ក្រុមហ៊ុនផលិតស្មាតហ្វូនធំមួយរបស់ចិន Xiaomi Corp បានជ្រើសរើសយក Morgan Stanley និង Goldman Sachs Group Inc សម្រាប់ធ្វើជាធនាគារអន្តរជាតិ និងជាដៃគូសហការក្នុងការចេញលក់ IPO ដែលត្រូវបានគេដឹងថា មានតម្លៃរហូតដល់ 100ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពីប្រភពជិតស្និទ្ធ។
សារព័ត៌មានហិរញ្ញវត្ថុ Bloomberg បានចុះផ្សាយថា ក្រោយពី Morgan Stanley និង Goldman Sachs Group Inc នៅមានធនាគារ Credit Suisse Group AG និង Deutsche Bank AG ផងដែរ ដែលត្រូវបាន Xiaomi ជ្រើសរើសធ្វើជាដៃគូក្នុងការចេញលក់ IPO ដោយក្រុមហ៊ុនផលិតទូរស័ព្ទរបស់ចិនមួយនេះ មានកំណត់គោលដៅលក់ IPO ឱ្យបាន 100ពាន់លានដុល្លារអាមេរិក។
ការកំណត់តម្លៃ IPO នេះត្រូវបានគេមើលឃើញថា ជាតម្លៃមួយដ៏ខ្ពស់បំផុតសម្រាប់ក្រុមហ៊ុនចិន ព្រោះកាលពីឆ្នាំ 2014 ក្រុមហ៊ុន Alibaba លក់បានត្រឹមតែ 25ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ។
ពាក់ព័ន្ធនឹងព័ត៌មានចចាមអារ៉ាមនេះផងដែរ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Xiaomi និងធនាគារ Morgan Stanley ព្រមទាំង Deutsche Bank បានចេញមុខច្រានចោលថា ជាព័ត៌មានមិនពិត ប៉ុន្តែមិនបានបញ្ជាក់អ្វីឱ្យលម្អិតជាងនេះឡើយ៕