មានមនុស្សជាច្រើនតែព្រងើយកន្តើយនឹងការដុសសម្អាតធ្មេញ ដោយមិនដឹងឡើយថា ភាពស្អាតនៅក្នុងប្រអប់មាត់ក៏មានចំណែកសំខាន់ខ្លាំងដែរ ព្រោះវាអាចហុចផលដល់អវយវៈផ្នែកដទៃទៀតបាន ដោយគួរដុសសម្អាតធ្មេញយ៉ាងតិចក្នុងមួយថ្ងៃឱ្យបាន2ដង ចូរប្រើច្រាសដុសធ្មេញសរសៃទន់ មិនមែនជាច្រាសដែលមានសរសៃរឹងខ្លាំងពេកនោះទេ ព្រោះវាអាចធ្វើឱ្យធ្មេញឆាប់សឹក។ ទំហំរបស់ក្បាលច្រាសដុសធ្មេញក៏គួរមានខ្នាតដែលសមល្មមក្នុងការចូលទៅដល់គ្រប់កន្លុកកន្លៀតរបស់ធ្មេញបានយ៉ាងងាយស្រួល និងត្រូវផ្តល់ភាពសំខាន់របស់ការដុសសម្អាតធ្មេញដែលត្រឹមត្រូវតាមវិធី និងគ្រប់ទីតាំងរបស់ធ្មេញនីមួយៗ ដូច្នេះហើយទើប ឡារ៉ែន មានវិធីដុសសម្អាតធ្មេញដែលត្រឹមត្រូវមកជម្រាបជូនដូចតទៅ៖
1/ គួរដុសសម្អាតធ្មេញឱ្យត្រូវវិធីក្រោយពេលបរិភោគអាហាររួចគ្រប់ពេល តែបើមិនមានភាពងាយស្រួលក្នុងការដុសសម្អាតធ្មេញទេនោះក៏គួរតែខ្ពុរមាត់ខ្លាំងៗ ដោយទឹកស្អាតគ្រប់ពេល និងត្រូវដុសសម្អាតធ្មេញយ៉ាងតិចក្នុងមួយថ្ងៃ2ដងគឺ ភ្ញាក់ពីដំណេក និងមុនចូលគេង។
2/ ក្រោយពេលដុសធ្មេញ អាចប្រើម្រាមដៃដុសធ្វើម៉ាស្សានៅលើសាច់អញ្ចាញធ្មេញស្រាលៗគ្រប់កន្លែង ដើម្បីជួយឱ្យអញ្ចាញធ្មេញរឹងមាំ។
3/ ទទួលទានបន្លែ និងផ្លែឈើដែលជួយថែបំប៉នអញ្ចាញធ្មេញ និងជួយសម្អាតធ្មេញបែបងាយៗ ដូចជា ផ្លែក្រូច ប៉ិគក់ ត្របែក និងជម្ពូជាដើម។
4/ ចៀសវាងពីការខាំហែកវត្ថុរឹងៗដោយធ្មេញ ដូចជា ហែកថង់ប្លាស្ទិក ខាំខ្សែចំណងឱ្យដាច់ ប្រើធ្មេញគាស់បើកគម្របដបជាដើម ព្រោះអាចធ្វើឱ្យធ្មេញជំពើស បែក ឬរង្គើបាន។
5/ សង្កេតមើលធ្មេញ និងអញ្ចាញបន្ទាប់ពីដុសសម្អាតធ្មេញរួច ដោយការឆ្លុះកញ្ចក់មើលក្នុងប្រអប់មាត់ម្តងម្កាល បើឃើញមានចំណុចខ្មៅៗស្នាមហើមក្រហមៗនៅលើសាច់អញ្ចាញ ឬមានកំណកកំបោររឹងៗនៅតាមជើងធ្មេញ គួរតែទៅជួបទន្តពេទ្យ ដើម្បីពិនិត្យព្យាបាលជាបន្ទាន់។
6/ មិនគួរកេះធ្មេញដោយមិនចាំបាច់នោះទេ ព្រោះនឹងធ្វើឱ្យជើងធ្មេញមានប្រហោង និងអាចឆ្លងមេរោគបានទៀតផង។
7/ ក្នុងករណីដែលធ្មេញទឹកដោះ (សម្រាប់ក្មេងតូច) រង្គើធ្វើឱ្យឈឺ ខណៈពេលទទួលទានអាហារ ឬពេលដុសសម្អាតធ្មេញ ឬក៏មានធ្មេញពុកផុយរបេះអស់នៅសល់តែគល់ លែងមានធ្មេញហើយនោះ គួរតែទៅប្រឹក្សាជាមួយទន្តពេទ្យដើម្បីដកចេញភ្លាម។
វិធីដុសសម្អាតធ្មេញការដុសសម្អាតធ្មេញ គួរដុសសម្អាតឱ្យសព្វគ្រប់លើធ្មេញ និងគ្រប់ផ្នែករបស់ធ្មេញដែលច្រាសដុសធ្មេញចូលដល់ ពេលដុសធ្មេញមិនចាំបាច់ប្រើកម្លាំងសង្កត់ខ្លាំងៗនោះទេ ការដុសសម្អាតធ្មេញម្តងៗគួរប្រើពេលវេលាពី 2-3នាទី ការចាប់កាន់ច្រាសដុសធ្មេញ គួរចាប់កាន់ដងច្រាសដោយម្រាម 4ចំណែក ដោយម្រាមមេដៃដាក់សង្កត់នៅលើដងច្រាស ដែលធ្វើឱ្យអាចកម្រើកម្រាមដៃឱ្យច្រាសដុសធ្មេញវាសចុះ ឬវាសឡើងបានពេញដៃល្អ៕