មនុស្សគ្រប់គ្នាលើពិភពលោកសុទ្ធតែមានមុខមាត់ខុសគ្នា មានស្ថានភាពនៃការរស់នៅ និងបរិស្ថានខុសគ្នា តែមានរឿងមួយដែលត្រូវតែស្មើគ្នា ហើយមិនអាចប្រកែកបាននោះគឺពេលវេលា។ មនុស្សណាក៏មានពេលវេលាមិនច្រើនជាង 24ម៉ោងក្នុងមួយថ្ងៃដែរ តែក្នុងរយៈពេលដូចគ្នានេះ មនុស្សអាចបង្កើតបាននូវលទ្ធផលខុសគ្នា ហេតុនេះហើយទើបជាទូទៅគេមើលឃើញថា ការគ្រប់គ្រងពេលវេលា គឺជារឿងសំខាន់សម្រាប់ការកំណត់ជោគវាសនាមនុស្ស។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកស្រី ឡាយ សុធានី ជាប្រធានប្រតិបត្តិនៃវិទ្យាស្ថានម្ហូបអាហារកម្ពុជា បានលើកឡើងថា ការគ្រប់គ្រងពេលវេលាឱ្យបានច្បាស់លាស់គឺជារឿងដែលសំខាន់ខ្លាងណាស់សម្រាប់ប្រជាជនខ្មែរ ជាពិសេស គឺយុវវ័យដែលកំពុងសិក្សានៅមហាវិទ្យាល័យ ព្រោះថា យើងអាចធ្វើរឿងលើសពីមួយក្នុងពេលតែមួយបាន ប្រសិនបើយើងអាចបែងចែកពេលវេលាបានត្រឹមត្រូវ ហើយយើងក៏អាចទទួលបានលទ្ធផលល្អផងដែរប្រសិនបើយើងដឹងច្បាស់ថាពេលណាយើងត្រូវធ្វើអ្វីនោះ។
លោកស្រី ឡាយ សុធានី បាននិយាយថា ៖“ដើម្បីបែងចែកពេលវេលាឱ្យបានល្អ ដើម្បីធ្វើការងារច្រើនប្រភេទក្នុងពេលតែមួយនោះ យើងត្រូវបែងចែក និងដឹងខ្លួនឱ្យច្បាស់ពីតួនាទីរបស់ខ្លួនថាពេលណាយើងត្រូវដើរតួជាអ្នកគ្រប់គ្រង ឬអ្នកធ្វើការ ពេលណាយើងត្រូវដើរតួជាសិស្ស ពេលណាយើងត្រូវដើរតួជាម្តាយ ឬជាសមាជិកគ្រូសារ។
លោកស្រី សុធានី បានបន្ថែមទៀតថា នៅពេលដែលយើងបែងចែកពេលវេលា និងតួនាទីច្បាស់ យើងនឹងអាចមានភាពងាយស្រួលក្នុងការអនុវត្ត និងថ្លឹងថ្លែងពីកាតព្វកិច្ចរបស់យើងឱ្យរឿងគ្រប់យ៉ាងទទួលបានលទ្ធផលល្អ។ ក្រៅពីនេះ យើងត្រូវតែអភិវឌ្ឍខ្លួនឯងជាប់ជានិច្ច ដោយចាប់ផ្តើមពីបែងចែកតួនាទីដែលខ្លួន ត្រូវធ្វើឱ្យក្លាយជាមនុស្សដែលមានការផ្តោតសំខាន់ (Focus) លើរឿងទាំងអស់នោះ រហូតដល់យើងអាចទទួលបានពិន្ទុល្អលើគ្រប់ពេលវេលា ទាំងក្នុងការងារ ការសិក្សា និងគ្រួសារ។
លោកស្រី ឡាយ សុធានី បានបញ្ជាក់ផងដែរថា នៅពេលមួយដែលចាប់ផ្តើមការសិក្សានៅសាកលវិទ្យាល័យដំបូងលោកស្រីមានការលំបាកខ្លាំងព្រោះថាត្រូវចេញពីធ្វើការ ហើយទៅរៀនថ្នាក់អនុបណ្ឌិត បន្ទាប់មកទើបត្រូវត្រឡប់ទៅផ្ទះ ដែលត្រូវមានតួនាទីជាអ្នកធ្វើការងារផង ជាសិស្សផង និងជាម្តាយផង តែក្រោយពេលដែលលោកស្រីបានចាប់ផ្តើមកំណត់ពីចំណុចអាទិភាពដែលត្រូវធ្វើ (Job description) ច្បាស់លាស់ហើយ លោកស្រីក៏អាចធ្វើវាបានដោយរលូន។
លោក ម៉េង ពុទ្ធី បុគ្គលិកក្រុមហ៊ុនឯកជន និងជាអ្នកធ្វើការងារស្ម័គ្រចិត្តក្នុងគម្រោងធំៗជាមួយយុវជន បានលើកឡើងថា ការគ្រប់គ្រងពេលវេលាគឺពិតជាសំខាន់ ហើយអាចធ្វើឱ្យយើងក្លាយជាមនុស្សដែលស្ថិតក្រោមការគ្រប់គ្រងបានល្អ តែអ្វីដែលសំខាន់គឺមនុស្សម្នាក់ៗចេះគ្រប់គ្រងវាបានកម្រិតណា ហើយអនុវត្តបានល្អកម្រិតណាដែរ។
តាមពិតទៅមនុស្សម្នាក់ៗអាចប្រើប្រាស់សក្តានុពលរបស់ខ្លួននៅក្នុងចន្លោះថ្ងៃនីមួយៗបានច្រើនណាស់ តែពេលខ្លះមកពីយើងមិនទាន់ចេះលៃពេលទាំងអស់នោះឱ្យទៅជាតម្លៃ ហើយក៏បណ្តោយឱ្យវារំលងផុតទៅជារៀងរាល់ថ្ងៃជាមួយនឹងលទ្ធផលដដែល។ ការពិចារណាពីការប្រើប្រាស់ពេលវេលាអាចធ្វើឱ្យយើងទទួលបាននូវរឿងជាច្រើនសម្រាប់ជីវិត ព្រោះថា ប្រសិនបើយើងប្រើប្រាស់ពេលវេលាដោយការហ្វឹកហាត់ខ្លួនឯងនៅក្នុងបរិស្ថានដែលស្វាហាប់ និងល្អិតល្អន់ យើងនឹងទទួលបានលទ្ធផលខ្ពស់ជាងមនុស្សធម្មតាដែលធ្វើការងារដើម្បីតែឱ្យចប់ភារកិច្ចប្រចាំថ្ងៃ ហើយគាត់នឹងអាចមើលឃើញដោយខ្លួនឯងនៅពេលដែលគាត់ធ្វើការដល់ចុងខែហើយក្រឡេកមើលសម្មិទ្ធផលក្នុងខែនីមួយៗរបស់ខ្លួន។ ក្រៅពីនេះ មនុស្សម្នាក់ៗក៏អាចប្រើប្រាស់ពេលវេលារបស់ខ្លួនដែលសេសសល់ដើម្បីជួបមនុស្សថ្មីៗដើម្បីទទួលយកយោបល់បន្ថែមមកអភិវឌ្ឍសមត្ថភាព និងការរស់នៅរបស់ខ្លួនផងដែរ។
លោក ម៉េង ពុទ្ធី បាននិយាយថា ៖ “មនុស្សជាច្រើនគិតថាការធ្វើការងារច្រើនក្នុងមួយថ្ងៃៗគឺជារឿងលំបាក តែតាមពិតវាមិនប្រាកដទាំងស្រុងនោះទេ វាអាស្រ័យលើការគ្រប់គ្រងផ្ទាល់របស់សាមីខ្លួន ថាតើយើងបានរៀបចំវាបានច្បាស់លាស់ និងល្អិតល្អន់កម្រិតណា។
លោក ពុទ្ធី បានលើកឡើងផងដែរថា ការធ្វើការងារជាក់ស្តែង និងការបែងចែកពេលវេលាមិនខុសពីការរស់នៅប្រចាំថ្ងៃប៉ុន្មាននោះទេ នៅពេលដែលយើងហាត់ប្រាណមនុស្សគ្រប់គ្នាអាចនឹងគិតថាហត់ តែប្រសិនបើយើងមិនបានហាត់ប្រាណគ្រប់គ្រាន់ រាងកាយយើងនឹងទន់ខ្សោយ និងប្រាកដជាមានបញ្ហាសុខភាពជាក់ជាមិនខាន ហេតុនេះការបែងចែកពេលវេលាឱ្យមានតុល្យភាពគឺជារឿងសំខាន់ដែលអាចធ្វើឱ្យមនុស្សគ្រប់គ្នាក្លាយជាមនុស្សខ្លាំងបាន។
ស្ថាបនិកគម្រោងបណ្តុះបណ្តាលធនធានមនុស្សជំនាន់ថ្មីរបស់កម្ពុជាដែលមានឈ្មោះថា អនន្ត និងជាបុគ្គលិកដែលកំពុងបំពេញការងារក្នុងក្រុមហ៊ុនឯកជនផ្នែកទំនាក់ទំនងសាធារណៈមួយ លោក ម៉ៅ គង្គារ បានលើកឡើងថា មនុស្សម្នាក់ៗកើតមកជាមួយនឹងធម្មជាតិដែលមានច្បាប់ធម្មជាតិត្រឹមត្រូវ ហេតុនេះការរស់នៅគឺចាំបាច់ត្រូវតែមានក្រឹត្យក្រមដូចគ្នា។ ជាទូទៅ ប្រសិនបើមនុស្សណាម្នាក់បណ្តោយពេលវេលារបស់គាត់ច្រើនពេក និងមិនដឹងថាខ្លួនឯងត្រូវធ្វើអ្វី នោះគាត់នឹងក្លាយជាមនុស្សដែលបណ្តោយឱ្យរបស់ដែលមានតម្លៃបំផុតរំលងផុតទៅ។ ពេលវេលា គឺមិនអាចត្រឡប់មក ក្រោយវិញនោះទេ តែជីវិតរបស់យើងផ្ទាល់អាចមានពេលឡើង និងពេលចុះ ហេតុនេះការយកចិត្តទុកដាក់ ជាមួយនឹងការកំណត់ពេលវេលាជាក់លាក់អាចជាចំណុចគន្លឹះមួយក្នុងការជំរុញមនុស្សឱ្យមានការរស់នៅប្រកបដោយអត្ថន័យ និងប្រយោជន៍ខ្ពស់សម្រាប់ខ្លួនឯង និងសង្គម។
លោក ម៉ៅ គង្គារ បាននិយាយបន្ថែមទៀតថា ៖ “ក្រោយពេលដែលយើងរៀបចំពេលវេលាបានល្អហើយយើងនឹងអាចរកឃើញពីពេលវេលាមួយចំនួនសម្រាប់ខ្លួនឯងក្នុងការរៀនអនុវត្ត និងប្រើពេលវេលា ទាំងនោះទៅបន្តចែករំលែកដល់មនុស្សជំនាន់ថ្មី”៕