ដោយយោងតាមសារព័ត៌មាន Teenee ដែលចេញផ្សាយនៅថ្ងៃទី9 ខែមករា ឆ្នាំ2018 នេះបានឱ្យដឹងថា អតីតដៃគូចម្រៀងបងប្អូនប្រុសកូនកាត់ថៃ-ជប៉ុន គឺសមាជិកក្រុមចម្រៀង Golf-Mike គឺលោក Mike PiratNitipaisalkul បានសម្រេចការងារយ៉ាងជោគជ័យជាមួយក្រុមការងារ Creative Artists Agency (CAA) នៅប្រទេសចិន និងបណ្ដាលឱ្យមានអ្នកគាំទ្រជនជាតិ ចិន ជប៉ុន កូរ៉េ និងក្នុងតំបន់អាស៊ានបង្ហាញការគាំទ្រការសម្ដែងរបស់លោកកាន់តែច្រើនឡើងៗនោះ ខណៈនេះ ក្រុមការងារ CAA បានសម្រេចយករូបលោក និងធ្វើការចុះកុងត្រាធ្វើជាតារាសម្ដែងនៅហូលីវូដ ក្រោមការគ្រប់គ្រងរបស់ Agency មួយនេះហើយ។
គួរបញ្ជាក់ផងដែរថា ក្រុមការងារ Creative Artists Agency ឬហៅកាត់ថា CAA គឺជាក្រុមការងារដែលបានគ្រប់គ្រងតារាល្បីៗរបស់ហូលីវូដជាច្រើនរួមមាន Brad Pitt, Tom Cruise, Natalie Portman, Emma Watson, Will Smith, Johnny Depp, Ryan Gosling, Nicole Kidman និងពន្លកតារាហូលីវូដថ្មីៗជាច្រើនរូបទៀតផងដែរ។
តារាចម្រៀង និងជាតារាសម្ដែងកូនកាត់រូបនេះ ក៏បានបញ្ជាក់ផងដែរថា លោកមានអារម្មណ៍សប្បាយចិត្ត និងរំភើបបំផុត ដែលក្នុងនាមជាតារាសម្ដែងរបស់ប្រទេសថៃម្នាក់ អាចបោះជំហានអភិវឌ្ឍន៍ខ្លួនទៅជាតារាសម្ដែងនៅក្នុងក្រុមការងារដ៏ធំមួយរបស់ហូលីវូដ។ លោកបន្ដថា លោកនឹងខិតខំព្យាយាមហ្វឹកហាត់ការសម្ដែងបន្ថែម រួមទាំងការនិយាយភាសាអង់គ្លេសផងដែរ ដើម្បីធ្វើជាកម្លាំងជំរុញចិត្តជូនដល់ប្រជាជនថៃ និងមានមោទនភាពគាំទ្រចំពោះរូបលោកកាន់តែខ្លាំងឡើងថែមទៀតផងដែរ៕