ស៊ុបសុខភាពពីអាហារដ្ឋាន គ្រួសាររីករាយ ដែលស្ថិតនៅលើផ្លូវកោសដូងវិញម្តង ដើម្បីជូនដល់បងៗមេផ្ទះទាំងអស់រៀនធ្វើ គឺ មុខម្ហូប “ខួរជ្រូកចំហុយជាមួយផ្សិត5មុខ” ដែលល្អចំពោះសុខភាពរបស់អ្នក និងសមាជិកគ្រួសារនាខែរងានេះតែម្តង។ ដូច្នេះសូមតាមដានពីគ្រឿងផ្សំ និងរបៀបធ្វើដូចតទៅ។
គ្រឿងផ្សំ
-ខួរជ្រូក 200ក្រាម
-ផ្សិតម្ជុល 20ក្រាម
-ផ្សិតក្តាមខ្មៅ 20ក្រាម
-ផ្សិតភ្លៅមាន់ 20ក្រាម
-ផ្សិតព្រិល 20ក្រាម
-ផ្សិតចំបើង 20ក្រាម
-ស្ករស 1ស្លាបព្រាកាហ្វេ
-ស៊ុបដុំខ្នរ 1ដុំ
-ខ្លឹមស 5កំពឹស
-ជីវ៉ាន់ស៊ុយ
-ខ្ញី
-ប្រេចខ្ចី
-ម្រេចខ្មៅម៉ដ្ឋ
របៀបធ្វើ
ដំបូងត្រូវលាងខួរជ្រូកឱ្យស្អាត រួចបកសម្បកខាងក្រៅចេញ។ បន្ទាប់មកស្រុះផ្សិតទាំងអស់ចោលមួយទឹកសិន។ ចាក់ទឹកចូលក្នុងឆ្នាំង រួចដំខ្ទឹមសជាមួយម្រេចខ្ចីចូល ហើយហាន់ខ្ញីជាចំណិតៗ ដាក់ចូលទៅក្នុងឆ្នាំង។ រួចដាក់ឆ្នាំងដាំនៅលើភ្លើងរហូតដល់ពេលទឹកពុះតិចៗ សឹមចាក់ខួរជ្រូកចូល ហើយបើកភ្លើងឱ្យខ្លាំងល្មម។ នៅពេលខួរជ្រូកឆ្អិន ចូរដាក់ផ្សិតទាំង5មុខចូល រួចដាក់ស្ករស និងដុំស៊ុបខ្នរចូល។ រំងាស់ខួរជ្រូករហូតដល់ពុះ សឹមចាក់ដាក់ក្នុងចាន រួចរោយជីវ៉ាន់ស៊ុយ និងម្រេចខ្មៅម៉ដ្ឋពីលើជាការស្រេច។ ឬអ្នកអាចបន្ថែមពងគ្រួចស្ងោរ ឬពងទានៅក្នុងទឹកស៊ុបគឺកាន់តែឆ្ងាញ់ពិសា៕