ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តលើគម្រោងវិនិយោគចំនួន5 ដែលមានទឹកប្រាក់វិនិយោគ 40លានដុល្លារនៅសប្តាហ៍ដំបូងនៃឆ្នាំ2018 ដែលគម្រោងវិនិយោគទាំងនោះស្ថិតនៅក្នុងខេត្ត និងក្រុងផ្សេងៗពីគ្នា។
ទិន្នន័យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្ហាញថា នៅក្នុងសប្តាហ៍ទី1នៃខែមករា ឆ្នាំ2018នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចអនុម័តលើគម្រោងវិនិយោគចំនួន 5 ផ្សេងគ្នាមានតម្លៃទុនវិនិយោគជិត 40លានដុល្លារ ដោយផ្តោតលើរោងចក្រកែច្នៃ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងរោងចក្រផលិតស្បែកជើង។ ទិន្នន័យនៃការអនុម័តលើគម្រោងវិនិយោគបន្ថែមនេះ គឺជាការបង្ហាញឲ្យឃើញនូវភាពវិជ្ជមានសម្រាប់វិស័យសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីមានក្តីព្រួយបារម្ភមួយចំនួនចំពោះលទ្ធភាពនៃការនាំចេញរបស់ប្រទេសកម្ពុជាក្នុងឆ្នាំ2018នេះដែលរងឥទ្ធិពលមកពីបញ្ហានយោបាយ។
ក្រុមហ៊ុនដែលទទួលបានការអនុម័តជាផ្លូវការពីគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រូមមាន ៖ ទី1 គឺក្រុមហ៊ុន “RED BOAT ENTERPRISE CO., LTD” ដោយក្រុមហ៊ុននេះមានគម្រោងបង្កើតរោងចក្រកែច្នៃផ្លែឈើ និងកែច្នៃម្ហូបអាហារ (ត្រី Anchovies ទឹកត្រី និងស្ករត្នោត)។ ក្រុមហ៊ុននេះនឹងបោះទីតាំងវិនិយោគស្ថិតនៅភូមិ1 ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ 2.83លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន 384កន្លែង។
ទី2 គឺក្រុមហ៊ុន“GLOBAL HOUSE (CAMBODIA) CO., LTD” ។ ក្រុមហ៊ុននេះមានគម្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មដែលមានទីតាំងវិនិយោគស្ថិតនៅភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្រុមហ៊ុននេះបានទម្លាក់ទុនវិនិយោគចំនួន 10លានដុល្លារក្នុងពេលអនាគត និងអាចបង្កើតការងារបានចំនួន 2.000កន្លែង។ ទី3 គឺក្រុមហ៊ុន “METRO LIFESTYLE DEVELOPMENT CO., LTD” មានគម្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម មានទីតាំងវិនិយោគស្ថិតនៅភូមិមណ្ឌល2 សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
ក្រុមហ៊ុននេះមានទុនវិនិយោគប្រមាណ 19.49លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន 135កន្លែងក្នុងពេលដំណើរការ។ ទី4 គឺក្រុមហ៊ុន“SANYO PACKAGE ASIA (CAMBODIA) CO., LTD” ដោយមានគម្រោងបង្កើតរោងចក្រផលិតផលិតផលពីក្រដាសដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូត៍លេខ142 ភូមិលំ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងមានទុនវិនិយោគប្រមាណ 2.22លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន 76កន្លែង។
ចំណែកទី5 គឺក្រុមហ៊ុន “GRAND ORIENTAL FOOTWEAR INTERNATIONAL CO., LTD” គម្រោងបង្កើតរោងចក្រផលិតស្បែកជើងដែលមានទីតាំងវិនិយោគស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ4 ភូមិព្រៃពពេល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ 4.51លានដុល្លារ និងអាចបង្កើតការងារបានចំនួន 1.575កន្លែង។ ក្នុងដើមឆ្នាំ2018 ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានស្នើឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទគាំទ្រឲ្យមានការបង្កើតនូវតំបន់ពិសេសមួយសម្រាប់អភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យមក្នុងស្រុកដែលផ្នែកឯកជនយល់ថា វានឹងជួយសម្រួលដល់ការតភ្ជាប់អគ្គិសនីមានតម្លៃថោក និង មានហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនល្អដែលងាយស្រួលដល់ការអភិវឌ្ឍការកែច្នៃផលិតផលកសិកម្មក្នុងស្រុក៕