ក្លិបបិសាចក្រហម Manchester United ហាក់កំពុងតែស្ថិតយ៉ាងប្រកៀកក្នុងការចុះហត្ថលេខាជាមួយនឹង Alexis Sanchez របស់ក្លិប Arsenal កាលពីថ្ងៃចន្ទ ខណៈដែលក្លិបជាគូប្រជែងក្នុងតំបន់តែមួយរបស់ពួកគេ Manchester City បានបញ្ចប់ការចាប់អារម្មណ៍របស់ពួកគេក្នុងការទិញតារាឆ្នើមអន្តរជាតិស៊ីលីរូបនេះហើយ។
Sanchez វ័យ 29ឆ្នាំ ហាក់ដូចជាបានលេងការប្រកួតជាលើកចុងក្រោយរបស់គេរួចហើយសម្រាប់ក្រុម Arsenal ខណៈដែលលោក Arsene Wenger ដែលជាអ្នកចាត់ការទូទៅ បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា ការផ្ទេររបស់គេអាចនឹងត្រូវប្រកាសក្នុងរយៈពេល 48ម៉ោងទៀត។
ស្របពេលជាមួយគ្នានេះ មានព័ត៌មានថ្មីមួយចេញផ្សាយថា ក្លិប Chelsea ក៏បានបោះជំហានដើម្បីប្រជែងការចុះហត្ថលេខាជាមួយនឹង Sanchez ពីក្លិប Arsenal ផងដែរ ក្រោយពីបានរៀបចំការពិភាក្សាផ្សេងៗរួចមក។ ក្លិប Manchester United ដែលបានបញ្ជាក់យ៉ាងច្បាស់រួចជាស្រេចថា ពួកគេត្រៀមផ្តល់តម្លៃខ្លួន 35លានផោន (ស្មើនឹង 48លានដុល្លារអាមេរិក) តាមការស្នើសុំរបស់ក្លិប Arsenal ខណៈដែលក្លិប Man City ហាក់មានការស្ទាក់ស្ទើរក្នុងការចំណាយប្រាក់លើតម្លៃខ្លួននេះ។
Sanchez អាចនឹងចង់បន្តនៅក្នុងទីក្រុងឡុងដ៍ច្រើនជាង ក្រោយពីរូបគេបានច្រានចោលការផ្ទេរទៅកាន់ក្លិប Liverpool កាលពីឆ្នាំ 2014 ដោយសារតែហេតុផលរឿងទីតាំងភូមិសាស្ត្រ។ ប៉ុន្តែក្រុមរបស់លោក Jurgen Klopp មួយនេះ ក៏ទាក់ទងជាមួយនឹងខ្សែប្រយុទ្ធ Sanchez វ័យ 28ឆ្នាំនៅពេលនោះផងដែរ៕
ប្រភពពី៖ Worldsoccertalk