ភ្នំពេញ៖ លោកវេជ្ជបណ្ឌិត Denis Laurent អ្នកគ្រប់គ្រងមន្ទីរពេទ្យកុមារគន្ធបុប្ផាប្រចាំនៅកម្ពុជា បានឱ្យដឹងថា ក្នុងមួយឆ្នាំ2017 កន្លងទៅនេះ មន្ទីរពេទ្យគន្ធបុប្ផា បានផ្តល់សេវាសុខភាពជូនកុមារកម្ពុជានៅក្នុងមន្ទីរពេទ្យបានចំនួន 909.192នាក់ និងបានសម្រាកព្យាបាលជំងឺចំនួន 167.790នាក់ ហើយមន្ទីរពេទ្យបានចំណាយថវិការអស់ប្រមាណ 36លានដុល្លារអាម៉េរិក សម្រាប់កិច្ចដំណើរការព្យាបាលជួយសង្គ្រោះជីវិតកុមារកម្ពុជា ឱ្យរួចផុតពីការគំរាមកំហែងនៃជំងឺគ្រប់ប្រភេទ។ នេះបើយោងតាមការចេញផ្សាយរបស់ AKP នៅថ្ងៃទី 10 ខែមករា ឆ្នាំ 2018។
លោកវេជ្ជបណ្ឌិត Denis Laurent បានបញ្ជាក់បន្ថែមទៀតថា ភាគច្រើនកុមារដែលមានជំងឺមកទទួលសេវាព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា គឺជាកុមារជាកូនចៅគ្រួសារប្រជាពលរដ្ឋក្រីក្រដែលពួកគេត្រូវបានទទួលការពិនិត្យ និងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផាគ្រប់ទីកន្លែង ទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប ដោយឥតគិតថ្លៃ ហើយថវិកាសម្រាប់ចំណាយទាំងអស់ គឺបានមកពីរាជរដ្ឋាភិបាលកម្ពុជា កាកបាទក្រហមកម្ពុជា គ្រឹះស្ថានអង្គរ ជំនួយពីប្រទេសស្វីស និងការបរិច្ចាគដោយសប្បុរសជនក្នុងស្រុក។
ជាក់ស្តែងថ្មីៗនេះ សមាគមប្រតិបត្តិករទេសចរ ខេត្តសៀមរាប បានផ្តល់ថវិកាចំនួន 1ម៉ឺនដុល្លាដល់មន្ទីរពេទ្យគន្ធាបុប្ផាខេត្តសៀមរាប ដើម្បីជួយដល់កុមារនៅកម្ពុជាផងដែរ៕