បច្ចុប្បន្ននិន្នាការនៃការទិញផ្ទះបង់រំលស់សម្រាប់រស់នៅកំពុងមានភាពផុសផុលយ៉ាងខ្លាំង ខណៈដែលក្រុមហ៊ុនសំណង់ផ្ទះល្វែងជាច្រើនបានសហការជាមួយធនាគារផ្តល់លទ្ធភាពឱ្យពលរដ្ឋអាចទិញផ្ទះបង់រំលស់បានយូរឆ្នាំ ទន្ទឹមគ្នានេះដែរក៏មានប្រជាពលរដ្ឋជាច្រើនទៀតនៅតែជ្រើសយកការជួលផ្ទះគេស្នាក់នៅ ដោយគិតថាមិនចង់ជាប់ជំពាក់បំណុលធនាគារ។ ដូច្នេះទើបគេសួរថា តើការទិញផ្ទះបង់រំលស់ និងការជួលផ្ទះគេនៅ មួយណាចំណេញជាង?
លោកស្រី ឃិត សុភ័ក្ត្រ ដែលសព្វថ្ងៃជាប្រជាពលរដ្ឋរស់នៅក្នុងតំបន់ភ្នំពេញថ្មីស្នាក់នៅផ្ទះជួលមួយកន្លែងបាននិយាយថា រាល់ថ្ងៃលោកស្រីបានជួលផ្ទះគេនៅដែលមានតម្លៃ 200ដុល្លារ ក្នុងមួយខែ។ លោកស្រីមិនមានលទ្ធភាពក្នុងការទិញផ្ទះនៅខ្លួនឯងនោះទេ បើទោះជាត្រូវទិញ ដោយការបង់រំលស់ក៏តម្រូវឱ្យមានប្រាក់ផ្ទាល់ខ្លួនយ៉ាងហោចណាស់30%ដើម្បីបង់ដំណាក់កាលដំបូងដែរ ហើយលក្ខខណ្ឌនៃការខ្ចីប្រាក់ពីធនាគារមានភាពសាំញ៉ាំច្រើន ប្រសិនបើជ្រើសរើសបង់រំលស់ជាមួយម្ចាស់បុរីវិញ យើងពិបាកក្នុងការជ្រើសរើសទីតាំងផ្ទះដែលយើងចង់ទិញ ព្រោះថា ម្ចាស់បុរីខ្លះមិនទទួលយកការបង់រំលស់នេះទេ មានម្ចាស់បុរីតិចតួចទេ ដែលទទួលឱ្យបង់រំលស់ តែការប្រាក់ថ្លៃចន្លោះពី12%-15%ក្នុងមួយឆ្នាំ ហើយការបង់មានរយៈពេលខ្លី ដូច្នេះប្រសិនបើប្រៀបធៀបជាមួយការជួលផ្ទះគេនៅគឺ ត្រូវចំណាយខ្ពស់ជាងថ្លៃ ឈ្នួល 2-3ដងឯណោះ ហេតុនេះហើយទើបលោកស្រីសម្រេចជួលផ្ទះគេនៅបណ្តោះអាសន្នសិន។
លោកស្រី តាំង ហ៊ួ ប្រធានក្រុមហ៊ុន AMATAK Property Service មានប្រសាសន៍ថា នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនោរនៃការទិញផ្ទះបង់រំលស់មានការកើនឡើងយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់ ខណៈដែលម្ចាស់សំណង់បុរី និងអគារផ្ទះល្វែងមួយចំនួនប្រកាសលក់ផ្ទះដោយមិនមានប្រាក់កក់ ឬមានប្រាក់កក់ត្រឹមតែ20%ទៅ30% អាចចូលរស់នៅផ្ទះថ្មីបានដោយបង់រំលស់ជាមួយធនាគារ ដែលមានការប្រាក់ទាបសមរម្យអាចទទួលយកបាន។
លោកស្រីបានបញ្ជាក់ថា សម្រាប់គូស្រករដែលទើបរៀបការរួច ហើយមានការងារធ្វើទាំងពីរនាក់ ពួកគេតែងតែយកប្រាក់ខែខាងណាមួយទៅបង់រំលស់ផ្ទះថ្មី និងទុកប្រាក់ខែម្នាក់ទៀតសម្រាប់ចាយវាយប្រចាំថ្ងៃ ដែលធ្វើឱ្យពួកគេមានការចាយវាយត្បិតត្បៀត ចេះសន្សំសំចៃ និងមិនសូវចាយវាយខ្ជះខ្ជាយដូចកាលពីមុន។ វិធីមួយនេះបានធ្វើឱ្យពួកគេទទួលបានផលចំណេញត្រឡប់មកវិញ ដែលចំណេញ ទី1 គឺទោះជាជួលផ្ទះគេបង់ប្រចាំខែយូរប៉ុនណាក៏នៅតែជាផ្ទះគេ ទី2.បើសិនជាទិញផ្ទះបង់រំលស់ ជួនកាលបើទិញត្រូវតំបន់ ផ្ទះនឹងឡើងថ្លៃលក់បានប្រាក់ចំណេញ ទី3.បើសិនជាគិតថាមិនចង់ជំពាក់គេ ហើយរង់ចាំសន្សំប្រាក់គ្រប់ចាំទិញតែម្តង ដូចជាលំបាកខ្លាំង ដោយសារតម្លៃដីធ្លី ផ្ទះល្វែងឡើងថ្លៃជារៀងរាល់ឆ្នាំ ហើយមិនមានពេលធ្លាក់ថ្លៃនោះទេ។
ទោះយ៉ាងណាលោកស្រី តាំង ហ៊ួ លើកទឹកចិត្តឱ្យប្រជាពលរដ្ឋទិញផ្ទះបង់រំលស់ជាមួយធនាគារ ប្រសើរជាជាងបង់រំលស់ជាមួយម្ចាស់បុរី ឬអគារផ្ទះល្វែង ដោយសារធនាគារអាចផ្តល់ទំនុកចិត្តខ្ពស់ហើយមានអត្រាការប្រាក់ទាបជាងម្ចាស់បុរី ឬក្រុមហ៊ុនផ្ទះល្វែងទាំងនោះ។
ជាមួយគ្នានេះដែរអ្នកនាង Grace Rachny Fong នាយិកាប្រតិបត្តិក្រុមហ៊ុន Century21 Cambodia ដែលជាក្រុមហ៊ុនអចលនទ្រព្យមួយនៅកម្ពុជាមានប្រសាសន៍លើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរថា បើសិនទិញផ្ទះបង់រំលស់គួរបង់ជាមួយធនាគារប្រសើរជាងបង់ជាមួយម្ចាស់បុរីផ្ទះល្វែង ដោយសាររយៈពេលកន្លងមកមានភាពអសកម្មមួយចំនួនដោយសារតែម្ចាស់សំណង់ផ្ទះល្វែងខ្លះបានលក់ផ្ទះបង់រំលស់ទៅឱ្យអតិថិជនរួចហើយ តែបែរជាយកប្លង់ទៅដាក់នៅធនាគារយកលុយចាយអស់ធ្វើឱ្យកើតមានរឿងប្តឹងផ្តល់គ្នាទៀតផង។ លើសពីនេះ មុននឹងទិញត្រូវស៊ើបមើលពីប្រវត្តិរបស់បុរី ឬផ្ទះល្វែងនោះឱ្យច្បាស់ទើបមិនមានហានិភ័យ ហើយបើចង់ទិញឱ្យបានប្រាក់ចំណេញត្រឡប់មកវិញ គួរស្វែងរកការប្រឹក្សាជាមួយភ្នាក់ងារអចលនទ្រព្យទើបមិនខកបំណង។
លោក ចូ ហ្វីឡេន (Joe Phelan)នាយកសេវាធនាគារសម្រាប់អតិថិជនបុគ្គលនៃធនាគារ ហុង លីអុង (ខេមបូឌា) ភីអិលស៊ី ក៏បានផ្តល់យោបល់ផងដែរថា ការជួលផ្ទះសម្រាប់នៅពិតជាត្រូវចំណាយច្រើន ហើយមិនងាយស្រួលដូចនៅផ្ទះផ្ទាល់ខ្លួននោះទេ ដូច្នេះការទិញផ្ទះដោយបង់រំលស់ចំណេញច្រើនជាង។ បច្ចុប្បន្ននេះការប្រាក់ធនាគារក៏មិនសូវជាខ្ពស់ខ្លាំងដូចកាលពីពេលមុនដែរ ជាពិសេសធនាគារភាគច្រើនក៏បានលើកទឹកចិត្ត និងផ្តល់លក្ខខណ្ឌល្អដល់អតិថិជនសម្រាប់កម្ចីទិញផ្ទះនេះដែរ ជាក់ស្តែងធនាគារ ហុង លីអុង ក៏បានបង្កើតការផ្តល់
ជូនជាពិសេសសម្រាប់អតិថិជនដែលចង់ទិញផ្ទះជាមួយអត្រាការប្រាក់យ៉ាងទាបត្រឹមតែ Honey Moon Rate 6.99 ភាគរយសម្រាប់ 3ឆ្នាំដំបូង សម្រាប់ទិញគេហដ្ឋាន និងខុនដូ។ លោកបន្តថា៖ “ពុំទាន់មានធនាគារណាដែលផ្តល់ជូននូវការប្រាក់ទាបបែបនេះទេ ដូច្នេះហើយយើងទទួលបានការចាប់អារម្មណ៍ និងមានអតិថិជនទិញផ្ទះតាមរយៈឥណទានទិញគេហដ្ឋានបានក្លាយជាម្ចាស់ផ្ទះក្នុងក្តីស្រមៃជាច្រើននាក់រួចមកហើយ។
លោកបានបន្តថា៖ “ធនាគារ ហុង លីអុង បានសហការជាមួយបុរីធំៗជាច្រើននៅទីក្រុងភ្នំពេញជាដៃគូ ដែលការសហការនេះបានផ្តល់ជូននូវជម្រើសដ៏ពិសេសដល់គ្រប់អតិថិជន ជាមួយនឹងអត្រាការប្រាក់ទាប និងអាចខ្ចីបានរហូតដល់ 80%នៃតម្លៃផ្ទះ ឬអាចជ្រើសយកកម្ចីដែលមានរយៈពេលរហូតដល់ 25ឆ្នាំ ដែលអតិថិជនអាចខ្ចីបានចាប់ពី10,000 ដុល្លារឡើងទៅទៀតផង។
ប្រសិនបើអតិថិជនចង់ស្នើកម្ចីឥណទានទិញគេហដ្ឋានជាមួយធនាគារ ហុង លីអុង ចំពោះអតិថិជនដែលកំពុងធ្វើការងារនៅក្រុមហ៊ុន យើងតម្រូវឱ្យមានកិច្ចសន្យាការងារ និងលិខិតបញ្ជាក់ប្រាក់ខែ។ ចំពោះអតិថិជនអ្នករកស៊ី ឬអ្នកជំនួញតម្រូវឱ្យភ្ជាប់មកជាមួយនូវរបាយការណ៍ហិរញ្ញវត្ថុចំនួន 3ឆ្នាំចុងក្រោយ៕