បើតាមការចេញផ្សាយរបស់សារព័ត៌មាន Radar Online នៅថ្ងៃទី18 ខែមករា ឆ្នាំ2018 បានឱ្យដឹងថា តារាចម្រៀងអាមេរិកដ៏ស្រស់ផូរផង់ គឺកញ្ញា Selena Gomez អាចឈានដល់ការកាត់ផ្តាច់ទំនាក់ទំនងជាមួយម្តាយបង្កើតរបស់ខ្លួនដោយសារតែអត់ទ្រាំលែងបាននឹងការរិះគន់ដដែលជាដដែលរបស់អ្នកម្តាយរូបនេះមកលើគូស្នេហ៍ជាតារាចម្រៀងដូចគ្នា ដែលទើបត្រូវរ៉ូវគ្នាសាជាថ្មី គឺកំពូលតារាចម្រៀងដើមកំណើតកាណាដា លោក Justin Bieber។
ប្រាកដណាស់ ទំនាក់ទំនងរបស់ Selena Gomez និង Justin Bieber ពិតជាបានវិលត្រឡប់មករកភាពផ្អែមល្ហែមឡើងវិញមែន ហើយពុំមាននរណាម្នាក់អាចបញ្ឈប់រឿងនេះបានឡើយ រួមទាំងអ្នកម្តាយដែលមានក្តីកង្វល់ច្រើនរបស់តារាចម្រៀងប៉ុបវ័យ25ឆ្នាំរូបនេះ គឺលោកស្រី Mandy Teefey ផង។
បន្ទាប់ពីលោកស្រី Teefey បាននិយាយយ៉ាងបើកចំហថា លោកស្រីមិនសប្បាយចិត្តសោះ អំពីជម្រើសរបស់កូនស្រីរបស់ខ្លួន ក្នុងការទៅត្រូវរ៉ូវគ្នាវិញជាមួយតារាចម្រៀង Justin Bieber វ័យ23ឆ្នាំ។ ប្រភពជិតស្និទ្ធនឹង Selena បានបង្ហើបឱ្យដឹងថា តារាចម្រៀងអាមេរិកដែលមានប្រជាប្រិយជាខ្លាំងនៅក្នុងស្រទាប់យុវវ័យជុំវិញពិភពលោករូបនេះ នឹងមិនឈរឱបដៃមើល ហើយបណ្តោយឱ្យម្តាយរបស់ខ្លួន និយាយរិះគន់ពេញៗមាត់ទៅលើ Justin បែបនេះឡើយ។ ប្រភពដដែលបានបន្ថែមថា Selena បានឆ្អែតឆ្អន់ជាមួយការយោគយល់អធ្យាស្រ័យដល់ម្តាយខ្លួនហើយ ដោយអ្នកទាំងពីរ សព្វថ្ងៃនេះ គឺមិននិយាយរកគ្នាទាល់តែសោះ។ លោកស្រី Mandy អាចនិយាយរិះគន់តាមតែចិត្តខ្លួន ប៉ុន្តែទង្វើនេះគឺបានត្រឹមតែរុញច្រាន Selena ឱ្យឃ្លាតកាន់តែឆ្ងាយទៅប៉ុណ្ណោះ។
គួរជម្រាបថា រឿងរ៉ាវវិវាទរវាងម្តាយនឹងកូននេះ បានផ្ទុះឡើងនៅលើបណ្តាញសារព័ត៌មាននានា បន្ទាប់ពី កញ្ញា Selena Gomez បានសម្រេចចិត្តចំណាយពេលវេលាឆ្លងឆ្នាំសកលថ្មីៗនេះ ជាមួយ Justin Bieber នៅឯប្រទេសម៉ិកស៊ិក ដោយមិនបាននៅរីករាយជាមួយក្រុមគ្រួសាររបស់នាងដូចសព្វដង ហើយមកទល់ពេលនេះស្ថានការណ៍ គឺពុំបានល្អប្រសើរឡើងឡើយ៕