បើនិយាយពីរឿងចម្រៀង តន្ត្រី ដែលមានការប្រកួតប្រជែងក្នុងការតាក់តែងនិពន្ធបទថ្មី ទំនុកភ្លេងថ្មី និងនិយាយអំពីសាច់រឿងរបស់ចម្រៀង ដែលធ្វើឱ្យអ្នកស្ដាប់មានការទាក់ចិត្តទាក់អារម្មណ៍មានការគាំទ្រច្រើន វាជារឿងដ៏ពិបាក ទំរាំតែទទួលបានភាពជោគជ័យ។ ដោយឡែកមានតារាចម្រៀងថៃចំនួន7ដួង ដែលបានបញ្ចេញបទចម្រៀងរបស់ខ្លួនមួយបទដំបូង ហើយមានការគាំទ្រពីសំណាក់យុវវ័យជាច្រើន បើចង់ដឹងថាជាតារាចម្រៀងថៃណាខ្លះនោះ សូមទស្សនារូបភាព និងប្រវត្តិខ្លះៗរបស់ពួកគេដូចខាងក្រោមនេះ ៖
- ឡាំយ៉ៃ ហៃថងខាំ
សូមចាប់ផ្ដើមពីតារាដំបូងដែលជាម្ចាស់បទ “ผู้สาวขาเลาะ ” ( ភូសាវខាឡក់) ចម្រៀងដោយ ឡាំយ៉ៃ ហៃថងខាំ ក៏ចង់ប្រាប់ថា នាងទទួលបានការគាំទ្រខ្លាំងបំផុត ដែលដំបូងឡើយនាងបានត្រឹមតែបង្ហោះបទចម្រៀងដែលខ្លួននិពន្ធនៅលើបណ្ដាញសង្គមតែប៉ុណ្ណោះ តែបច្ចុប្បន្ននេះ នាងបានចូលច្រៀងនៅក្នុងផលិតកម្មធំមួយ ព្រមទាំងបានបញ្ចេញនូវបទនិពន្ធថ្មី2បទទៀតដែលកំពុងមានការគាំទ្រយ៉ាងខ្លាំង។ គួរបញ្ជាក់ផងដែរថា តារាស្រីរូបនេះ និយមការស្លៀកពាក់សិចស៊ី និងមានសំឡេងពីរោះតាមបែបចម្រៀង លូកធុង (បទមនោសញ្ចេតនាស្រុកស្រែ)។
- យីងលី ស្រ៊ីជុមផុន
បទចម្រៀងពីមុននេះរបស់នាងដែលល្បីល្បាញបំផុត មានអ្នកចូលទៅទស្សនាច្រើនជាងគេប្រចាំឆ្នាំ គឺបទ “ขอใจเธอแลกเบอร์โทร” (ខចៃធឺលែកបឺរថូ) ជាបទចម្រៀងនិពន្ធរបស់នាង ដែលទទួលបានការពេញនិយមបំផុតពេញមួយឆ្នាំតែម្ដង ហើយដោយសារបទនេះបានធ្វើឱ្យតារាស្រីរូបនេះ កើបលុយជាច្រើន ព្រមទាំងទិញផ្ទះ និងជួយទំនុកបម្រុងឪពុកម្ដាយបានរស់ស្រួល ព្រមទាំងបានជូនកាដូជាទីគាប់ចិត្តដល់អ្នកពន្ធបទភ្លេងឱ្យនាងទៀតផង។
- ជេននីហ្វ័រ ឃីម
ជាតារាចម្រៀងដែលឆ្លងកាត់ការប្រឡងចម្រៀង និងនិពន្ធចម្រៀងបានមួយបទ ដោយទទួលបានការគាំទ្រជាខ្លាំង ហើយចម្រៀងរបស់នាងត្រូវបានយកទៅធ្វើជាបទចម្រៀងនៅក្នុងខ្សែភាពយន្ដខ្នាតធំដែលចម្រៀងនោះមានចំណងជើងថា “คิดถึงเธอทุกที ” ( ឃិតធឹងធឺធុកធី) មានន័យជាភាសាខ្មែរថា នឹកបងគ្រប់ទីកន្លែង។ បន្ទាប់មកទៀតសង្កេតឃើញថា តារាស្រីរូបនេះ ហាក់បីដូចជាស្ងាត់ការនិពន្ធបទចម្រៀង បែរមកច្រៀងបទបរទេសច្រើនជាងបទថៃទៅវិញ។
- ប៉ើន ប៉ៈថុមរ៉ាត
ជាតារាចម្រៀងដែលមានសមត្ថភាពតាក់តែងនិពន្ធទំនុកច្រៀង បទភ្លេង លេងឧបករណ៍តន្ត្រី និងមានសមត្ថភាពជាច្រើនទៀត ដែលលោកចាប់ផ្តើមទទួលបានភាពល្បីល្បាញ និងការគាំទ្រចេញពីការបង្ហោះឃ្លិបវីដេអូចម្រៀងនៅលើបណ្ដាញសង្គម Facebook រហូតបានក្លាយជាតារា Net Idol ដែលមានអ្នកគាំទ្រ និងទស្សនា100លានវីយូ (Views) ដែលបទចម្រៀងរបស់លោកមានចំណងជើងថា “อ้ายมีเหตุผล”(អាយមីហេតផុន) មានន័យថា បងមានហេតុផល ដែលមាននៅក្នុងផលិតកម្ម RSiam។
- ចាក់ នុងផៈនី
មានមនុស្សជាច្រើនធ្លាប់ស្គាល់នាងថា ចាក់ អាស្យាម ជាតារាចម្រៀងសិចស៊ី និងមានក្បាច់រាំស្រើបស្រាលបំផុត ក៏ប៉ុន្ដែនាង ត្រូវបានអ្នកគាំទ្រស្គាល់ដំបូងបង្អស់តាមរយៈបទចម្រៀងរបស់តារាកំប្លែង នាយ ជេត ដែលនាងគ្រាន់តែជា Dancer នៅក្នុងវីដេអូចម្រៀងតែប៉ុណ្ណោះ។
- កង ហួយរ៉ៃ
ជាតារាចម្រៀងដែលល្បីល្បាញតាមរយៈបណ្ដាញសង្គម Youtubeដែលដំបូងឡើយលោកបានបង្ហោះបទចម្រៀងតែងនិពន្ធថ្មីរបស់លោក ដែលមានចំណងជើងថា “ไสว่าสิบ่ถิ่มกัน” (សៃវ៉ាស៊ិបធីមកាន់) ដែលបទខ្មែរយើងបានយកមកច្រៀងផងដែរ គឺមានចំណងជើងថា “ស៊ីបានចេះតែស៊ីទៅ។ តារាចម្រៀងវ័យ27ឆ្នាំរូបនេះ មានសមត្ថភាពខាងផ្នែកសិល្បៈជាច្រើនជំនាញ ហើយថ្មីៗនេះ លោកបានសម្ដែងរឿងភាគនៅតាមបុ៉ស្តិ៍ទូរទស្សន៍ទៀតផង។
- ប៉េក ផៈលិតឆូគ
តារាចម្រៀងរូបនេះ ជាតារាចម្រៀង ដែលនិពន្ធបទភ្លេង និងចម្រៀងដោយខ្លួនឯងផ្ទាល់ មានស្នាមញញឹមស្រស់សង្ហា ហើយលោកត្រូវបានគេចាប់អារម្មណ៍ខ្លាំងបំផុតនៅពេលដែលចូលទៅប្រលងក្នុងកម្មវិធី The Mask Singer ហើយលោកក៏បានយកបទចម្រៀងដែលលោកនិពន្ធទៅប្រលងផងដែរ ដែលបទនោះមានចំណងជើងថា “Love On Top” និងបទ “Versace on The Floor”៕