តាមរយៈសារព័ត៌មាន koreaboo ដែលបានចេញផ្សាយនៅថ្ងៃទី10 ខែមករា ឆ្នាំ2018នេះ បានឱ្យដឹងថា មានពាក្យចចាមអារ៉ាមលេចឮមកថា តារាសម្ដែង Gong Yoo ជាតួសម្ដែងល្បីនៅក្នុងរឿង Train To Busan បានសម្ងំរៀបចំពិធីរៀបអាពាហ៍ពិពាហ៍យ៉ាងស្ងាត់ៗជាមួយតារាស្រី Jung Yu Mi នៅក្នុងប្រទេសកូរ៉េ បណ្ដាលឱ្យមានភាពភ្ញាក់ផ្អើលឡើងនៅលើបណ្ដាញទំនាក់ទំនងសង្គមអនឡាញ។
អ្នកនិយមលេងបណ្ដាញសង្គមនៅក្នុងប្រទេសកូរ៉េ បានបង្ហោះការប្រកាសពីកាលបរិច្ឆេទកំណត់ថ្ងៃរៀបអាពាហ៍ពិពាហ៍របស់តារាទាំងពីរដួងនេះនៅក្នុងសណ្ឋាគារ Shillaនាទីក្រុងសេអ៊ូល។ ប្រភពដដែលនេះបានអះអាងថា មានបុគ្គលិកនៅក្នុងសណ្ឋាគារ Shillaដែលជាសណ្ឋាគារលំដាប់ផ្កាប្រាំ និងជាទីកន្លែងរៀបអាពាហ៍ពិពាហ៍ដ៏ល្បីល្បាញនៅក្នុងប្រទេសកូរ៉េ បានប្រាប់គាត់ថា Gong Yoo និង Jung Yu Mi កំពុងរៀបការនៅទីនោះយ៉ាងស្ងាត់ៗព្រោះមិនចង់ឱ្យមានការភ្ញាក់ផ្អើល។
ប៉ុន្តែ អ្នកគ្រប់គ្រងតារាស្រី Jung Yu Mi បានបកស្រាយ និងអះអាងប្រាប់សារពត៌មានខាងលើនោះថា «វាជារឿងមិនពិតសោះឡើយដែលថា Gong Yoo និង Jung Yu Mi កំពុងសម្ងំរៀបអាពាហ៍ពិពាហ៍នោះ។ ពួកគេគ្រាន់តែជាមិត្តស្និទ្ធស្នាលនឹងគ្នាធម្មតាប៉ុណ្ណោះ បច្ចុប្បន្ន កញ្ញា Jung Yu Mi កំពុងតែមមាញឹកថតភាពយន្ដរឿង “Youn’s Kitchen 2” ដូច្នេះនាងកំពុងតែផ្តោតអារម្មណ៍ទៅលើការសម្ដែង និងការផ្សាយផ្ទាល់តែប៉ុណ្ណោះ ហើយនាងថែមទាំងកាត់សក់ខ្លីទៀតផង»។
សូមជម្រាបបន្ថែមថា តារាឯកប្រុស Gong Yoo និងតារាស្រី Jung Yu Mi ទើបតែបានជួបគ្នាជាលើកដំបូងក្នុងខណៈដែលបានថតខ្សែភាពយន្ដរឿង “Train To Busan” ជាមួយគ្នា៕