លោក Arsene Wenger បានបញ្ជាក់ថា Alexis Sanchez អាចនឹងចាកចេញពីក្លិប Arsenal ក្នុងរយៈពេល48ម៉ោងទៀត ប៉ុន្តែ ការរកកីឡាករម្នាក់មកជំនួសក៏អាចនឹងកើតឡើងក្នុងពេលបើកទីផ្សារដោះដូរកីឡាករនាខែមករានេះ ផងដែរ។
Sanchez មិនបានធ្វើដំណើរជាមួយនឹងក្រុម Arsenal សម្រាប់ការប្រកួតរបស់ពួកគេនៅលើទឹកដីក្រុម Bournemouth ឡើយ ខណៈដែលក្លិប Manchester United ត្រូវបានរំពឹងទុកថា នឹងផ្តួលគូប្រជែងរបស់ខ្លួនគឺ Manchester City ដើម្បីចុះហត្ថលេខាជាមួយនឹងកីឡាកររូបនេះ។ នេះបើយោងទៅតាមប្រភពរបស់ទូរទស្សន៍ Sky Sports។
ខ្សែប្រយុទ្ធអន្តរជាតិស៊ីលីរូបនេះ ដែលបានហ្វឹកហាត់កាលពីថ្ងៃសៅរ៍ នៅជាប់កិច្ចសន្យារយៈពេល6ខែទៀត ហើយលោក Wenger ហាក់យល់ព្រមក្នុងការបាត់បង់កីឡាកររូបនេះ នៅមុនពេលទីផ្សារដោះដូរកីឡាករបិទ នៅថ្ងៃទី31 ខែមករា ខាងមុខនេះ។ ក្នុងពេលពន្យល់ពីការអវត្តមានរបស់ Sanchez មុនពេលចាប់ផ្តើមប្រកួត លោក Wenger បានប្រាប់ទូរទស្សន៍ Sky Sports ថា ខ្សែប្រយុទ្ធរូបនេះកំពុងតែមិនច្បាស់ពីអនាគតរបស់គេ ប៉ុន្តែ ដំណោះស្រាយនឹងត្រូវរកឃើញក្នុងពេលឆាប់ៗនេះ។
លោក Wenger បានឲ្យដឹងថា៖ «វានឹងត្រូវកាត់សេចក្តីក្នុងរយៈពេល48ម៉ោងទៀត។ វាពិតជាលំបាកបន្តិចហើយសម្រាប់ Alexis ក្នុងការលេងនៅ Bournemouth ពីព្រោះរូបគេកំពុងតែរង់ចាំ។ នោះគឺជាមូលហេតុដែលខ្ញុំមិនប្រើប្រាស់រូបគេ»។ Man United បានបញ្ជាក់ពីការត្រៀមលក្ខណៈរួចរាល់របស់ពួកគេក្នុងការផ្តួលក្រុម Man City ដើម្បីទិញយក Sanchez និងដើម្បីផ្តល់ប្រាក់ចំណូលច្រើនជាងក្រុម Man City៕
ប្រភពពី៖ Sky Sports