កាលណានិយាយពីសក់ គឺអ្នកនឹងនឹកឃើញទៅដល់ស្បែកភ្លាម ដែលពណ៌សម្បុរស្បែកអាស្រ័យទៅលើកោសិកាស្បែកម្យ៉ាងឈ្មោះថា មេឡាណូសាយ។ មានន័យថា កោសិកាស្បែកមេឡាណូសាយនេះឱ្យពណ៌ទាំងស្បែក ទាំងសក់ដូចគ្នា។ ម្យ៉ាងទៀតលោកអ្នកដែលមានសក់ពណ៌ខ្មៅ ឬសក់ពណ៌ផ្សេងទៀតដូចជា ពណ៌ក្រហមស្លេកមានតាំងពីកំណើតមក គឺអាស្រ័យទៅតាមហ្សែនដែលមាននៅក្នុងខ្លួនរបស់បុគ្គលម្នាក់។
ដូចនេះគេអាចកំណត់ពីមូលហេតុសក់ស្កូវមុនអាយុបានតាមរយៈចំណុចមួយចំនួនដូចជា ៖
- មេតាប៉ូលីស៖ ការប្រែប្រួលរបស់មេតាប៉ូសលីស ដែលបំប្លែងសារធាតុប្រូតេអីុន ជាតិស្ករ ជាតិខ្លាញ់ និងបំប្លែងសារធាតុផ្សេងៗទៀតនៅក្នុងខ្លួន បណ្ដាលឱ្យពណ៌សក់មានការប្រែប្រួលខុសពីពណ៌សក់ធម្មជាតិ។
- ការប្រើប្រាស់ឱសថ៖ ការទទួលទានឱសថមួយចំនួនដូចជា ឱសថព្យាបាលជំងឺមហារីក ជំងឺគ្រុនចាញ់ ឬប្រើប្រាស់ឱសថ ដើម្បីបន្ថយសម្ពាធឈាមក៏ជាកត្ដាធ្វើឱ្យសក់មានការស្លក់ពណ៌បន្ដិចម្ដងៗរហូតសក់ប្រែពណ៌ទៅជាស្កូវ។
- ការកង្វះវីតាមីន៖ ភាពកង្វះវីតាមីនមួយចំនួនដូចជា កង្វះវីតាមីន B12 និងកង្វះជាតិដែកជាដើមក៏ជាមូលហេតុធ្វើឱ្យសក់ស្លក់ពណ៌ដែរ។
- បញ្ហាលើស្បែក៖ ស្បែកមានជំងឺដូចជា កើតឃ្លង់ល្ពៅនៅលើស្បែកនៅត្រង់កន្លែងណាធ្វើឱ្យស្បែកកន្លែងនោះប្រែពណ៌ទៅជាសស្លែតដោយសារកោសិកាស្បែក មេឡាណូសាយ មកពាក់ព័ន្ធ ហើយបណ្ដាលឱ្យស្បែក និងសក់ប្រែពណ៌ខុសពីធម្មជាតិ។
វិធីបង្ការសក់ស្កូវមុនអាយុ
ដោយសារអ្នកបានដឹងពីមូលហេតុមួយចំនួននៃសក់ស្កូវមុនអាយុ អ្នកក៏អាចទប់ស្កាត់កុំឱ្យកើតឡើងបានដែរ។ លោកអ្នកមិនត្រូវបណ្ដាលឱ្យមានកង្វះជាតិដែក និងជាតិស្ករនៅក្នុងខ្លួននោះទេ។ មិនត្រូវទទួលទានឱសថណាដែលប៉ះពាល់ដល់សរសៃសក់ធ្វើឱ្យមានការប្រែប្រួលពណ៌សក់ឡើយ ហើយត្រូវទទួលទានអាហារដែលមានវីតាមីន និងប្រូតេអីុនឱ្យបានគ្រប់គ្រាន់។
ត្រូវការពារស្បែកកុំឱ្យមានបញ្ហាដូចជា កើតឃ្លង់ល្ពៅ កើតជំងឺ ឬរោគសើស្បែកផ្សេងៗ ព្រោះវាអាចធ្វើឱ្យកោសិកាស្បែក មេឡាណូសាយ មានពាក់ព័ន្ធ បណ្ដាលឱ្យស្បែកស្លក់ពណ៌ ក៏ដូចជាធ្វើឱ្យសក់មានការប្រែប្រួលពណ៌ផងដែរ៕