យោងតាមការចេញផ្សាយរបស់គេហទំព័របច្ចេកវិទ្យាល្បីៗរបស់ពិភពលោកជាច្រើនបានឱ្យដឹងថា ក្រុមហ៊ុន Samsung គ្រោងនឹងបង្ហាញកំពូលស្មាតហ្វូនដ៏អស្ចារ្យថ្មីមួយនៅក្នុងព្រឹត្តិការណ៍ CES 2018 នៅទីក្រុង Las Vegas សហរដ្ឋអាមេរិក ហើយវាក៏ជាស្មាតហ្វូនបំពាក់ដោយអេក្រង់អាចបត់ចុះឡើងបានផងដែរ។
សារព័ត៌មាន Phone Arena បានចេញផ្សាយថា ស្មាតហ្វូននោះមានឈ្មោះថា Galaxy X ហើយនឹងបំពាក់នូវបច្ចេកវិទ្យាជាចុងក្រោយបំផុតរបស់ Samsung ប៉ុន្តែតាមការបញ្ជាក់បន្ថែម ស្មាតហ្វូនមួយនេះ នៅមិនទាន់ផលិតឡើងនោះទេ ពោលគឺទើបតែបង្កើតជារូបរាងគំរូប៉ុណ្ណោះ។
ប្រភពជិតស្និទ្ធមួយចំនួនបានបង្ហើបឱ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងមួយនេះ បានផ្ញើនូវរូបភាពគំរូប Galaxy X ទៅដល់ដៃគូសំខាន់ៗជាច្រើន ប៉ុន្តែសម្រាប់ព័ត៌មានលម្អិតនោះ មិនត្រូវបានលេចធ្លាយនោះទេ។
គួរបញ្ជាក់ផងដែរថា លោក DJ Koh អគ្គនាយកទទួលបន្ទុកអាជីវកម្មទូរស័ព្ទចល័តរបស់ Samsung ធ្លាប់បានបង្ហើបប្រាប់ថា ក្រុមហ៊ុនមានគម្រោងបង្កើតស្មាតហ្វូនអេក្រង់អាចបត់ចុះឡើងបាន នៅក្នុងឆ្នាំ 2019 ដូច្នេះមានន័យថា នៅក្នុងឆ្នាំ 2018 នេះ ក្រុមហ៊ុន Samsung នឹងត្រូវផលិតស្មាតហ្វូនអេក្រង់បត់ចុះឡើងបាន ដើម្បីចេញផ្សាយនៅក្នុងឆ្នាំ 2019៕