នេះជាលើកទី១ហើយដែលកីឡាការិនីប្រណាំងកង់មួយរូបដែលត្រូវបានគេស្គាល់ថាជាកីឡាការិនីប្រណាំងកង់ដ៏ឆ្នើមរបស់កម្ពុជាបានបន្តជ័យជម្នះរបស់ខ្លួនមួយទៀតនាឆ្នាំ ២០១៧នេះ ដោយបានក្លាយជាកំពូលអ្នកជិះកង់ (King of the mountain) ប្រចាំព្រឹត្តិការណ៍ប្រណាំងកង់អន្តរជាតិលើកទី១នៅកំពូលភ្នំបូកគោ។
ស្ត្រីដែលលេងកីឡាប្រណាំងកង់ល្អជាងគេនៅក្នុងប្រទេសកម្ពុជា អ្នកស្រី ហេង ស៊ីវឡាងបានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមកីឡាការិនីមកពី៨ប្រទេសផ្សេងទៀតជុំវិញពិភពលោកដែលបានចូលរួមការប្រកួតកីឡាប្រណាំងកង់អន្តរជាតិកម្រិតអាជីពលើកដំបូងលើភ្នំបូកគោដែលទើបតែបញ្ចប់កាលពីពេលថ្មីៗនេះ។
ក្រោយឆ្លងកាត់ការប្រកួតអស់រយៈពេល២ថ្ងៃចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែឧសភា នៅលើកំពូលភ្នំបូកគោ កីឡាការិនី ហេង ស៊ីវឡាង បានក្លាយជាម្ចាស់ជើងឯកលើវិញ្ញាសាជិះកង់ពីជើងភ្នំមកកំពូលភ្នំចម្ងាយ៣០គីឡូម៉ែត្រ និងជិះចម្ងាយ៥១គីឡូម៉ែត្រ។ ជ័យជម្នះនេះបានធ្វើឲ្យកីឡាការិនី ហេង ស៊ីវឡាង ក្លាយជាកំពូលអ្នកជិះកង់ (King of the mountain) ប្រចាំព្រឹត្តិការណ៍ប្រណាំងកង់អន្តរជាតិលើកទី១នៅកំពូលភ្នំបូកគោ។
កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៦ការប្រណាំងកង់រយៈចម្ងាយ៣២គីឡូម៉ែត្រ ដោយកំណត់ការប្រើពេលវេលាប្រណាំងជិះពីក្រោមឡើងមកលើភ្នំនោះ អ្នកស្រី ស៊ីវឡាងបានយកឈ្នះកីឡាការិនី៥រូបដែលបានចូលរួម ដែលមាន កម្ពុជា ម៉ាឡេស៊ី និងថៃហើយក្នុងនោះមានកីឡាការិនីម្នាក់ ជាជម្រើសជាតិរបស់ប្រទេសម៉ាឡេស៊ីបានចូលរួមប្រកួតជាមួយអ្នកស្រីផងដែរ ប៉ុន្តែមិនអាចយកឈ្នះអ្នកស្រីបានឡើយ និងជាមួយគ្នានោះមានកីឡាការិនីថៃម្នាក់បានបោះបង់សិទ្ធិប្រកួតនៅក្នុងថ្ងៃប្រកួត។
ថ្ងៃចុងក្រោយនៃការប្រកួតរយៈចម្ងាយ ៥១គីឡូម៉ែត្រផ្នែកនារីកាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៧ ដោយត្រូវជិះពីលើភ្នំចុះក្រោមព័ទ្ធជុំវិញ រួចឡើងមកលើភ្នំវិញ ជ័យជម្នះលេខ១ក៏បានទៅលើកីឡាការិនី ហេង ស៊ីវឡាង មកពីក្រុម Flying Bikes ប្រើរយៈពេល១ម៉ោង ៣២នាទី ៤៩វិនាទី លេខ២ បានទៅលើកីឡាការិនី ហេង សៀវហ្គិច មកពីក្រុម Fly Bikes ប្រើពេល១ម៉ោង ៤១នាទី ៤៣វិនាទី និងលេខ៣ កីឡាការិនី Lim Pek Yen មកពីប្រទេសម៉ាឡេស៊ីដែលជាជម្រើសជាតិនោះ ប្រើពេល១ម៉ោង៤១នាទី១វិនាទី។
បូកសរុបលទ្ធផលទាំងពីរថ្ងៃ គណៈកម្មការខ្មែរ និងម៉ាឡេស៊ី ដែលរៀបចំការប្រកួតបានវាយតម្លៃឱ្យអ្នកនាង ហេង ស៊ីវឡាង ជាប់ជយលាភីលេខ១ នៃការប្រណាំងកង់អន្តរជាតិលើភ្នំបូកគោប្រចាំឆ្នាំ២០១៧។
ជានារីស្រឡាញ់ការប្រណាំងកង់ម្នាក់ និងលើកមុខមាត់ប្រទេសជាតិយើងបានបង្ហើបថា “សម្រាប់ការប្រណាំងកង់លើភ្នំនេះជួបការលំបាកច្រើន ដូចជាធ្វើឱ្យតឹងជើង ជាដើម។ ដូច្នេះមុនការប្រកួត ត្រូវធ្វើការហ្វឹកហាត់រយៈពេលប្រហែលមួយអាទិត្យ ឬពីរអាទិត្យសម្រាប់ទឹកដីលើភ្នំនេះយ៉ាងហោចឱ្យបានពីរបីដងដែរ ទើបធ្វើឱ្យសាច់ដុំជើងមិនឈឺ និងស៊ាំជើង។ តាមធម្មតាផ្លូវឡើងភ្នំខ្ញុំមិនសូវពូកែប៉ុន្មានទេ ប៉ុន្តែខ្ញុំបានហ្វឹកហាត់ប៉ុន្មានដងដែរ ទើបស៊ាំ មិនសូវពិបាកប៉ុន្មាន»។
សូមរំឭកថា អ្នកស្រី ហេង ស៊ីវឡាង ធ្លាប់ដណ្តើមបានជយលាភីលេខ១ក្នុងការប្រណាំងកង់លើភ្នំបូកគោក្នុងចម្ងាយ៣២គីឡូម៉ែត្រកាលពីឆ្នាំ២០១៣។ អ្នកស្រីក៏បានក្លាយជាម្ចាស់ជយលាភីលេខ១ ក្នុងការជិះចម្ងាយ១១៧គីឡូម៉ែត្រ ក្នុងការប្រកួតប្រណាំងកង់ដើម្បីកុមារលើកទី១១ ឆ្នាំ២០១៦ផងដែរ។
កម្មវិធីប្រកួតប្រណាំងកង់បើកទូលាយម៉ាឡេស៊ីឆ្នាំ២០១៦ចម្ងាយផ្លូវ១០៥គីឡូម៉ែត្រដែលមានកីឡាករ កីឡាករិនីចូលរួមសរុបប្រមាណ៣,០០០នាក់ អ្នកស្រីហេង ស៊ីវឡាង បានឈ្នះជយលាភីលេខ១ផ្នែកនារីដោយប្រើពេល២ម៉ោង ៤២នាទី។ ក្នុងកម្មវិធីប្រណាំងកង់របស់ម៉ាឡេស៊ីនេះដដែល អ្នកស្រីបែរជាទទួលបានត្រឹមចំណាត់ថ្នាក់លេខ៤ ប៉ុណ្ណោះកាលពីដើមឆ្នាំ២០១៧។
កាលឆ្នាំ២០១៥ ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី២៨ នៅប្រទេសសិង្ហបុរី អ្នកស្រីបានឈរនៅចំណាត់ថ្នាក់លេខ២ និងលេខ៣ រួចទៅហើយ ប៉ុន្តែដោយសារគ្រោះអកុសល អ្នកស្រីមិនឈ្នះលេខ១បានដោយសារមកពីកីឡាការិនីជនជាតិវៀតណាមមានចេតនាជិះកៀរឲ្យអ្នកស្រីដួលទើបមិនអាចយកមេដាយមាសមកជូនជាតិបាននៅពេលនោះ។
កន្លងមកថ្មីៗនេះ អ្នកស្រីទើបតែត្រឡប់មកពីហ្វឹកហាត់នៅប្រទេសប្រទេសកូរ៉េក្រោមការជួយជ្រោមជ្រែងរបស់គណៈកម្មការជាតិអូឡាំពិកកម្ពុជា និង សហព័ន្ធកីឡាប្រណាំងកង់ដើម្បីចង់ឱ្យកីឡាការិនីហេង ស៊ីវឡាង អាចដណ្តើមបានមេដាយមាស ជូនជាតិក្នុងព្រឹត្តិការណ៍ SEA GAME ២០១៧ នៅប្រទេសម៉ាឡេស៊ី នាពេលខាងមុននេះ៕