Oumar Niasse នឹងត្រូវចាកចេញពីក្លិប Everton នៅខែមករានេះ ខណៈដែលក្លិប Crystal Palace, Brighton & Hove Albion និង West Bromwich Albion សុទ្ធសឹងបានបង្ហាញពីការចាប់អារម្មណ៍របស់ពួកគេទៅលើកីឡាកររូបនោះ។
ក្លិបទូកក្តោង Everton មានបំណងលក់ខ្សែប្រយុទ្ធអន្តរជាតិសេណេហ្គាល់រូបនេះ ហើយពួកគេបានដាក់តម្លៃខ្លួន13លានផោន (ស្មើនឹង17.6លានដុល្លារអាមេរិក) ខណៈដែលក្លិបទាំង3សុទ្ធសឹងមានបំណងយល់ព្រមលើតម្លៃខ្លួនតាមការស្នើសុំនេះទាំងអស់។
ហេតុនេះ Niasse មានជម្រើសក្នុងការសម្រេចចិត្តធ្វើដំណើរទៅកាន់ក្លិបណាមួយ ហើយនិងត្រូវធ្វើការសម្រេចចិត្តរបស់គេដោយផ្អែកទៅលើទីតាំងដែលរូបគេត្រូវលេង។ ខ្សែប្រយុទ្ធវ័យ27ឆ្នាំរូបនេះ បានបង្ហាញពីទម្រង់លេងដ៏គួរឲ្យចាប់អារម្មណ៍នៅពាក់កណ្តាលនៃរដូវកាលនេះ បើទោះបីជាបានចូលលេងក្នុងជម្រើសទាំង11នាក់ដំបូងមិនបានគ្រប់ការប្រកួត និងពេលខ្លះបានចូលលេងក្នុងនាមជាកីឡាករបម្រុងចំនួន9លើកផ្សេងទៀតក៏ដោយ។ រូបគេបានស៊ុតបាល់បញ្ចូលទី6គ្រាប់ ពោលគឺជាមធ្យមរូបគេរកបាន1គ្រាប់ក្នុងរយៈពេល101.6នាទី។
ក្លិប Everton ទើបតែបានចុះហត្ថលេខាជាមួយនឹងខ្សែប្រយុទ្ធអន្តរជាតិតួកគី Cenk Tosun មកពីក្លិប Besiktas ក្នុងតម្លៃខ្លួន27លានផោន ហើយអ្នកចាត់ការទូទៅរបស់ពួកគេលោក Sam Allardyce អាចនឹងសម្លឹងរកការទិញចូលកីឡាករថ្មីបន្ថែមទៀត នៅមុនពេលបិទទីផ្សារដោះដូរកីឡាករនាពេលបច្ចុប្បន្ន។ Everton បានទិញយក Niasse ពីក្លិប Lokomotiv Moscow ក្នុងតម្លៃខ្លួន13.5លានផោន កាលពីខែកុម្ភៈ ឆ្នាំ2016៕
ប្រភពពី៖ The Guardian