ខ្សែប្រយុទ្ធ Theo Walcott បានធ្វើដំណើរទៅកាន់ទីក្រុង Merseyside និងកំពុងតែពិនិត្យសុខភាពជាមួយនឹងក្លិប Everton មុនពេលបំពេញការផ្ទេរជាផ្លូវការរបស់គេពីក្លិប Arsenal។ នេះបើយោងតាមប្រភពព័ត៌មានពីទូរទស្សន៍ Sky Sports។
Walcott ត្រូវបានគេឃើញដើរចូលទៅកាន់ទីលានហ្វឹកហាត់ Finch Farm របស់ក្លិប Everton កាលពីល្ងាចថ្ងៃអង្គារ ហើយបច្ចុប្បន្នកំពុងតែពិនិត្យសុខភាពមុនពេលការផ្ទេរជាផ្លូវការរបស់គេ ខណៈដែលតម្លៃខ្លួនរបស់ខ្សែប្រយុទ្ធរូបនេះមានចំនួន 20លានផោន (ស្មើនឹង 28លានដុល្លារអាមេរិក)។ កាលពីសប្តាហ៍មុន លោក Sam Allardyce គ្រូបង្វឹករបស់ Everton បានបញ្ជាក់ថា ក្លិបទូកក្តោងមួយនេះ កំពុងតែធ្វើការចរចារឿងផ្សេងៗជាមួយនឹងក្លិប Arsenal ជុំវិញការទិញយក Walcott ដែលបានចូលរួមជាមួយក្លិបកាំភ្លើងធំ ចាប់តាំងពីផ្ទេរចេញពីក្លិប Southampton កាលពីឆ្នាំ2006។
លោក Allardyce បានឱ្យដឹងថា៖ «ល្បឿនរបស់គេ គឺជាចំណុចមួយនៃភាពខ្លាំងរបស់គេ ដែលយើងខ្វះនៅក្នុងក្រុមនេះ។ យើងខ្វះគ្រាប់បាល់ ហេតុនេះ ការបន្ថែមភាពខ្លាំងលើសមត្ថភាពនៃការរកគ្រាប់បាល់របស់យើង គឺជារឿងដ៏សំខាន់សម្រាប់ខ្ញុំ»។ Walcott ដែលបានស៊ុតបាល់បញ្ចូលទី 108គ្រាប់ ក្នុងការប្រកួត 397លើកសម្រាប់ក្រុម Arsenal នោះ គឺជាកីឡាករក្រៅតម្រូវការ នៅឯកីឡដ្ឋាន Emirates ក្រោយពីបានបង្ហាញខ្លួនត្រឹមតែ 16លើកគត់នៅរដូវកាលនេះ។
Southampton ក៏ចង់នាំយកខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេសរូបនេះត្រឡប់ទៅកាន់ក្លិបរបស់ពួកគេផងដែរ ប៉ុន្តែ បច្ចុប្បន្ន វាហាក់បង្ហាញថា Everton បានទទួលជ័យជម្នះក្នុងការចុះហត្ថលេខាជាមួយនឹង Walcott វ័យ 28ឆ្នាំហើយ៕
ប្រភពពី៖ Sky Sports