តាមរយៈការចេញផ្សាយរបស់គេហទំព័រសុខភាពមួយបានឱ្យដឹងថា ជនជាតិចិនបានរកឃើញថា បន្លែតាំងអោ ឬភាសាចិនហៅថា Qinghao Su និងភាសាអង់គ្លេសហៅថា Artemisinin មានសម្បូរទៅដោយសារធាតុ Artemisinin អាចជួយសម្លាប់កោសិកាមេរោគមហារីកសុដន់បានរហូតដល់ទៅ 98% និងអាចជួយប្រយុទ្ធប្រឆាំងជាមួយកោសិកាមហារីកផ្សេងទៀតបានដូចគ្នា នៅក្នុងរយៈពេល 16ម៉ោងតែប៉ុណ្ណោះ។
អ្នកវិទ្យាសាស្ត្រជីវវិទ្យា និងក្រុមអ្នកជំនាញឱសថបុរាណ បានធ្វើស្រាវជ្រាវចំពោះរុក្ខជាតិបន្លែប្រភេទនេះ និងបានអះអាងថា រុក្ខជាតិបន្លែមួយប្រភេទនេះមានសម្បូរទៅដោយសារធាតុ Artemisinin ដល់ទៅ28%ដែលវាមានសមត្ថភាពកម្ចាត់ និងសម្លាប់កោសិកាមហារីកសុដន់ ថែមទាំងបង្អាក់ដំណើរការកកើតរបស់កោសិកាមហារីកបានយ៉ាងល្អប្រសើរផងដែរ។ អ្វីដែលសំខាន់បំផុតនោះគឺសារធាតុនៅក្នុងដើមតាំងអោ មិនបានបង្កឱ្យកើតមានគ្រោះថ្នាក់អាក្រក់ណាមួយចំពោះសុខភាពរបស់យើងឡើយ ជាពិសេសចំពោះកោសិកាដទៃទៀតនៅក្នុងរាងកាយរបស់មនុស្សយើង។
ជាមួយគ្នានេះដែរ ខាងផ្នែកគ្រូថ្នាំបុរាណចិនបានប្រាប់ពីការប្រើប្រាស់ ទទួលទាន និងគុណប្រយោជន៍របស់បន្លែតាំងអោថា អាចចាត់ទុកបានថា រាប់ពាន់ឆ្នាំមកហើយ បន្លែមួយប្រភេទនេះត្រូវបានគេប្រើប្រាស់ជាថ្នាំដែលសម្បូរទៅដោយសារធាតុដែក និងសម្រាប់សម្លាប់ប៉ារ៉ាស៊ីតបានយ៉ាងល្អប្រសើរ។ សារធាតុដែកដែលចូលទៅបន្សំនៅក្នុងកោសិកាមហារីក និងជួយព្យាបាលនិងពន្យារស្ថិរភាពរបស់ជំងឺមហារីក ដែលជាហេតុបណ្ដាលឱ្យកោសិការោគត្រឡប់មកមានភាពដូចធម្មតាឡើងវិញ ហើយក្រៅពីនេះ ការរួមបញ្ចូលខ្លួនរបស់សាធាតុដែក និងសារធាតុ Artemisinin គឺវាមានភាពល្អប្រសើរក្នុងការសម្លាប់កោសិកាមហារីក។ ការលើកឡើងរបស់ក្រុមអ្នកជំនាញផ្នែកសុខភាពនៅទីក្រុង ញូវយ៉ក ក៏បានប្រាប់ថា ដើមតាំងអោ អាចរារាំងការបង្កើតម៉ូលេគុល E2F1 ដែលជាដំណើរការកកើតរបស់កោសិកាមហារីកសុដន់ ថែមទាំងជួយបង្អាក់ការរីកលូតលាស់របស់កោសិកាមហារីកដទៃទៀតបានយ៉ាងល្អទៀតផង។
រហូតមកដល់ពេលបច្ចុប្បន្ននេះ មានមនុស្សជាច្រើននាក់ណាស់ដែលបានមើលរំលងពីគុណប្រយោជន៍របស់បន្លែ “តាំងអោ” ដោយមិនបានដឹងពីតម្លៃរបស់វាចំពោះសុខភាព និងការការពារពីជំងឺមហារីក។ ដើមតាំងអោ មិនត្រឹមតែអាចជួយដល់សុខភាពរបស់យើងឡើយ វាក៏អាចជួយបង្កើនប្រាក់ចំណូលពីការដាំដុះរបស់បងប្អូនប្រជាកសិករផងដែរ ព្រោះថា បន្លែមួយប្រភេទនេះ មានតម្លៃថ្លៃសមរម្យនៅលើទីផ្សារ៕