ប៉ៃលិនគឺជាខេត្តមួយដែលមានសក្តានុពលខ្លាំងក្នុងការដាំដុះដើមឈើហូបផ្លែ ជាពិសេសដំណាំមៀនដែលកំពុងចែកចាយយ៉ាងផុលផុសនៅលើទីផ្សារក្នុងស្រុក។ ដើម្បីលើកកម្ពស់កសិផលក្នុងស្រុក រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងពាណិជ្ជកម្មបានស្នើសុំឱ្យប្រទេសចិនទទួលយកផ្លែមៀនពីកម្ពុជាទៅបំពេញទីផ្សារបស់ខ្លួនបន្ថែមទៀត បន្ទាប់ទីផ្សារអង្ករ។
ក្នុងជំនួបជាមួយប្រតិភូកសិកម្មចិនដែលដឹកនាំដោយលោក ហ៊ី ជៀនយ៉ាង (He Jianxiang) អគ្គនាយករងទទួលបន្ទុកការិយាល័យកែច្នៃផលិតផលកសិកម្មនៃក្រសួងកសិកម្មប្រទេសចិន ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាបានស្នើភាគីចិនឱ្យធ្វើការអភិវឌ្ឍចង្វាក់តម្លៃបន្ថែមសម្រាប់ដំណាំដំឡូងមី និងផ្លែមៀនប៉ៃលិនដើម្បីពង្រីកការនាំចេញផលិតផលទាំងពីរនេះឱ្យបានអតិបរមា។
ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍បន្ថែមអំពីអត្ថប្រយោជន៍នៃដំឡូងមីដែលជាដំណាំអាទិភាពទី2 និងមានសក្តានុពលនាំចេញខ្ពស់របស់កម្ពុជាបន្ទាប់ពីដំណាំស្រូវ ព្រមទាំងផ្លែមៀនប៉ៃលិន ដែលជាដំណាំឈើហូបផ្លែមានតម្រូវការខ្ពស់នៅលើទីផ្សារ។
ឯកឧត្តមបានគូសបញ្ជាក់ថា កម្ពុជាកំពុងចងក្រងគោលនយោបាយដំឡូងមី និងដំណាំផ្សេងៗរួមទាំងមៀនប៉ៃលិនដើម្បីជំរុញការអភិវឌ្ឍចង្វាក់តម្លៃ និងការនាំចេញសំដៅធ្វើពិពិធកម្មវិស័យការងារជូនប្រជាជន និងកាត់បន្ថយភាពក្រីក្រ។ ឯកឧត្ដមមានប្រសាសន៍ថា “កម្ពុជាមានដីអំណោយផលសម្រាប់វិស័យកសិកម្ម ជាពិសេសដំឡូងមី និងដំណាំមៀននៅខេត្តប៉ៃលិន ហើយយើងចង់សហការជាមួយវិនិយោគិនចិនដើម្បីកែច្នៃផលិតផលទាំងពីរនេះសំដៅនាំចេញទៅកាន់ប្រទេសចិនដោយផ្ទាល់ ដោយពុំចាំបាច់ឆ្លងកាត់ប្រទេសទីបីដូចពេលបច្ចុប្បន្ន។
ជាការឆ្លើយតប លោក ហ៊ី ជៀនយ៉ាង បានសន្យានឹងយកសំណើនេះទៅពិភាក្សាឱ្យបានស៊ីជម្រៅ និងសិក្សាបន្ថែមអំពីលទ្ធភាពសហការវិនិយោគលើការអភិវឌ្ឍចង្វាក់តម្លៃនៃផលិតផលទាំងពីរ គឺដំឡូងមី និងផ្លែមៀនប៉ៃលិន និងដំណាំសក្តានុពលផ្សេងៗទៀតរបស់កម្ពុជា ដូចជា ពោត ស្រូវ និងស្វាយជាដើម។
ទន្ទឹមគ្នានេះដែរ លោក ហ៊ឺ ជៀនយ៉ាង ក៏បានជម្រាបទៅឯកឧត្តមរដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជាដែរថា លោកនឹងលើកយកសំណើនេះទៅពិភាក្សាជាមួយរដ្ឋមន្ត្រីកសិកម្មចិនដែលនឹងអញ្ជើញអមដំណើរឯកឧត្តម លី កឺឈាំង (Li Keqiang) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិនដែលនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានៅដើមសប្តាហ៍ក្រោយនេះ។
ទាក់ទងនឹងព័ត៌មាននេះលោកប៊ុន ថេង កសិករដាំមៀននៅខេត្តប៉ៃលិនមានប្រសាសន៍ថា លោករីករាយណាស់ដែលរដ្ឋាភិបាលកំពុងស្វែងរកទីផ្សារជូនកសិករដាំមៀនដូច្នេះ។ លោកបន្តថា ដោយសារទីផ្សារមៀនក្នុងស្រុកមានតម្រូវការខ្ពស់ លោកបានដាំសាកល្បងនៅលើផ្ទៃដីទំហំត្រឹម1ហិកតាប៉ុណ្ណោះហើយនៅពេលទទួលបានផល ផ្លែមៀនរបស់លោកមិនខ្វះទីផ្សារនោះទេ គឺមានម៉ូយមកទទួលទិញដល់ទីកន្លែងតែម្តង ហើយលោកថា បើសិនផ្លែមៀនប៉ៃលិនត្រូវបានរដ្ឋាភិបាលចិននាំចូលទៅទីផ្សាររបស់ខ្លួនទៀតផងនោះ លោកនឹងពង្រីកចម្ការមៀនឱ្យកាន់តែធំជាងនេះថែមទៀត។
សូមបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគីសរុបរវាងចិន និងកម្ពុជាបានកើនឡើងយ៉ាងឆាប់រហ័សជាមធ្យម26%ក្នុងរយៈពេល10ឆ្នាំចុងក្រោយ។ កាលពីឆ្នាំ2016 ប្រទេសទាំងពីរសម្រេចបានទំហំពាណិជ្ជកម្មដល់ទៅ4,800លានដុល្លារអាមេរិក ក្នុងនោះការនាំចេញរបស់កម្ពុជាមានទឹកប្រាក់ 830លានដុល្លារ និងនាំចូល 3,900លានដុល្លារ។ ចិនគឺជាប្រទេសវិនិយោគធំជាងគេនៅកម្ពុជាដែលគិតត្រឹមឆ្នាំ2017 វិនិយោគរបស់ចិនមានចំនួន 5,000,100លានដុល្លារ លើវិស័យមួយចំនួន ដូចជាកម្មន្តសាល សំណង់ វាយនភណ្ឌ និងអគ្គិសនី។ ដោយឡែកភ្ញៀវទេសចរចិនដែលមកកម្ពុជាបានកើនដល់83ម៉ឺននាក់នៅក្នុងឆ្នាំ 2017 គឺបានកើនឡើង 20% បើធៀបនឹងឆ្នាំ2016។ នៅក្នុងឆ្នាំ2018នេះ ចិនក៏បានយល់ព្រមឱ្យកម្ពុជានាំចូលអង្ករ 30ម៉ឺនតោនផងដែរ៕