាកដជាខ្លួនខ្ញុំ ហើយខ្ញុំមានមោទនភាពនូវអ្វីដែលខ្ញុំមានរហូតមក»។
តារាសម្ដែងវ័យ 31ឆ្នាំរូបនេះ បានប្រាប់បន្ថែមថា «ខ្ញុំបានកើតនៅក្នុងទឹកដីប្រទេសកូរ៉េ តែធំដឹងក្ដីនៅក្នុងទឹកដីសហរដ្ឋអាមេរិក។ ប្រទេសកូរ៉េ គឺជាទឹកដីកំណើតរបស់ម្ដាយខ្ញុំ ហើយពេលត្រឡប់ទៅថតខ្សែភាពយន្ដនៅក្នុងប្រទេសកូរ៉េវិញ ខ្ញុំមានអារម្មណ៍ថា ជាសំណាងល្អមួយដែលធ្វើឱ្យខ្ញុំមានសេចក្ដីសុខ ដែលមានការទទួលស្វាគមន៍ពីសំណាក់អ្នកគាំទ្រជាជនជាតិកូរ៉េ»៕