តាមរយៈសារព័ត៌មាន koreaboo ដែលចេញផ្សាយនៅថ្ងៃទី10 ខែមករា ឆ្នាំ2018 បានឱ្យដឹងថា សមាជិកក្រុមចម្រៀង SHINee បានទម្លាយអារម្មណ៍ និងភាពសោកសៅរបស់ខ្លួននៅលើសំបុត្រដែលបានបង្ហោះនៅក្នុងបណ្ដាញទំនាក់ទំនងសង្គមសម្ដែងចំពោះវិញ្ញាណក្ខន្ធរបស់ Kim Jonghyun ។ នៅក្នុងនោះដែរ តារាចម្រៀង Onew ដែលជាប្រធានក្រុម SHINee ក៏បានរៀបរាប់យ៉ាងក្ដុកក្ដួលអួលដើមក និងបានទម្លាយឱ្យដឹងថា អ្នកម្ដាយរបស់ Kim Jonghyun បានលើកទឹកចិត្តចំពោះក្រុមចម្រៀង SHINee កុំឱ្យបោះបង់ក្ដីស្រមៃរបស់អ្នកគាំទ្រ ឬកើតមានជំងឺបាក់ទឹកចិត្តដូចកូនប្រុសគាត់ឱ្យសោះ។
នៅក្នុងសាររបស់ Onew បានរៀបរាប់យ៉ាងដូច្នេះថា ៖ «សួស្តី! ខ្ញុំគឺ Onew របស់ក្រុម SHINee
ខ្ញុំមិនដឹងថាត្រូវនិយាយបែបណាឡើយ! ខ្ញុំចង់អរគុណចំពោះអ្នកគ្រប់គ្នាដែលបានគាំទ្រក្រុមរបស់យើងខ្ញុំយ៉ាងខ្លាំង។ ខ្ញុំក៏ចង់សុំទោសផងដែរទៅកាន់អ្នកគាំទ្រ (ហ្វ៊ែនៗ) របស់យើងខ្ញុំ ចំពោះការធ្វើឲ្យពួកគេព្រួយបារម្ភកន្លងមក។
ខ្ញុំបានគិតថា ប្រហែលជាគ្មានថ្ងៃអាចទៅរួចនោះទេ! ខ្ញុំបានគិតថា យើងពិតជាមិនអាចធ្វើការប្រគំតន្ត្រីនានាបានទេ។ តែទោះជាបែបនេះក្តី អ្នកម្តាយរបស់ Jonghyun បាននិយាយថា ចូរកុំឱ្យបោះបង់ចោលឲ្យសោះ យើងជាមនុស្សដែលផ្តល់ក្តីសង្ឃឹមដល់អ្នកដទៃ និងដល់មនុស្សទូទៅដែលជួបបញ្ហានៅទីកន្លែងផ្សេងៗ។
ប្រសិនបើខ្ញុំអាចផ្តល់នូវសុភមង្គល ពង្រីកនូវសុភមង្គល ទោះបីជាខ្ញុំជាមនុស្សតូចតាចក្តី ខ្ញុំបានសម្រេចថា យើងត្រូវតែធ្វើការប្រគំតន្ត្រី ហើយខ្ញុំនឹងធ្វើអ្វីៗឲ្យអស់ពីសមត្ថភាពដើម្បីឲ្យវាល្អបំផុត។ ខ្ញុំមានការខ្វះខាតស្ទើរគ្រប់មធ្យោបាយ ប៉ុន្តែខ្ញុំនឹងធ្វើអ្វីៗគ្រប់យ៉ាងដែលអាចទៅរួច ជាមួយនឹងក្រុម SHINee ដើម្បីបង្ហាញនូវអ្វីដែលប្រសើរបំផុត។ ទោះបីជាស្ថានភាពពេលនេះលំបាក ខ្ញុំនៅតែព្យាយាមឲ្យខ្លាំងបានបំផុត ដើម្បីបង្ហាញអ្នកទាំងអស់គ្នានូវលទ្ធផលដ៏ល្អបំផុត។ Jonghhyun នឹងនៅតែជាសមាជិក SHINee ជារៀងរហូត នៅក្នុងបេះដូងខ្ញុំ និងបេះដូងហ្វ៊ែនៗគ្រប់គ្នា។
ការពិតដែលយើងចងចាំរៀងរហូតមកនោះគឺអ្វីដែលនឹងមិនអាចផ្លាស់ប្តូរចំពោះខ្ញុំ និងអ្នកទាំងអស់គ្នាដូចគ្នា។ ខ្ញុំនឹងទន្ទឹងរង់ចាំពេលខាងមុខ ដើម្បីអ្វីដែលប្រសើរបំផុតដោយខ្លួនខ្ញុំ នៅក្នុងសកម្មភាពទាំងអស់របស់ក្រុម SHINee នាថ្ងៃអនាគត។ អរគុណខ្លាំងណាស់ ចំពោះគ្រប់ៗគ្នា…»៕