ខ្សែប្រយុទ្ធ Cenk Tosun ជឿជាក់ថា រូបគេ និង Theo Walcott អាចចូលបំពេញកន្លែងទំនេរដែលត្រូវបានកើតឡើងដោយសារតែការចាកចេញរបស់ខ្សែប្រយុទ្ធ Romelu Lukaku ពីក្លិប Everton ក្រោយពីខ្សែបម្រើស្លាបរបស់អង់គ្លេសរូបនេះ បានបំពេញការផ្ទេររបស់គេពីក្លិប Arsenal ក្នុងតម្លៃខ្លួន25លានផោន (ស្មើនឹង34លានដុល្លារអាមេរិក)។
Everton បានចំណាយប្រាក់ច្រើនជាង40លានផោន ដើម្បីជួសជុលតំបន់ប្រយុទ្ធរបស់ពួកគេនៅខែនេះ ក្រោយពីបានចំណាយប្រាក់21លានផោន ដើម្បីទិញយក Tosun ពីក្លិប Besiktas របស់តួកគីមុនពេលការចូលរួមរបស់ Walcott កាលពីថ្ងៃពុធ។
ខ្សែបម្រើស្លាបអន្តរជាតិអង់គ្លេសរូបនេះ បានបញ្ចប់អាជីពរយៈពេល12ឆ្នាំរបស់គេជាមួយនឹងក្លិប Arsenal ដើម្បីក្លាយជាកីឡាករចំណូលថ្មីទី2របស់លោក Sam Allardyce ដែលជាអ្នកចាត់ការទូទៅរបស់ក្រុម Everton។ រូបគេត្រូវបានរំពឹងទុកថា នឹងទទួលបានចំណូល11ម៉ឺនផោន ក្នុងមួយសប្តាហ៍ បូករួមទាំងប្រាក់ឧបត្ថម្ភផ្សេងៗទៀតនៅឯកីឡដ្ឋាន Goodison Park ដែលស្មើនឹងប្រាក់ខែរបស់គេនៅឯក្លិប Arsenal ហើយរូបគេបានចុះហត្ថលេខាលើកុងត្រារយៈពេល3ឆ្នាំកន្លះ។
Walcott បានឲ្យដឹងថា៖ «វាមានរឿងជាច្រើនទាក់ទងនឹងការផ្ទេរនេះ ដែលខ្ញុំមានអារម្មណ៍ថាល្អ។ ខ្ញុំមានអារម្មណ៍ហាក់ដូចជាវាដល់ពេលសម្រាប់ខ្ញុំក្នុងការផ្លាស់ប្តូរហើយ។ វាជារឿងសោកសៅមួយ ប៉ុន្តែវាក៏ជារឿងដ៏រំភើបមួយដែរ ហើយខ្ញុំចង់សង្គ្រោះអាជីពរបស់ខ្ញុំត្រឡប់មកវិញ និងជួយឲ្យក្រុម Everton ទទួលជ័យជម្នះដូចដែលពួកគេធ្លាប់បានធ្វើកាលពីពេលមុន»៕
ប្រភពពី៖ The Guardian