ក្រុម Manchester United បានទុករឿងការប្រជែងទិញខ្សែប្រយុទ្ធ Alexis Sanchez របស់ក្លិប Arsenal មួយឡែកសិន ដើម្បីកត់ត្រាជ័យជម្នះយ៉ាងកក់ក្តៅក្នុងលទ្ធផល 3-០ លើក្រុម Stoke នាកីឡដ្ឋាន Old Trafford កាលពីថ្ងៃចន្ទ។
ខ្សែបម្រើ Antonio Valencia និងខ្សែប្រយុទ្ធ Anthony Martial សុទ្ធសឹងបានរកគ្រាប់បាល់បញ្ចូលទីដូចគ្នានៅតង់ទី1 ហើយ Romelu Lukaku បានបន្ថែម 1គ្រាប់ទៀតនៅតង់ទី2 ខណៈដែលលោក Jose Mourinho បានផ្តួលក្រុម Stoke ជាលើកទី1 ក្នុងនាមជាអ្នកចាត់ការទូទៅរបស់ក្រុម Man United ក្នុងចំណោមការជួបគ្នា 4លើក។
ប៉ុន្តែ ការបង្ហាញពីទម្រង់លេងរបស់ Man United ពីការប្រកួតនេះមានការខ្ជះខ្ជាយឱកាសជាច្រើន និងនៅតែបង្ហាញឲ្យឃើញថា លោក Mourinho ត្រូវតែបន្ថែមតារាឆ្នើម Sanchez របស់ក្លិប Arsenal ចូលក្នុងក្រុមរបស់លោក អំឡុងពេលនៃការដោះដូរកីឡាករនៅខែមករានេះ បើទោះបីជាបានកាត់បន្ថយពិន្ទុនាំមុខរបស់ក្រុម Manchester City នៅលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League មកនៅត្រឹម 12ពិន្ទុក៏ដោយ។
ខ្សែបម្រើដ៏មានឥទ្ធិពល Paul Pogba របស់ Man United បានប្រាប់ទូរទស្សន៍ Sky Sports ថា៖ «ពិតណាស់ យើងឃើញ Manchester City កំពុងតែនាំមុខយើង ហើយពួកគេបានរងបរាជ័យ។ ពួកគេកំពុងតែនាំមុខ ហេតុនេះ យើងតែងតែចង់តាមពួកគេឲ្យទាន់ ហេតុនេះ វាជារឿងល្អដែរដែលពួកគេបានរងបរាជ័យ ហេតុនេះ សម្រាប់យើង យើងត្រូវតែគិតអំពីខ្លួនយើង»៕
ប្រភពពី៖ Channel News Asia