Neymar បានស៊ុតបាល់ប៉េណាល់ទី1គ្រាប់ក្នុងតង់ទី2 ខណៈដែលក្រុមម្ចាស់ការពារតំណែងជើងឯក4សម័យកាល Paris Saint-Germain បានជួបភាពស្វិតស្វាញ នៅមុនពេលយកឈ្នះលើក្រុម Amiens ដែលនៅសល់សមាជិកត្រឹមតែ10នាក់ក្នុងលទ្ធផល 2-០ ដើម្បីឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពាន League Cup របស់បារាំង កាលពីថ្ងៃពុធ។
PSG បានលេងដោយគ្មានខ្សែប្រយុទ្ធរកបានគ្រាប់បាល់ឈានមុខ Edinson Cavani ម្តងទៀត ខណៈដែលរូបគេក៏មានវត្តមានក្នុងពេលក្រុមខ្លួនបានយកឈ្នះលើក្រុម Rennes ក្នុងពាន French Cup ផងដែរ ក្រោយវិលពីការសម្រាកវិស្សមកាលនៃបុណ្យណូអែល និងថ្ងៃចូលឆ្នាំថ្មីក្នុងប្រទេសអ៊ុយរូហ្គាយ។ ក្តីសង្ឃឹមរបស់ក្រុម Amiens ដែលថានឹងបង្កើតលទ្ធផលដ៏គួរឲ្យភ្ញាក់ផ្អើលនោះត្រូវបានបញ្ចប់ ដោយសារតែការពិន័យកាតក្រហមទៅលើអ្នកចាំទី Regis Gurtner នៅនាទីទី34 សម្រាប់ការប្រព្រឹត្តកំហុសទៅលើខ្សែប្រយុទ្ធ Kylian Mbappe ក្រោយពីបានរត់ចេញពីប្រអប់នៃទីតាំងរបស់គេ។
ក្រោយមក Neymar ក៏បានផ្តល់ការមានប្រៀបដល់ក្រុមភ្ញៀវ តាមរយៈការស៊ុតបាល់បញ្ចូលទីយ៉ាងល្អពីចំណុចពិន័យ11ម៉ែត្រ នៅដើមតង់ទី2 នាកីឡដ្ឋាន Stade de la Licorne។ Adrien Rabiot បានបំពេញជ័យជម្នះដល់ក្រុមខ្លួននៅនាទីទី78 ក្រោយពីទទួលបាល់ពីការបញ្ជូនរបស់ Angel Di Maria។
Monaco បានក្លាយជាក្រុមដំបូងគេក្នុងការឈានទៅវគ្គ4ក្រុមចុងក្រោយនៃយុទ្ធនាការនេះ កាលពីថ្ងៃអង្គារ ខណៈដែលគ្រាប់បាល់ស៊ុតបញ្ចូលទីពីសំណាក់កីឡាករ Thomas Lemar និង Adama Diakhaby បានជួយឲ្យក្រុមរបស់លោក Leonardo Jardim យកឈ្នះលើក្រុម Nice ក្នុងលទ្ធផល 2-1 នាកីឡដ្ឋាន Allianz Riviera៕
ប្រភពពី៖ Sport24