តាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់លោក មាតុចក្រ ដែលបានបញ្ចេញបទចម្រៀង “ធ្មប់-Ost Song The Witch 2018” នាអំឡុងពេលថ្មីៗនេះ គេសង្កេតឃើញថា សម្ទុះនៃការគាំទ្រ និងភាពអន្ទះសាចង់ទស្សនាខ្សែភាពយន្តខ្នាតធំប្រចាំឆ្នាំ 2018 មួយនេះកាន់តែកើនឡើង។ ដោយឡែកបទចម្រៀង “ធ្មប់” ដែលបានបកស្រាយដោយតារាចម្រៀងស្រី លាង សុផាឡែន ក្រោមស្នាដៃនិពន្ធរបស់លោក ស្វាយ លីម៉េង នាខណៈម៉ោងនេះ ពេលនេះកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង និងមានអ្នកចូលទស្សនាបានរហូតទៅដល់ជាង 5 ម៉ឺនដងហើយ។
សូមជម្រាបបន្ថែមថា កញ្ញា លាង សុផាឡែន មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា នាងមិនសូវមានបទចម្រៀង ឬចេញបទថ្មីនៅក្នុងផលិតកម្ម Pleng Record នោះទេ ជាហេតុធ្វើឱ្យមជ្ឈដ្ឋានមហាជនអ្នកគាំទ្ររូបនាងទន្ទឹងរង់ចាំនូវបទចម្រៀងរបស់នាងអស់រយៈពេលជាយូរមកហើយ។ ស្របពេលដែលតារាស្រីរូបនេះបានចេញបទចម្រៀងនៅក្នុងខ្សែភាពយន្តខ្នាតធំរឿង “ធ្មប់” នេះមក ក៏បានបង្កជាភាពភ្ញាក់ផ្អើលដល់ទស្សនិកជន និងលាន់មាត់សរសើរថា នាងមានបច្ចេកទេសការប្រើប្រាស់សំឡេងច្រៀងបានយ៉ាងប្រសើរបំផុត ព្រោះថា បទនេះភាគច្រើនត្រូវប្រើសំឡេងច្រៀងច្រើនតុង និងច្រើនទំនុក។
គួរបញ្ជាក់ផងដែរថា បទចម្រៀង “ធ្មប់-Ost Song The Witch 2018” មានអត្ថន័យជ្រាលជ្រៅ ប្រសិនបើប្រិយមិត្តទស្សនិកជនបានទស្សនាឱ្យដល់ទីបញ្ចប់នោះ នឹងបានដឹងពីអត្ថន័យខ្លឹមសារ និងការបកស្រាយនៅនាទីចុងក្រោយ គឺនាទីទី 3.44 វិនាទីចុងក្រោយនៃចម្រៀងនោះតែម្ដង។ គួររំឭកផងដែរថា ខ្សែភាពយន្ដខ្នាតធំប្រចាំឆ្នាំ 2018 រឿង “ធ្មប់” នេះនឹងធ្វើការដាក់បញ្ចាំងចាប់ពីថ្ងៃទី 25 ខែមករា ឆ្នាំ2018 ខាងមុខនេះតទៅហើយ ក្រោមស្នាដៃដឹកនាំរឿងរបស់អ្នកដឹកនាំរឿងល្បីគឺរឿង “ខ្មោចដើមចេកជ្វា” និងរឿង “វិកលចរិត”។
សូមរីករាយកម្សាន្ដស្ដាប់បទ ” ធ្មប់ ” បកស្រាយដោយកញ្ញា លាង សុផាឡែន ខាងក្រោមនេះ៖