តាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់តារាចម្រៀងស្រីប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា ទេព បូព្រឹក្ស នៅពេលថ្មីៗនេះបានឱ្យឃើញថា ភាពផ្អែមល្ហែមជាមួយនឹងគូស្នេហ៍កាន់តែស្អិតល្មួតឡើងៗ បង្ហាញឱ្យមហាជនទូទៅបានដឹងនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក។
បន្ទាប់ពីបានបង្ហាញពីកាដូថ្មីៗជាច្រើនហូរហែនាថ្ងៃខួបកំណើតដែលអ្នកទាំងពីរបានជូនគ្នាទៅវិញទៅមកដូចជា រថយន្ដប្រណីតប្រភេទ MUSTANG និងទូរស័ព្ទដៃមួយគ្រឿងម៉ាក Iphone X តម្លៃជាង 1ពាន់ដុល្លារហើយនោះ ស្រាប់តែថ្មីៗនេះទៀត តារាស្រីរូបនេះបានបង្ហោះសារទារកាដូថ្មីមួយទៀតពីគូស្នេហ៍នាថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ នៅថ្ងៃទី14 ខែកុម្ភៈ ខាងមុខនេះ។
ផ្ដើមចេញពីលោក ងួន ចាន់ដេវីត បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោកទៅកាន់កញ្ញា ទេព បូព្រឹក្ស ដោយបង្ហើបថា លោកស្រឡាញ់ និងចង់បានទូរស័ព្ទដៃទំនើបម៉ាក Huawei Mate 10 Pro ពីកញ្ញា ទេព បូព្រឹក្ស។ បន្ទាប់បានឃើញសាររបស់តារាចម្រៀងប្រុសរូបនេះរួចហើយ កញ្ញា បូព្រឹក្ស ក៏បានតបទៅវិញថា «Okay បានចាស! តែដល់ថ្ងៃទី14/02 ខ្ញុំសុំ Huawei មួយវិញដែរ ពណ៌អីក៏បាន hehehheheh….»៕