Neymar និង Paris Saint-Germain នឹងវិលទៅកាន់ការប្រជែងរបស់ពួកគេឆ្ពោះទៅកាន់ការឈ្នះពានក្របខ័ណ្ឌ Ligue 1 របស់បារាំង ក្រោយពីការសម្រាករយៈពេល 3សប្តាហ៍នារដូវរងា នៅពេលដែលពួកគេធ្វើដំណើរទៅជួបក្រុម Nantes ដែលឈរលេខ5 នៅចុងសប្តាហ៍នេះ។
PSG នឹងធ្វើដំណើរទៅកាន់ទឹកដីក្រុម Nantes ក្រោយពីបានកត់ត្រាជ័យជម្នះ 6 -1 លើក្រុម Rennes ក្នុងការប្រកួតពាន French Cup និងបន្ទាប់ពីបានកត់ត្រាជ័យជម្នះ 2-0 លើក្រុម Amiens កាលពីពាក់កណ្តាលសប្តាហ៍នេះដើម្បីឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពាន League Cup។ Neymar បានរកគ្រាប់បាល់បញ្ចូលទីក្នុងពេលក្រុមខ្លួនដណ្តើមបានជ័យជម្នះទាំងពីរលើកនោះ ប៉ុន្តែ ខ្សែប្រយុទ្ធ Edinson Cavani ដែលជាអ្នករកបានគ្រាប់បាល់ច្រើនជាងគេក្នុងក្របខ័ណ្ឌលីក បានអវត្តមានក្រោយវិលពីការសម្រាកនៅថ្ងៃបុណ្យណូអែល និងចូលឆ្នាំថ្មីរបស់គេក្នុងប្រទេសអ៊ុយរូហ្គាយ យឺតពេល។
ខ្សែបម្រើអន្តរជាតិអាហ្សង់ទីន Javier Pastore ក៏ត្រូវបានមើលរំលងសម្រាប់ការប្រកួតកាលពីថ្ងៃពុធ ផងដែរ ក្រោយពីវិលពីការសម្រាកវិស្សមកាលរបស់គេយឺតពេលដូចគ្នា ខណៈដែលកីឡាករទាំងពីរ ត្រូវបានចាត់ទុកថា មិនទាន់ត្រៀមលក្ខណៈរួចរាល់ដោយលោកគ្រូបង្វឹក Unai Emery។ ខ្សែការពារ Thiago Silva ដែលជាប្រធានក្រុមរបស់ PSG បានបង្កើតឱ្យមានភាពស្រពេចស្រពិលជុំវិញអនាគតរបស់ Pastore នៅឯក្លិបនេះ នៅពេលដែលរូបគេបាននិយាយថា៖ «ខ្ញុំជឿជាក់ថា Pastore បានប្រាប់ក្លិបថា រូបគេចង់ចាកចេញ ប៉ុន្តែទីបំផុត ពួកគេមិនអាចឈានដល់ការព្រមព្រៀងគ្នាណាមួយនៅឡើយ»។
Pastore បានច្រានចោលថា រូបគេចង់ចាកចេញពីក្លិបនេះ។ Pastore ដែលបានចូលរួមជាមួយ PSG កាលពីឆ្នាំ2011នោះ បានឱ្យដឹងថា៖ «ខ្ញុំស្រឡាញ់ទីក្រុងប៉ារីស ហើយខ្ញុំស្រឡាញ់ PSG»។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង 3ទៀបភ្លឺ៕
ប្រភពពី៖ Sports.yahoo