ក្រុម Liverpool បានធ្វើឱ្យក្រុម Manchester City រងបរាជ័យជាលើកទី1របស់ពួកគេក្នុងក្របខ័ណ្ឌ Premier League នារដូវកាលនេះ ខណៈដែលក្រុមហង្សក្រហមមួយនេះ បានកត់ត្រាជ័យជម្នះក្នុងលទ្ធផល 4-3 កាលពីថ្ងៃអាទិត្យ ដើម្បីបង្ហាញថា ពួកគេនៅតែមានភាពខ្លាំងបើទោះបីលេងដោយគ្មានតារាឆ្នើម Philippe Coutinho ក៏ដោយ។
ក្រុម Man City បានធ្វើដំណើរទៅកាន់កីឡដ្ឋាន Anfield ដោយការមិនស្គាល់ចាញ់សោះក្នុងការប្រកួត30លើកនៃក្របខ័ណ្ឌកំពូលរបស់អង់គ្លេស និងត្រូវបានរំពឹងទុកថា នឹងក្លាយជាក្រុមម្ចាស់ជើងឯក ស្របពេលមានការលើកឡើងថា ពួកគេអាចនឹងបញ្ចប់រដូវកាលទាំងមូលនេះ ដោយការមិនស្គាល់ចាញ់សោះទៀតផង។
ប៉ុន្តែ រយៈពេល90នាទីក្រោយមក ក្រុមរបស់លោក Pep Guardiola បានជួបការខកចិត្ត ក្រោយពីរងបរាជ័យក្នុងការប្រកួតពានក្នុងស្រុកជាលើកទី1របស់ពួកគេ ចាប់តាំងពីចាញ់ក្រុម Arsenal ក្នុងការប្រកួតពាន FA Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រម្ដង កាលពីរដូវកាលមុន។ Man City បានចាញ់ទាំងប្រផិតប្រផើយ ខណៈដែលក្រុមរបស់លោក Jurgen Klopp បានបង្ហាញពីទម្រង់លេងយ៉ាងល្អឥតខ្ចោះដើម្បីលុបចោលនូវការព្រួយបារម្ភថា ពួកគេអាចនឹងត្រដាបត្រដួស ក្រោយពីការលក់ខ្សែបម្រើប្រយុទ្ធអន្តរជាតិប្រេស៊ីល Coutinho ទៅឲ្យក្លិប Barcelona។
លោក Guardiola គ្រូបង្វឹករបស់ Man City បានឲ្យដឹងថា៖ «ក្រោយពីគ្រាប់បាល់ទី2 ពួកគេបានស៊ុតបាល់បញ្ចូលទី2គ្រាប់ទៀតក្នុងចន្លោះពេលត្រឹមតែ3 ទៅ4នាទីប៉ុណ្ណោះ ហើយវាពិតជាលំបាកណាស់ក្នុងការស្រោចស្រង់ឡើងវិញ។ ក្នុងរាល់សន្និសីទសារព័ត៌មានទាំងអស់កាលពីប៉ុន្មានខែមុន គេបាននិយាយថា ក្របខ័ណ្ឌ Premier League បញ្ចប់ហើយ តែខ្ញុំតែងតែនិយាយថា មិនទាន់ទេ វានៅតែត្រូវធ្វើឲ្យបញ្ចប់»។ ស្របពេលជាមួយគ្នានេះ ការរីករាយរបស់ក្រុម Liverpool មានភាពផ្ទុយគ្នាស្រឡះទៅនឹងអារម្មណ៍របស់លោក Arsene Wenger ក្រោយពី Arsenal ចាញ់ក្នុងលទ្ធផល 2-1 នៅលើទឹកដីក្រុម Bournemouth៕
ប្រភពពី៖ Worldsoccertalk