ភាពខុសគ្នារវាងទំហំពាណិជ្ជកម្មកម្ពុជា និងចិននៅតែឆ្ងាយពីគ្នារហូតដល់ជិត4ពាន់លានដុល្លារខណៈរដ្ឋាភិបាលនៃប្រទេសទាំងពីរបេ្តជ្ញាបង្កើនទំហំពាណិជ្ជកម្មឱ្យកាន់តែធំបន្ថែមទៀតនៅឆ្នាំថ្មីនេះ និងឆ្នាំបន្តបន្ទាប់។
យោងតាមទិន្នន័យការនាំចេញ និងនាំចូលរបស់អគ្គនាយកដ្ឋានកម្ពុជាត្រួតពិនិត្យទំនិញនីហរ័ណ អាហរ័ណ និងបង្ក្រាបការក្លែងបន្លំ (កាំកុងត្រូល) នៃក្រសួងពាណិជ្ជកម្មបានបង្ហាញថា មានទំនិញយ៉ាងហោចណាស់ 13 មុខត្រូវបាននាំចេញទៅប្រទេសចិន ដែលមានទំហំទឹកប្រាក់សរុបជិត 634លានដុល្លារ ក្នុងរយៈពេល11ខែក្នុងឆ្នាំ2017។ មុខទំនិញសំខាន់ដែលត្រូវបាននាំចេញទៅកាន់ទីផ្សារចិន រួមមាន ៖ ផលនេសាទ ដំឡូងមីស្ងួត ម្សៅដំឡូងមី គ្រាប់ស្វាយចន្ទី អង្ករប្រេងដូងមិនទាន់ចម្រាញ់ ម្សៅកាកាវ កៅស៊ូក្រែប ឈើកែច្នៃ ដែលសរុបជាទឹកប្រាក់មានជាង 110 លានដុល្លារ។ ទំនិញខាងលើមានមូលដ្ឋានដាំដុះ ផលិតនិងកែច្នៃបឋមនៅកម្ពុជា។ ក្នុងចំណោមផលិតផលរបស់កម្ពុជាទាំងនោះ អង្ករជាទំនិញសំខាន់ជាងគេក្នុងការនាំចេញទៅកាន់ប្រទេសចិន ដោយមានចំនួនទឹកប្រាក់ជិត 90លានដុល្លារអាមេរិក។
កម្ពុជាក៏មាននាំចេញផលិតផលខ្លះទៀតទៅកាន់ទីផ្សារចិនដែរ ដូចជាក្រណាត់ ស្បែក ស្បែកកែច្នៃ សម្លៀកបំពាក់របស់វាយនភណ្ឌ និងស្បែកជើង និងទំនិញផ្សេងៗទៀត ដែលមានទឹកប្រាក់សរុប ជិត 524លានដុល្លារអាមេរិក។ ផលិតផលទាំងនេះ ភាគច្រើនកម្ពុជានាំវត្ថុធាតុដើមចូល ហើយកម្ពុជាគ្រាន់តែលក់កម្លាំងពលកម្មសម្រាប់កាត់ដេរប៉ុណ្ណោះ។
របាយការណ៍របស់កាំកុងត្រូលដដែលបានបង្ហាញថា កម្ពុជានាំចូលទំនិញពីចិនមិនតិចតួចនោះទេ ដែលមានទឹកប្រាក់សរុបរហូតដល់ទៅជិត 4.481លានដុល្លារអាមេរិកក្នុងរយៈពេល 11ខែក្នុងឆ្នាំ2017។ ទំនិញដែលកម្ពុជានាំចូលពីចិនមកវិញ មានទាំងទំនិញកសិកម្ម និងទំនិញធុនធ្ងន់ ដែលរួមមាន៖ សាច់ស្រស់ ផលនេសាទ ទឹកដោះ និងផលិតផលពីទឹកដោះ បន្លែស្រស់ ផ្លែឈើស្រស់ ស្រូវសាលី និងទំនិញកសិកម្មផ្សេងៗទៀត។ ក្រៅពីទំនិញខាងលើ នៅមានទំនិញជាច្រើនទៀតដែលចិននាំចូលមកកាន់ទីផ្សារកម្ពុជា ដូចជាចំណីសត្វ ថ្នាំជក់ និង បារី ឧស្ម័ន សារធាតុគីមី សេរ៉ូម និងឱសថ ជីកសិកម្មសម្ភារកាត់ដេរ ស្បែកជើង វត្ថុធាតុដើមផលិតស្បែកជើង សម្ភារសំណង់ រថយន្ត ម៉ូតូ និង ផ្សេងៗទៀត។
ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មក្នុងជំនួបជាមួយ ឯកឧត្តម WANG Bingnan អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីខែវិច្ឆិកាក្នុងឆ្នាំ2017 បានរំពឹងថា ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរនឹងកើនឡើងលើស 5ពាន់លានដុល្លារក្នុងឆ្នាំ2018 ព្រមទាំងនឹងរីកធំរហូតដល់ 6ពាន់លានដុល្លារនៅឆ្នាំ2020 ខាងមុខ។
ឯកឧត្តម ស៊ាង ថៃ អគ្គនាយកនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានអះអាងថា ដើម្បីពង្រីកទីផ្សារនាំចេញផលិតផលវាយនភណ្ឌដែលមានសម្លៀកបំពាក់ និងស្បែកជើង ក្រសួងពាណិជ្ជកម្មនឹងខិតខំចរចាដើម្បីបើកច្រកពាណិជ្ជកម្មជាមួយសហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ី (EAEU) ដែលមានសមាជិកចំនួន 5 ប្រទេសគឺ រួមមានរុស្ស៊ី បេឡារុស កាហ្សាក់ស្ថាន គីហ្ស៊ីស្ថាន និងអាមេនីបន្ថែមទៀត ព្រោះកន្លងមកទំហំពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារនៃប្រទេសទាំងនោះស្ថិតនៅតូចនៅឡើយ។
សម្រាប់ទីផ្សារប្រទេសចិន ថ្វីដ្បិតតែចិនអនុញ្ញាតឱ្យផលិតផលកសិកម្មកម្ពុជារាប់រយមុខនាំចូលទៅកាន់ទីផ្សារចិនដោយទទួលបានការលើកលែងពន្ធមែន ប៉ុន្តែមានទំនិញតែមិនប៉ុន្មានមុខប៉ុណ្ណោះដែលចិនអនុញ្ញាតឱ្យនាំចូល៕