អាមេរិក៖ មានប្រភពព័ត៌មានចចាមអារ៉ាមជាច្រើនបានចេញផ្សាយថា ក្រុមហ៊ុន Samsung នឹងប្រកាសបង្ហាញកំពូលស្មាតហ្វូនថ្មីរបស់ខ្លួននៅដើមឆ្នាំ 2018 ដើម្បីវាយលុយទីផ្សារ ប៉ុន្តែនៅពេលនេះ វាមិនមែនជាព័ត៌មានចចាមអារ៉ាមទៀតទេ ព្រោះមេធំ Samsung បានបញ្ជាក់យ៉ាងច្បាស់។
យោងតាមការចេញផ្សាយរបស់គេហទំព័រ Phone Arena បានឱ្យដឹងថា លោក DJ Koh នាយកអាជីវកម្មទូរស័ព្ទចល័តរបស់ក្រុមហ៊ុន Samsung បានបញ្ជាក់ថា Galaxy S9 នឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍សមាជទូរស័ព្ទពិភពលោក (MWC) ដែលនឹងធ្វើទៅនៅខែកុម្ភៈខាងមុខនេះ។
នៅឆ្នាំនេះ ហាក់ប្លែកពីឆ្នាំមុន ដោយសារតែ Galaxy S8 ត្រូវបានក្រុមហ៊ុន Samsung ប្រកាសបង្ហាញនៅខែមីនា ឆ្នាំ 2017 ហើយចេញលក់នៅខែមេសា ប៉ុន្តែសម្រាប់ឆ្នាំនេះ Samsung ប្រកាសបង្ហាញ Galaxy S9 នៅខែកុម្ភៈ ហើយទំនងជាចេញលក់នៅខែមីនា។
បើសិនជាដូចអ្វីទៅនឹងពាក្យចចាមអារ៉ាម Samsung Galaxy S9 គឺជាស្មាតហ្វូនដំបូងគេបង្អស់ដែលមានមេម៉ូរ៉ីក្នុងម៉ាស៊ីនរហូតដល់ 512GB ៕