ភ្នំពេញ៖ ខណៈពេលដែលវិស័យអាកាសចរណ៍កម្ពុជាកំពុងរួមចំណែកធ្វើឲ្យកំណើនសេដ្ឋកិច្ចរីកចម្រើនលូតលាស់នោះ មន្ត្រីអាកាសចរណ៍កម្ពុជាមានសុទិដ្ឋិនិយមក្នុងការអភិវឌ្ឍ និងមានការរីកចម្រើនលូតលាស់បន្ថែមទៀត ដោយភ្ជាប់ទីផ្សារកម្ពុជាទៅក្នុងទីផ្សារតំបន់ និងអាស៊ីប៉ាស៊ីហ្វិក។
រហូតមកដល់បច្ចុប្បន្ននេះ មានក្រុមហ៊ុនអាកាសចរណ៍ចំនួន9 ហើយដែលបានចុះបញ្ជីជាក្រុមហ៊ុនដឹកអ្នកដំណើរនៅក្នុងប្រទេសកម្ពុជា ដោយក្នុងនោះរួមមាន ក្រុមហ៊ុនឧទ្ធម្ភាគចក្រចំនួន 2 និងក្រុមហ៊ុនយន្តហោះស្លាប (Fixed Wing) ចំនួន 7 ក្រុមហ៊ុន។
លោក ស៊ិន ចាន់សិរីវុត្ថា អគ្គនាយករងបច្ចេកទេស និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានអះអាងថា គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ2017 វិស័យអាកាសចរណ៍កម្ពុជាកំពុងក្លាយជាច្រកដ៏សំខាន់មួយក្នុងការនាំកំណើនសេដ្ឋកិច្ចដល់ប្រទេសកម្ពុជា ដោយក្នុងនោះកំណើនអ្នកធ្វើដំណើរតាមផ្លូវអាកាសជាមធ្យមមានប្រមាណជាង 10% សម្រាប់អ្នកដំណើរអន្តរជាតិ និងប្រមាណជាង 20% សម្រាប់អ្នកដំណើរក្នុងស្រុក។
លោកបានអះអាងថា វិស័យអាកាសចរណ៍កម្ពុជានៅមានសក្តានុពលដ៏ច្រើនក្នុងការអភិវឌ្ឍរីកចម្រើនទៅកាន់ប្រទេសនានានៅក្នុងតំបន់។ លោក មានប្រសាសន៍ថា៖ “យើងមើលឃើញទីផ្សារក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ និងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដែលនឹងនាំមកនូវកំណើនខ្ពស់ ហើយយើងមានសុទិដ្ឋិនិយមចំពោះការរីកលូតលាស់ដូចបណ្តាប្រទេសនានាដែរ។
យោងតាមរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទទួលបានការចុះចតយន្តហោះជាមធ្យម 55ជើង ក្នុងមួយថ្ងៃ ចំណែកអាកាសយានដ្ឋានអន្តរជាតិ សៀមរាប មានចំនួនជាមធ្យម 57ជើងក្នុង1ថ្ងៃ និងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ មានចំនួនជាមធ្យម 8ជើង ក្នុង1ថ្ងៃ។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បានឱ្យដឹងថា កម្ពុជានៅមានឱកាសច្រើនក្នុងការអភិវឌ្ឍការដឹកជញ្ជូនតាមផ្លូវអាកាស ដោយសារបច្ចុប្បន្ននេះវិស័យទេសចរណ៍កម្ពុជានៅពឹងផ្អែកយ៉ាងខ្លាំងលើច្រកប្រទេសថៃ ដែលមានមធ្យោបាយតភ្ជាប់ទៅកាន់ពិភពលោកយ៉ាងទូលំទូលាយ។
លោក ធួន ស៊ីណាន និយាយថា៖“ថៃជាច្រកសំខាន់មួយរបស់កម្ពុជា ដោយសារយើងគ្មានយន្តហោះដែលភ្ជាប់ត្រង់ទៅកាន់ទីក្រុងសំខាន់ៗទូទាំងពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនយើងប្រៀបធៀបកាលពី 3ឆ្នាំមុន យើងបានប្រសើរឡើងច្រើនហើយ ដោយសារមានក្រុមហ៊ុនក្នុងស្រុកជាច្រើនបានភ្ជាប់ការហោះហើរទៅក្នុងប្រទេសក្នុងតំបន់។
វិស័យអាកាសចរណ៍ គឺជាកម្លាំងចលករដ៏សំខាន់ Vital Engine មួយក្នុងចំណោមកម្លាំងចលករសំខាន់ៗ សម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច (Socio-economic growth) ក្នុងនោះ វិស័យនេះបានបង្កើតការងារដោយផ្ទាល់ និងដោយប្រយោលមានចំនួន 1.7 លានការងារស្មើនឹង 20% នៃចំនួនការងារសរុបរបស់ប្រទេសកម្ពុជា និងបានផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចស្មើនឹង 17% នៃផសស។ គាំទ្រ និងជំរុញ (ធ្វើឲ្យមានកំណើន) ដល់វិស័យទេសចរណ៍ និងពាណិជ្ជកម្ម។ គាំទ្រ និងជំរុញដល់ការវិនិយោគផ្ទាល់ពីបរទេស (FDI) និងធុរកិច្ចក្នុងស្រុក។ នេះបើយោងតាមការបញ្ជាក់ហេតុផលពីរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា៕