Alexis Sanchez នឹងក្លាយជាកីឡាករដែលទទួលបានចំណូលខ្ពស់ជាងគេបំផុតរបស់ក្លិប Manchester United ប្រសិនបើរូបគេចាកចេញពីក្លិប Arsenal ក្រោយពីបានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនរួចហើយ។ នេះបើយោងតាមបណ្តាញសារព័ត៌មាននានាកាលពីថ្ងៃពុធ។
ខ្សែប្រយុទ្ធអន្តរជាតិស៊ីលីរូបនេះ ហាក់ដូចជានឹងត្រូវចាកចេញពីក្រុមកាំភ្លើងធំនៅខែនេះហើយ ឯMan United ក៏មិនបានលាក់បាំងពីការចាប់អារម្មណ៍របស់ពួកគេដែរ។ លោក Jose Mourinho អ្នកចាត់ការទូទៅរបស់ក្រុម Man United បានទទួលស្គាល់កាលពីថ្ងៃចន្ទថា ក្រុមរបស់លោកមានឱកាសមួយក្នុងការចុះហត្ថលេខាជាមួយនឹង Sanchez ក្នុងពេលបើកទីផ្សារដោះដូរកីឡាករនៅខែមករានេះ ខណៈដែលក្លិប Manchester City បច្ចុប្បន្នត្រូវបានគេមើលឃើញថា បានបោះបង់ការប្រជែងទិញយកខ្សែប្រយុទ្ធវ័យ29ឆ្នាំរូបនេះហើយ ដោយសារតែបញ្ហាតម្លៃខ្លួន។
បើយោងតាមគេហទំព័រ The Telegraph ក្លិប Man United បានផ្តល់កុងត្រារយៈពេល4ឆ្នាំកន្លះទៅឲ្យ Sanchez ជាមួយនឹងប្រាក់ចំណូលប្រចាំឆ្នាំ27លានផោន (ស្មើនឹង37.35លានដុល្លារអាមេរិក) នៅមុនពេលកាត់ពន្ធ ដែលនឹងធ្វើឲ្យរូបគេក្លាយជាកីឡាកររកបានចំណូលខ្ពស់ជាងគេបំផុតក្នុងក្លិបនេះ។ បើបូកទាំងការចំណាយលើតម្លៃខ្លួន ប្រាក់ឧបត្ថម្ភសម្រាប់ការចុះកុងត្រា និងការចំណាយទៅឲ្យភ្នាក់ងារតំណាងឲ្យកីឡាកររូបនេះផង វាមានន័យថា Man United អាចនឹងត្រូវចំណាយសរុប150លានផោន ប្រសិនបើពួកគេឈានដល់ការព្រមព្រៀងគ្នាក្នុងការចុះហត្ថលេខាជាមួយនឹង Sanchez៕
ប្រភពពី៖ The Telegraph