អ្នកប្រកបធុរកិច្ចក្នុងផ្នែកឯកជនបានស្នើទៅរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ដែលគេជឿថាជាតួអង្គសំខាន់មួយដែរក្នុងការចរចាបង្កើតគោលនយោបាយអភិវឌ្ឍន៍សហគ្រាសខ្នាតតូច និងមធ្យមតាមរយៈគម្រោងបង្កើតធនាគារសហគ្រាសខ្នាតតូច និងមធ្យម(SME Bank) ដែលមានដើមទុនដំបូង100លានដុល្លារ។
ក្នុងវេទិកាស្ដីពីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្មីៗនេះ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកសំណើដល់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដើម្បីជួយដោះស្រាយបញ្ហាកង្វះដើមទុនក្នុងការកែច្នៃផលិតផលកសិកម្ម ដោយអនុញ្ញាតឱ្យសហគ្រិនអាចមានលទ្ធភាពទទួលបានកម្ចីពីស្ថាប័នហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាលដែលទើបផ្តួចផ្តើមនឹងបង្កើតនាពេលឆាប់ៗនេះ។
លោកឧកញ៉ា លឹម ហេង បញ្ជាក់ថា៖ “វាជាប់ពាក់ព័ន្ធដល់វិស័យកសិកម្ម យើងច្រើននោះគឺការអភិវឌ្ឍផ្នែកសិប្បកម្ម និងឧស្សាហកម្មធុនតូច និងមធ្យម ដោយហេតុថា ថ្មីៗនេះសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន មានគម្រោងដើម្បីបង្កើតនូវធនាគារ អេស អឹម អុី (SME) ដូច្នេះអ្វីដែលសំខាន់ដែលយើងចង់ដឹងនោះគឺ តើសហគ្រាសខ្នាតតូច និងមធ្យមនេះ អាចទទួលបាននូវឥណទានពីធនាគារនោះតាមរបៀបណា?”
លោកឧកញ៉ា បានអះអាងថា វិស័យកសិកម្មនៅកម្ពុជាគ្របដណ្តប់ភាគច្រើន ទាំងផលិតកម្ម ទាំងធនធានមនុស្ស និងកម្លាំងពលកម្ម ព្រោះហេតុដូចនេះ ដើម្បីឲ្យវិស័យកសិកម្មមានដំណើរឆ្ពោះទៅរកការអភិវឌ្ឍល្អ វាមានភាពចាំបាច់ក្នុងបង្កើតតំបន់អភិវឌ្ឍន៍សហគ្រាសខ្នាតតូច និងមធ្យមមួយឡើង។ ការបង្កើតតំបន់នេះ ត្រូវបានគេជឿថា នឹងផ្តល់ភាពងាយស្រួលដល់សហគ្រាសខ្នាតតូច និងមធ្យមក្នុងការទទួលបានដើមទុនសម្រាប់អភិវឌ្ឍអាជីវកម្មរបស់ខ្លួនតាមរយៈការទទួលបានកម្ចី ការអនុគ្រោះផ្សេងៗ មានពន្ធ និងតម្លៃភ្លើងអគ្គិសនីជាដើម។
ឧកញ៉ា លឹម ហេង បានបន្ថែមថា៖ “ដើម្បីងាយស្រួលឲ្យសហគ្រាសធុនតូច និងមធ្យមទទួលបានកម្ចីយើងស្នើសុំឲ្យឯកឧត្តម (វេង សាខុន)ជួយ ព្រោះឯកឧត្តមច្បាស់ជាមានការចូលរួមជជែកជាមួយរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធដើម្បីជំរុញធនាគារអេសអឹមអុីនេះឱ្យកើតឡើង ហើយខ្ញុំស្នើសុំឯកឧត្តមជួយជំរុញដល់ការបង្កើតតំបន់សិប្បកម្ម និងឧស្សាហកម្មខ្នាតតូច និងមធ្យម (អេសអឹមអុី)ផង”។
មូលហេតុដែលត្រូវបង្កើតតំបន់នេះ ព្រោះថាបើនៅរាយប៉ាយដូចសព្វថ្ងៃ គឺមិនងាយនឹងទទួលបានឥណទាននោះទេ។ លោកឧកញ៉ា បានលើកឧទាហរណ៍ថា ដូចការទិញបុរី ឬសំណង់ផ្សេងៗអ៊ីចឹង ដែលគេងាយស្រួលទទួលបានឥណទានពីស្ថាប័នហិរញ្ញវត្ថុ ព្រោះគេធ្វើការងារដោយផ្ទាល់ជាមួយម្ចាស់គម្រោងសំណង់តាមរយៈការបង់រំលស់។
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានទទួលយកសំណើរបស់តំណាងសភាពាណិជ្ជកម្ម ដោយបានឆ្លើយតបទៅវិញថា គំនិតបង្កើតធនាគារ អេស អឹម អុីនេះ គឺត្រូវបានប្រមុខរដ្ឋាភិបាលប្រកាសជាសាធារណៈហើយ ក្រោយការជួបប្រជុំជាមួយផ្នែកឯកជនកាលពីប៉ុន្មានសប្តាហ៍មុន។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា វិស័យកសិកម្មរបស់ប្រទេសកម្ពុជានឹងដួលរលំ បើសិនជាគ្មានការកែច្នៃផលិតផលសម្រាប់នាំចេញទេនោះ។ ការកែច្នៃគឺត្រូវពឹងផ្អែកលើទីតាំងណាមួយជាក់លាក់ដែលថាមពលអគ្គិសនីមានតម្លៃថោក មានទីតាំងសម្រាប់កែច្នៃប្រកបដោយស្តង់ដារអនាម័យខ្ពស់ ហើយជាពិសេសបំផុតនោះគឺ មានភាពងាយស្រួលក្នុងការទទួលបានឥណទានសម្រាប់ប្រតិបត្តិការតែម្តង។
ជាបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រីបានអះអាងថា៖“ក្រោយពីយើងប្រជុំជាមួយផ្នែកឯកជននិយាយពីការធ្វើកសិកម្មតាមកិច្ចសន្យារួចហើយ យើងចង់បានការផ្តល់ឥណទាននេះ។ ខ្ញុំនិយាយពិត និងត្រង់ទៅ គឺខ្ញុំចង់ជំរុញរឿងនេះ…”។
សូមរំឭកថា កាលពីថ្ងៃទី20 ខែធ្នូ ឆ្នាំ2017 ដែលទើបកន្លងផុតទៅថ្មីៗនេះ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានលើកឡើងថា នៅពេលខាងមុខកម្ពុជានឹងបង្កើតឱ្យមានធនាគារសហគ្រាសធុនតូច និងមធ្យមមួយទៀត ដើម្បីឈានទៅផ្តល់កម្ចីឥណទានដល់ម្ចាស់អាជីវកម្ម និងម្ចាស់សហគ្រាសទាំងឡាយណាដែលមានគំនិតចង់បង្កើតសហគ្រាសឬអាជីវកម្មខ្នាតតូច និងមធ្យម ដែលនេះជាការជំរុញការបង្កើនផលិតផលប្រើប្រាស់ក្នុងស្រុក។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថែមទាំងបានអះអាងថា រាជរដ្ឋាភិបាលនឹងឈានទៅបង្កើតឱ្យមានធនាគារសម្រាប់សហគ្រាសធុនតូច និងមធ្យមដែលមានដើមទុន 100លានដុល្លារអាមេរិក ដែលរំពឹងថា វានឹងកាត់បន្ថយសម្ពាធពីការខ្វះដើមទុន និងសម្ពាធពីការប្រកួតប្រជែងថ្លៃដើម៕