Skip to content

ឆ្នាំ2017 កំណើន GDP ប្រជាជន​កម្ពុជា​ម្នាក់​មាន​ចំនួន1,434 ដុល្លារ

ស្ថិតក្នុង​បរិស្ថាន​អំណោយផល​ពី​កំណើនសេដ្ឋកិច្ច​ពិភពលោក សេដ្ឋកិច្ចកម្ពុជា​បាន​កើនឡើង​ប្រមាណ​ជា6.9% នៅ​ឆ្នាំ2017 ទាប​ជាង​ឆ្នាំ2016 បន្តិច​ចំនួន7.0%។ កត្តា​នេះ​បានធ្វើឱ្យ​កំណើន​ផលិតផល​សរុប​ក្នុងស្រុក(GDP)កើនឡើង​ប្រមាណ​ជា 89ទ្រី​លាន​រៀល ស្មើនឹង22ប៊ី​លាន​ដុល្លារ​អាមេរិក​ដែលនាំឱ្យ​ចំណូល​សម្រាប់​ប្រជាជន​ម្នាក់​កើនឡើង​ដល់1,434ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ2017កន្លងទៅ។

ឯកឧត្តម ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​មានប្រសាសន៍​នៅក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ2017 និង​លើក​ទិសដៅ​ការងារ​ឆ្នាំ 2018កាលពី​សប្តាហ៍​មុន​ឱ្យដឹងថា កំណើន​នេះ​ត្រូវបាន​គាំទ្រចម្បងៗដោយ​កំណើន​វិស័យ​កាត់ដេរ សំណង់ និង​ទេសចរណ៍​រឹងមាំ​ស្រប​ពេលដែល​ចលនា​នៃ​ពិពិធ​កម្ម​ផលិតផល និង​គោលដៅ​នាំចេញ​កំពុង​ត្រូវបាន​លើកកម្ពស់។

វិស័យ​កសិកម្ម​មាន​ស្ថាន​ភាពល្អ​ជាង​ឆ្នាំ​កន្លងទៅ ដោយមាន​កំណើន​ប្រមាណ​ជា1.5% ធៀប​នឹង​ឆ្នាំ2016មាន​ចំនួន1.4% បន្ទាប់ពី​មាន​កំណើន​ទាប​បំផុត​នៅ​ឆ្នាំ2015 គឺ​ចំនួន0.2%ក្នុងអំឡុងពេល 10ឆ្នាំ​ចុងក្រោយ ប៉ុន្តែ​នៅតែ​បន្ត​រួមចំណែក​តិចតួច​ក្នុង​កំណើន​ផលិតផល​ក្នុងស្រុក​សរុប(GDP)0.3%។

កំណើន​នេះ​សម្រេចបាន​ដោយ​សារភាព​អំណោយផល​ជាង​មុន​នៃ​កត្តា​អាកាសធាតុ និង​ការកើនឡើង​នៃ​ផលិតកម្ម​ដំណាំ ជាពិសេស​ស្រូវ និង​ជលផល គួបផ្សំ​នឹង​ការបង្កើន​ចំណាយ​លើ​វិស័យនេះ​របស់​រដ្ឋាភិបាល​ដែល​កើនឡើង17% និង​លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស​កើនឡើង4%។ បរិមាណ​ស្រូវ​ដែលមាន​ចំណែក​ធំធេង​ក្នុង​វិស័យ​កសិកម្ម 59% បាន​កើនឡើង6.6% ដល់​ប្រមាណ860ពាន់​តោន ធៀប​នឹង4%ក្នុង​ឆ្នាំ2016 ហើយ​ផល​នេសាទ​មាន​កំណើន​ប្រហាក់ប្រហែល​នឹង​ឆ្នាំ2016 ក្នុង​អត្រា7%។

ចំណែក​វិស័យ​ឧស្សាហកម្ម​សម្រេចបាន​កំណើន 10.5% គាំទ្រ​ជា​ចម្បង​ដោយ​កំណើន​ក្នុង​វិស័យ​កាត់ដេរ រួមចំណែក1.4%នៃ​កំណើន​GDP វិស័យ​សំណង់​រួមចំណែក1.5%នៃ​GDP និងការរួមចំណែកច្រើនជាងមុននៃផលិតផលឧស្សាហកម្មមិនមែនសម្លៀកបំពាក់។ ក្នុងវិស័យកាត់ដេរ ការនាំចេញសម្លៀកបំពាក់សមាមាត្រ64%នៃការនាំចេញសរុបបានកើនដល់ប្រមាណជិត6ប៊ីលានដុល្លារអាមេរិកមានល្បឿនកំណើន8% យឺតជាងឆ្នាំមុនបន្តិច9% ខណៈដែលការនាំចេញស្បែកជើង សមាមាត្រ8% នៃការនាំចេញសរុបបានកើនឡើងគួរឱ្យកត់សម្គាល់ដល់ប្រមាណ 700លានដុល្លារជាមួយនឹងអត្រាកំណើន 25% ធៀបនឹងពេលវេលាដូចគ្នា 16%។

កំណើននៃការនាំចេញសម្លៀកបំពាក់បានគាំទ្រដោយការកើនឡើងនៃការនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក2% ធៀបនឹងកំណើនអវិជ្ជមានឆ្នាំមុន9% និងប្រទេសជប៉ុនកើន15% ទោះជាការនាំចេញទៅកាន់ទីផ្សារសហភាពអឺរ៉ុបដែលជាទីផ្សារធំជាងគេរបស់កម្ពុជាថយចុះ16%ក៏ដោយ។ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ប្រាក់ឈ្នួលអប្បបរមាកើនឡើងជាមធ្យម 9% ដល់ 153ដុល្លារអាមេរិកក្នុងឆ្នាំ2017 ក៏ប៉ុន្តែការកើនឡើងនៃប្រាក់ឈ្នួលអប្បបរមានេះហាក់មិនទាន់មានផលប៉ះពាល់គួរឱ្យកត់សម្គាល់ទៅលើវិស័យកាត់ដេរនៅឡើយទេ។

កំណើនវិនិយោគបរទេសគួបផ្សំនឹងការធ្វើសមាហរណកម្មខ្សែចង្វាក់ផលិតកម្ម កម្ពុជាក៏ចាប់ផ្តើមបង្កើនការនាំចេញផលិតផលឧស្សាហកម្មមិនមែនវាយនភណ្ឌ ដូចជាគ្រឿងបន្លាស់អេឡិចត្រូនិក គ្រឿងបរិក្ខារ និងបន្លាស់យានយន្តជាដើម។  រោងចក្រចក្ខុវិស័យកម្មន្តសាលមិនមែនវាយនភណ្ឌបានកើនឡើងដល់ចំនួន127 ស្មើនឹង8%នៃចំនួនរោងចក្រសរុបក្នុងឆ្នាំ2012 ស្របពេលដែលការនាំចេញផលិតផលក្នុងវិស័យនេះកើនដល់454លានដុល្លារដែលមានកំណើន74% ធៀបនឹងរយៈពេលដូចគ្នា។ ការនាំចេញផលិតផលនេះមានសមាមាត្រស្មើនឹងប្រមាណ 8% នៃការនាំចេញសរុប។

នៅក្នុងវិស័យសំណង់ ការហូរចូលនៃការវិនិយោគ និងកំណើនតម្រូវការ ជាពិសេសប្រជាជន ដែលមានចំណូលមធ្យមបានរួមចំណែកជំរុញឱ្យវិស័យនេះបន្តមានកំណើនខ្ពស់ ប៉ុន្តែក្នុងល្បឿនយឺតជាងមុន។ បើពិនិត្យមើលលើសូចនាករដែលបង្ហាញពីកំណើននៃវិស័យសំណង់ឃើញថា ការនាំចូលសម្ភារសំណង់មានការកើនឡើង36% យឺតជាងឆ្នាំមុន42% ដោយសារសំណង់ភាគច្រើនបានឈានដល់ការបញ្ចប់គម្រោងដែលបណ្តាលឱ្យការនាំចូលសម្ភារបរិក្ខារប្រើប្រាស់ផ្សេងៗ ដូចជាម៉ាស៊ីនត្រជាក់ និងម៉ាស៊ីនភ្លើងជាដើមបានកើនឡើងជាបន្តបន្ទាប់ ជាមធ្យមក្នុងអត្រា40%។ ម្យ៉ាងទៀតកំណើនក្នុងវិស័យសំណង់ក៏បានរួមចំណែកគាំទ្រដោយកំណើនឥណទានចំពោះវិស័យនេះដែលបន្តមានកម្រិតខ្ពស់ក្នុងអត្រា35% ប្រហាក់ប្រហែល នឹងកម្រិតជាមធ្យម5ឆ្នាំចុងក្រោយនេះ ទោះបីកំណើនឥណទានជារួមបានថមថយក៏ដោយ។

ចំពោះវិស័យសេវាកម្មមានកំណើន6.2% គាំទ្រដោយកំណើនភ្ញៀវទេសចរអន្តរជាតិដែលកើនឡើងដល់5.5លាននាក់ជាមួយនឹងអត្រាកំណើន12% ខ្ពស់ជាង2ដងនៃកំណើនមធ្យមក្នុងរយៈពេល3ឆ្នាំចុងក្រោយ6%។ ចំណូលពីវិស័យទេសចរណ៍បានកើនដល់3.8ប៊ីលានដុល្លារអាមេរិក មានកំណើន17% ដែលរួមចំណែកដោយកំណើនខ្ពស់នៃភ្ញៀវទេសចរចិន46% ឡាវ48% ជប៉ុន7% ខណៈភ្ញៀវទេសចរមកពីប្រទេសដែលធ្លាប់រួមចំណែកធំបានថយចុះវិញ ដូចជាប្រទេសវៀតណាម-15% កូរ៉េខាងត្បូង-3% និងថៃ-5%៕

Leave a Reply

Your email address will not be published. Required fields are marked *