Skip to content

គម្រោង​ចំនួន 3 ទៀត​ទទួលបាន​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ពី ADB

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលជា​ដៃគូ​អភិវឌ្ឍន៍​ហិរញ្ញវត្ថុ​ធំ​មួយ​របស់​កម្ពុជា​បានសម្រេច​ផ្តល់​ហិរញ្ញប្បទាន​ចំនួន180 លាន​ដុល្លារ​ក្នុង​ឆ្នាំ2018 ដល់​កម្ពុជា​សម្រាប់​អនុវត្ត​នូវ​គម្រោង​ចំនួន 3ដើម្បី​អភិវឌ្ឍ​វិស័យ​គមនាគមន៍​ដឹកជញ្ជូន ការកាត់បន្ថយ​ភាពក្រីក្រ និង​បណ្តាញ​ទឹកស្អាត​តាម​បណ្តា​ខេត្ត​នានា។

ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោក Samiuela T. Tukuafu នាយក​ស្ថាន​តំណាង​ធនាគារអភិវឌ្ឍន៍អាស៊ី​ប្រចាំ​កម្ពុជា បាន​ចុះហត្ថលេខា​លើ​អនុស្សរណ​យោគយល់​គ្នា​លើ​គម្រោង​ដែល​បាន​ឯកភាពគ្នា កាលពី​ថ្ងៃទី9 ខែមករា ឆ្នាំ2018។

ក្នុង​ពិធី​ចុះហត្ថលេខា​នៅឯ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឯកឧត្តម​ទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានចាត់ទុក​កម្ចី​ហិរញ្ញប្បទាន​នោះ​ថា​នឹង​ដើរតួនាទី​ដ៏​សំខាន់​ក្នុងការ​រួមចំណែក​អភិវឌ្ឍ​កម្ពុជា សំដៅ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន និង​បែងចែក​ផ្លែផ្កា​នៃ​កំណើន ប្រកបដោយ​សមធម៌​ដល់​ប្រជាជន​កម្ពុជា តាមរយៈ​ការបន្ត​ធានា​សម្រេច​ឱ្យបាន​នូវ​ចីរភាព​នៃ​កំណើនសេដ្ឋកិច្ច​ក្នុង​រយៈពេល​វែង។

គម្រោង​ទាំង 3 ដែលមាន​ទឹកប្រាក់​សរុប 180លាន​ដុល្លារ​អាមេរិក​នោះ រួមមានៈ1- គម្រោង​កែលម្អ​បណ្តាញ​ផ្លូវជាតិ​មួយចំនួន​ដែល​គ្រោង​ចំណាយ​ថវិកា​សរុប​ចំនួន​ប្រមាណ 76,94 លាន​ដុល្លារ​អាមេរិក​ដោយ ADB នឹង​ផ្តល់​ហិរញ្ញប្បទាន​ប្រមាណ 70 លាន​ដុល្លារ សម្រាប់​កែលម្អ​កំណាត់​ផ្លូវជាតិ​លេខ1 និង​លេខ6 ប្រវែង​ប្រមាណ 147 គ.ម។ ទី2- គឺ​គម្រោង​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​តាម​ខេត្ត​មួយចំនួន ដែល​គ្រោង​ចំណាយ​ថវិកា​សរុប​ប្រមាណ 119 លាន​ដុល្លារ​អាមេរិក ដោយ ADB នឹង​ផ្តល់​ហិរញ្ញប្បទាន​ប្រមាណ 50 លាន​ដុល្លារ​អាមេរិក

ក្រៅពីនោះ​ជា​ហិរញ្ញប្បទាន​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន​ចំនួន 10លាន​ដុល្លារ​អាមេរិក ព្រមទាំង​ថវិកា​នៅសល់​ជា​ហិរញ្ញប្បទាន​ពី​រដ្ឋាភិបាល និង​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា។

ទី3- គឺ​គម្រោង​កាត់បន្ថយ​ភាពក្រីក្រ និង​អភិវឌ្ឍន៍​កសិកម្ម​ខ្នាតតូច​នៅ​តំបន់​ទន្លេសាប ដោយ​ធនាគារអភិវឌ្ឍន៍អាស៊ី​នឹង​ផ្តល់​ទឹកប្រាក់ 50លាន​ដុល្លារ​សម្រាប់​គម្រោង​នេះ រួម​នឹង​ឥណទាន​សម្បទាន 10 លាន​ដុល្លារ​ពី​មូលនិធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍ​កសិកម្ម (IFAD) និង​ការចូលរួម​បដិភាគ​ប្រមាណ 6លាន​ដុល្លារ​ពី​រដ្ឋាភិបាល។

គិត​មកទល់នឹង​ពេលនេះ ADB បានផ្តល់​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​សរុប​ប្រមាណ 2.750លាន​ដុល្លារ​អាមេរិក ដោយ​គិត​បញ្ចូល​ទាំង​គម្រោង 3 នេះ​ផងដែរ។ យោងតាម​ព្រឹត្តិបត្រ​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​បានឱ្យដឹងថា វិស័យ​សំខាន់​ចំនួន 10 ដែល​គ្របដណ្តប់​លើ​គម្រោង​ចំនួន 359 របស់​កម្ពុជា​ធ្លាប់ប្រើ​ប្រាស់​ធនធាន​ហិរញ្ញវត្ថុ​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី រួមមាន ៖ វិស័យ​កសិកម្ម ធនធានធម្មជាតិ និង​អភិវឌ្ឍន៍ជនបទ វិស័យ​អប់រំ វិស័យ​ថាមពល វិស័យ​ហិរញ្ញវត្ថុ វិស័យ​សុខាភិបាល វិស័យ​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម ការគ្រប់គ្រង​វិស័យ​សាធារណៈ វិស័យ​ដឹកជញ្ជូន ទឹក និង​ហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំង​សេវា​ដទៃទៀត​នៅ​តំបន់​ទីក្រុង និង​ពហុ​វិស័យផ្សេងៗទៀត។

ធនាគារអភិវឌ្ឍន៍អាស៊ី បាន​ហៅ​ប្រទេស​កម្ពុជា​ថា​ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន​លឿន​ជាងគេ​នៅ​អាស៊ីអាគ្នេយ៍​ក្នុង​រយៈពេល 5 ឆ្នាំ​ចុង​ក្រោយនេះ។ កំណើនសេដ្ឋកិច្ច​បាន​ជួយ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រទេស​កម្ពុជា​ពី47.8% ក្នុង​ឆ្នាំ2007 មក​នៅ 13.5% ក្នុង​ឆ្នាំ2014។ ទោះបីជា​បែបនេះ​ក្តី ក៏​ប្រជាជន​កម្ពុជា​រហូតដល់​ទៅ 70% នៅ​បន្ត​រស់នៅ​ជាមួយនឹង​ចំណូល​ក្រោម 3 ដុល្លារ​ក្នុង​មួយថ្ងៃ​ដដែល។

យោងតាម​ព្រឹត្តិបត្រ​សមាជិក​របស់​ធ​នាគារ​អភិវឌ្ឍន៍អាស៊ី​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន​បានចេញ​ផ្សាយ​ថា កម្ពុជា​បាន​ប្រើប្រាស់​ទឹកប្រាក់​ដែល​ទទួលបាន​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី សម្រាប់​គម្រោង​សរុប​ចំនួន 359ដោយ​មិន​បួ​កប​ញ្ជូ​ល​គម្រោង 3 ថ្មី​នេះ​ទេ ចាប់តាំងពី​ឆ្នាំ​នៃ​ការភ្ជាប់​ទំនាក់ទំនង​នឹង​គ្នា​ឡើងវិញ រហូតដល់​ឆ្នាំ2016៕

Leave a Reply

Your email address will not be published. Required fields are marked *