កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃវេទិកាសេដ្ឋកិច្ចពិភពលោកជាលើកដំបូងមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រនៅថ្ងៃទី10 ខែឧសភា សប្តាហ៍នេះ។ ក្នុងនាមជាម្ចាស់ផ្ទះនៃវេទិកាសេដ្ឋកិច្ចពិភពលោក តើកម្ពុជានឹងទទួលបានអ្វីខ្លះដើម្បីជាប្រយោជន៍ដល់ប្រទេស?
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោក បានមានប្រសាសន៍ថា នេះមិនមែនជាភាពចៃដន្យ ឬជាកិច្ចប្រជុំវិលជុំដូចកិច្ចប្រជុំកំពូលអាស៊ាននោះទេ។ ការដែលគេផ្តល់សិទ្ធិឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលនេះគឺដោយសារប្រទេសកម្ពុជាមានសុខសន្តិភាព និងស្ថិរភាពនយោបាយល្អប្រសើរ ពិសេសមានកំណើនសេដ្ឋកិច្ចថេរជារៀងរាល់ឆ្នាំក្នុងរង្វង់ជាង7%នាអំឡុង2ទសវត្សរ៍កន្លងមកនេះ។ ឯកឧត្តមបានលើកឡើងថា វេទិកានេះនឹងមានថ្នាក់ដឹកនាំ ពាណិជ្ជករ អ្នកប្រាជ្ញា និងសាស្ត្រាចារ្យល្បីៗលើពិភពលោកមកចូលរួម ដោយពួកគេនឹងពិភាក្សាលើប្រធានបទមួយចំនួនដូចជា បញ្ហាយុវជន បច្ចេកវិទ្យា និងកំណើនសេដ្ឋកិច្ច។
ឯកឧត្តមមានប្រសាសន៍ថា៖“ដោយសារតែកម្ពុជាមានកំណើនសេដ្ឋកិច្ចជាង7%ជារៀងរាល់ឆ្នាំ ទើបគេទទួលស្គាល់ និងអនុញ្ញាតឱ្យយើងធ្វើជាម្ចាស់ផ្ទះដើម្បីគេបានរៀនសូត្រពីកម្ពុជា និងអាចដកស្រង់យកបទពិសោធន៍ល្អៗពីគ្នាទៅវិញទៅមកក្នុងន័យថា តើធ្វើដូចម្តេចដើម្បីជួយដល់យុវជនឱ្យពួកគេអាចក្លាយទៅជាអ្នកដឹកនាំដ៏មានសក្តានុពលនៅថ្ងៃអនាគត”។
ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត កៅ គឹមហួនរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ក៏បានប្រាប់ឱ្យដឹងដែរថា វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាននេះ គឺជាឱកាសរបស់កម្ពុជាក្នុងការបង្ហាញមុខមាត់ថ្មីមួយទៀតទៅកាន់ពិភពលោក ពិសេសកម្ពុជានឹងតភ្ជាប់បណ្តាញទំនាក់ទំនងនៅលើពិភពលោកបានកាន់តែច្រើនថែមទៀត។
ឯកឧត្តមបានថ្លែងថា៖“ប្រធានបទដែលនឹងលើកឡើងនេះគឺបានឆ្លុះបញ្ចាំងទៅបច្ចុប្បន្នភាពនៃតម្រូវការ និងអ្វីៗដែលគួរយកចិត្តទុកដាក់ជាអទិភាព ដោយក្នុងនោះរួមមានបញ្ហាយុវជន បច្ចេកវិទ្យា និងកំណើន ដែលកំណើននេះរួមមាន កំណើនសេដ្ឋកិច្ច កំណើនការងារក្នុងតំបន់ កំណើននៃការតភ្ជាប់ទំនាក់ទំនង និងកំណើនផ្សេងៗទៀត”។ វេទិកានេះមានសារសំខាន់ជាច្រើន ទាំងសារសំខាន់ផ្នែកនយោបាយ សេដ្ឋកិច្ច និងការទូត។ វេទិកានេះក៏នឹងមានការជជែកពិភាក្សាគ្នាទៅលើតម្រូវការផ្សេងៗ និងរួមគ្នារកដំណោះស្រាយសម្រាប់អាស៊ាន ក៏ដូចជាពិភពលោកទាំងមូលផងដែរ។
ក្នុងនាមជាម្ចាស់ផ្ទះនៃវេទិកានេះ កម្ពុជាត្រូវគេរំពឹងថានឹងអាចទាក់ទាញវិនិយោគិនពីក្រៅប្រទេសឱ្យចូលមកបណ្តាក់ទុននៅកម្ពុជាបានកាន់តែច្រើនថែមទៀត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការផ្តល់ការងារដល់យុវជនខ្មែរ និងជួយលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែប្រសើរថែមទៀត។ កម្ពុជា គឺជាប្រទេសស្ថិតនៅចំណុចកណ្តាលនៃបណ្តាប្រទេសក្នុងតំបន់អាស៊ាន ដែលនេះគឺជាលក្ខណៈអំណោយផលយ៉ាងខ្លាំងក្នុងការដឹកជញ្ជូនទំនិញ ក៏ដូចជាវត្ថុធាតុដើមផ្សេងៗទៅកាន់ប្រទេសដទៃក្នុងតំបន់ និងពិភពលោក ប៉ុន្តែអ្វីដែលកំពុងរាំងខ្ទប់ក្នុងការទាក់ទាញអ្នកវិនិយោគបរទេសនោះ គឺបណ្តាញផ្លូវថ្នល់ដែលមិនទាន់មានភាពល្អប្រសើរ និងតម្លៃអគ្គិសនីនៅមានកម្រិតខ្ពស់បើធៀបជាមួយប្រទេសជិតខាង។
គួរកត់សម្គាល់ថា បច្ចុប្បន្ននេះប្រជាជននៅក្នុងតំបន់អាស៊ានមានប្រមាណជាង600លាននាក់ ដោយក្នុងនោះ50% ជាយុវជនក្រោមអាយុ30ឆ្នាំ ដែលនេះគឺជាកម្លាំងស្នូលដ៏សំខាន់សម្រាប់អនាគតតំបន់អាស៊ានទាំងមូល។ អាស៊ានបានក្លាយជាទីផ្សារធំលំដាប់ទី3 នៅអាស៊ី និងលំដាប់ទី7 នៅលើពិភពលោក ដែលមានទំហំពាណិជ្ជកម្មធំលំដាប់ទី 4 បន្ទាប់ពីប្រទេសចិន អាល្លឺម៉ង់ និងអាមេរិក៕