សុខភាពរបស់ក្រុមគ្រួសារគឺជារឿងសំខាន់បំផុត ដូច្នេះត្រូវយកចិត្តទុកដាក់ចំពោះសមាជិកគ្រួសារទាំងមូលរួមមាន ឪពុកម្ដាយ កូន ក្មួយ និងចៅជាដើមដោយឡែកជំងឺគ្រុនផ្ដាសាយ ក៏អ្នកគួរតែយកចិត្តទុកដាក់ពីវាផងដែរ។ ជំងឺកើតឡើងមិនប្រកាន់ចំពោះមុខសមាជិកក្រុមគ្រួសារ ឬប្រកាន់ថាកើតចំពោះនរណានោះឡើយ។ ប្រសិនបើសមាជិកម្នាក់នៅក្នុងគ្រួសារកើតជំងឺនេះហើយ វាឆ្លងពីម្នាក់ទៅម្នាក់ទៀតបាន នៅពេលដែលការសម្អាតឬអនាម័យមិនស្អាត និងបរិភោគអាហារជុំគ្នា ដែលអាចឆ្លងតាមរយៈ ក្អក កណ្ដាស់ និងតាមរយៈផ្លូវដង្ហើមជាដើម។
បើតាមការបកស្រាយរបស់គ្រូពេទ្យជំនាញបានឱ្យដឹងថា គ្រុនផ្ដាសាយធំ គឺជាជំងឺឆ្លងមួយប្រភេទដែលបង្កឡើងដោយវីរុសគ្រុនផ្ដាសាយផ្ដល់អត្រាគ្រោះថ្នាក់ខ្ពស់ជាងជំងឺគ្រុនផ្ដាសាយធម្មតា និងអាចកើតមានលើមនុស្សគ្រប់វ័យ។
លោកអ្នកអាចឆ្លងជំងឺប្រភេទនេះតាមប្រព័ន្ធផ្លូវដង្ហើមដោយរងសម្ពាធពីអ្នកជំងឺ ឬអ្នកផ្ទុកមេរោគគ្រុនផ្ដាសាយធំ នៅពេលអ្នកជំងឺក្អក ឬកណ្ដាស់, អាចឆ្លងតាមការប៉ះពាល់អ្នកជំងឺដោយផ្ទាល់ ឬតាមការប៉ះពាល់វត្ថុដែលមានវីរុសបង្កគ្រុនផ្ដាសាយ។
ថ្ងៃនេះទស្សនាវដ្ដី ឡារ៉ែន សូមជម្រាបជូនពីបញ្ហាជំងឺគ្រុនផ្ដាសាយ និងប្រការប្រុងប្រយ័ត្នការពារមិនឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតក្មេងនិងមនុស្សចាស់នៅក្នុងក្រុមគ្រួសាររបស់អ្នកដូចខាងក្រោមនេះ៖
1/ គ្រោះថ្នាក់អាក្រក់កើតឡើងពីជំងឺគ្រុនផ្ដាសាយធំ
មនុស្សគ្រប់រូបសុទ្ធតែមានឱកាសនៃការកើតមានជំងឺគ្រុនផ្ដាសាយធំទាំងអស់ បើទោះជាអ្នកទាំងនោះមានសុខភាពល្អមាំមួនក៏ដោយ ក៏មិនប្រាកដថាអាចចៀសផុតពីជំងឺប្រភេទនេះបានដែរព្រោះថាការឆ្លងជំងឺគ្រុនផ្ដាសាយធំពីមនុស្សម្នាក់ទៅកាន់អ្នកដទៃវាប្រព្រឹត្តទៅដោយមិនដឹងខ្លួន។ មនុស្សចាស់ជរា កុមារ អ្នកមានជំងឺទឹកនោមផ្អែមជំងឺហឺត ខ្សោយតម្រងនោម គឺប្រឈមកាន់តែខ្ពស់ នោះការគំរាមកំហែងអាយុជីវិតក៏កាន់តែខ្លាំង នៅពេលដែលគ្រុនផ្ដាសាយធំឈានដល់ដំណាក់កាលធ្ងន់ធ្ងរ។ ម្យ៉ាងទៀត គ្រុនផ្ដាសាយធំក៏បានហុចផលអាក្រក់មួយចំនួនទៀតដូចជាបង្កឱ្យមានជំងឺរលាកសួតដោយបាក់តេរី រលាកត្រចៀក រលាកស៊ីនុស បាត់បង់ជាតិទឹក ជាពិសេសអាចធ្វើឱ្យស្ថានភាពជំងឺប្រចាំកាយដូចជាជំងឺបេះដូង ជំងឺហឺត ឬជំងឺទឹកនោមផ្អែមកាន់ធ្ងន់ធ្ងរថែមមួយកម្រិតទៀត។
2/ កំណត់សម្គាល់អំពីរោគសញ្ញា
ជាការពិតណាស់ ជំងឺគ្រុនផ្ដាសាយធំ មិនដូចជាគ្រុនផ្ដាសាយធម្មតានោះទេ ដូច្នេះនៅពេលដែលលោកអ្នកបានជួបនឹងអាការមួយចំនួនដូចជា មានគ្រុនក្ដៅ ចាប់ពីកម្ដៅ 38-39 អង្សាសេ ឈឺក្បាល ក្អកខ្លាំង អស់កម្លាំង ល្ហិតល្ហៃ ឈឺខ្លួនប្រាណស្ងួតបំពង់ក ក្រហាយភ្នែក នោះលោកអ្នកប្រហែលជាកំពុងកើតជំងឺគ្រុនផ្ដាសាយធំហើយ ដែលតម្រូវឱ្យលោកអ្នកទៅជួបពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីរកដំណោះស្រាយ និងធ្វើការព្យាបាលបានទាន់ពេលវេលា បើមិនដូច្នោះទេ ពោលគឺមានគ្រោះថ្នាក់ដល់អាយុជីវិតលោកអ្នក។
3/ ការការពារ
វិធីងាយស្រួលបំផុតសម្រាប់ការពារពីជំងឺផ្ដាសាយធំ លោកអ្នកគ្រាន់តែចេះថែរក្សាខ្លួនប្រាណដោយការប្រើម៉ាស ឧស្សាហ៍ពិសាទឹកក្ដៅជាប្រចាំ ហើយជាពិសេស នៅឱ្យឆ្ងាយពីអ្នកមានផ្ទុកមេរោគគ្រុនផ្ដាសាយ និងផ្ដាសាយធំ។ ម្យ៉ាងវិញទៀត ដោយសារតែវេជ្ជសាស្ត្រកាន់តែទំនើប ដែលមានថ្នាំបង្ការ និងវាក់សាំងហេតុនេះលោកអ្នកអាចស្វែងរកវិធីការពារដោយការចាក់ថ្នាំបង្ការជំងឺគ្រុនផ្ដាសាយជាការស្រេចនៅតាមន្ទីរពេទ្យ មណ្ឌលសុខភាព និងគ្លីនិកឯកជនក៏បាន៕