ក្លិប RB Leipzig បានបញ្ជាក់ប្រាប់ទូរទស្សន៍ BBC Sport ថា ពួកគេមិនមានបំណងក្នុងការអនុញ្ញាតឲ្យក្លិប Liverpool បំពេញការចុះហត្ថលេខាជាមួយនឹងខ្សែបម្រើដ៏មានឥទ្ធិពល Naby Keita នៅមុនពេលបញ្ចប់រដូវកាលនេះឡើយ។
កាលពីខែសីហា ឆ្នាំមុន Liverpool បានយល់ព្រមលើតម្លៃខ្លួន51លានផោន (ស្មើនឹង69លានដុល្លារអាមេរិក) សម្រាប់ខ្សែបម្រើអន្តរជាតិហ្គីណេវ័យ22ឆ្នាំរូបនេះ ដែលនឹងត្រូវចូលរួមជាមួយនឹងក្រុមហង្សក្រហមនៅខែកក្កដា។ ព័ត៌មានជាច្រើននៅសប្តាហ៍នេះបានចេញផ្សាយថា រូបគេអាចនឹងចូលរួមជាមួយនឹងក្លិប Liverpool នៅខែមករានេះ សម្រាប់ការផ្តល់តម្លៃខ្លួនបន្ថែម18លានផោនទៀត។ ប៉ុន្តែ លោក Ralph Hasenhuttl គ្រូបង្វឹករបស់ Leipzig បានប្រាប់ BBC ថា៖ «ស្ថានភាពគឺដូចគ្នាកាលពីមុនអ៊ីចឹង។
វាគ្មានហេតុផលសម្រាប់យើងក្នុងការអនុញ្ញាតឲ្យ Naby Keita ចាកចេញឆាប់ៗនោះឡើយ»។ ក្លិបនេះ បានបន្ថែមទៀតថា៖ «គ្មានអ្វីបានប្រែប្រួលឡើយ ហើយជំហររបស់យើងក៏មិនបានផ្លាស់ប្តូរដែរ»។ Liverpool បានបង្កើតទំនាក់ទំនងយ៉ាងល្អជាមួយនឹងក្លិប RB Leipzig អំឡុងពេលនៃការពិភាក្សាផ្សេងៗ ជុំវិញការផ្ទេរ Keita កាលពីរដូវក្តៅមុន ហើយនិងមិនព្យាយាមបង្ខំឲ្យមានការផ្ទេរនេះឡើយ ប្រសិនបើពួកគេមិនទទួលបានការលើកទឹកចិត្តដោយក្លិបរបស់ក្របខ័ណ្ឌ Bundesliga មួយនេះទេនោះ។
ទោះបីជាយ៉ាងណា Liverpool ពិតជារីករាយក្នុងការបំពេញការផ្ទេរនេះឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយជំហរនេះអាចនឹងផ្លាស់ប្តូរ ប្រសិនបើក្លិប RB Leipzig ផ្លាស់ប្តូរជំហររបស់ពួកគេនៅខែមករានេះ ហើយលក្ខខណ្ឌថ្មី ក៏អាចនឹងឈានដល់ការព្រមព្រៀងគ្នាផងដែរ៕
ប្រភពពី៖ BBC