ចាប់តាំងពីដើមឆ្នាំ2017រហូតមក ពិធីការិនីនិងជាតារាសម្ដែងម្ដងម្កាល កញ្ញា ថន លក្ខិណាត្រូវបានគេសម្លឹងឃើញថា បានបង្កើនប្រជាប្រិយភាពរបស់ខ្លួនខ្លាំងទ្វេដង រួមជាមួយនឹងការទទួលបានការងារជាច្រើនកាន់កាប់ក្នុងដៃ ជាពិសេស បន្ទាប់ពីជាប់ឈ្មោះជាតារាតំណាងឱ្យផលិតផលតែបៃតងអីុឈីតាន់ ក៏ដូចជាពិធីការិនីនៅស្ថានីយទូរទស្សន៍ហង្សមាស។ ជាមួយនឹងការបង្កើនភាពល្បីល្បាញ និងមានការងារមមាញឹកខាងលើនេះ ពិធីការិនីដែលមានស្រុកកំណើតនៅឯខេត្តកោះកុងម្នាក់នេះមានឱកាសកើបលុយបានយ៉ាងសន្ធឹកសន្ធាប់ រហូតភ្លេចខ្លួនមានជំងឺដោយបញ្ហាឈឺក្រពះដែលតម្រូវឱ្យមានការពិនិត្យ និងព្យាបាលយ៉ាងយកចិត្តទុកដាក់បំផុត។
ក្រោយពីបានក្លាយខ្លួនជាតារាតំណាងផលិតផលតែបៃតងអីុឈីតាន់ភ្លាម ថន លក្ខិណា បានក្លាយទៅជាពិធីការិនីលំដាប់កំពូលមួយរូបដែលមានកម្មវិធីកាន់កាប់ក្នុងដៃយ៉ាងច្រើន រួមជាមួយនឹងការទទួលបានប្រាក់ចំណូលកប់ក្តោងរាប់ម៉ឺនដុល្លារក្នុងមួយខែៗរហូតភ្លេចគិតពីសុខភាព បណ្ដែតបណ្តោយឱ្យកើតមានជំងឺដោយបញ្ហាក្រពះ។
ដោយមិនមានការលាក់បាំង ថន លក្ខិណា បានប្រាប់ឱ្យដឹងថា “ជំងឺក្រពះនេះបានកើតមានជាយូរណាស់មកហើយ គ្រាន់តែកាលពីមុនវាមិនសូវធ្វើទុក្ខខ្លាំង។ គ្រូពេទ្យប្រាប់ថា វាបណ្តាលមកពីការទទួលទានមិនទៀងទាត់។ មែនបង…ភាគតិចណាស់ដែលបានញាំុបាយទាន់ពេល ជូនកាលបាយថ្ងៃត្រង់របស់ខ្ញុំ គឺម៉ោង3 ឬម៉ោង4ល្ងាច ក៏មានដែរ ឬពេលខ្លះញាំុបាយល្ងាចជំនួសបាយថ្ងៃត្រង់ក៏មានដែរ។ កញ្ញា បានបន្តទៀតថា “ពេលវាធ្វើទុក្ខម្ដងៗពិបាកទ្រាំណាស់ ហើយពេលនេះគ្រូពេទ្យឱ្យញាំុថ្នាំជាប់ជាប្រចាំ ហើយកំណត់ឱ្យមានពេលសម្រាកគ្រប់គ្រាន់ និងត្រឹមត្រូវ ជាពិសេស ត្រូវយកចិត្តទុកដាក់ញាំុបាយឱ្យទៀងពេលវិញ។ យ៉ាងណាក៏ដោយ លក្ខិណា ក៏បានបញ្ជាក់ផងដែរថា សម្រាប់ជំងឺក្រពះដែលតែងធ្វើទុក្ខជាញឹកញាប់នេះ នាងមិនបានប្រាប់ឱ្យអ្នកម្ដាយជាទីស្រឡាញ់របស់នាងបានដឹងនោះឡើយ ខណៈដែលអ្នកម្តាយរូបនេះក៏មានបញ្ហាសុខភាពមិនសូវរឹងមាំផងដែរនោះ។
គួរកត់សម្គាល់ផងដែរថា កញ្ញា ថន លក្ខិណា នាពេលបច្ចុប្បន្ននេះបានក្លាយទៅជាពិធីការិនីឈានមុខ ដែលស្ថិតនៅលំដាប់កំពូល និងមានកម្មវិធីជាច្រើនកាន់នៅក្នុងដៃ រាប់ទាំងការងារជាពិធីការិនីប្រចាំនៅស្ថានីយទូរទស្សន៍ CTN ក៏ដូចជាស្ថានីយទូរទស្សន៍ហង្សមាស ដែលមានកម្មវិធីតន្ត្រីកម្សាន្ត អីុឈីតាន់ និងតន្ត្រីខារ៉ាបាវប្រចាំសប្ដាហ៍ រួមជាមួយនឹងការប្រគំតន្ត្រីទេសចរណ៍តាមបណ្តាខេត្តក្រុងរៀងរាល់សប្ដាហ៍ផងដែរ។ បន្ថែមពីនេះនៅមានកម្មវិធីជាលក្ខណៈឯកជនផ្សេងៗជាច្រើនទៀត ដូចជា ការសម្ពោធក្រុមហ៊ុន និងការបង្ហាញផលិតផលថ្មីជាដើម៕