Skip to content

Coutinho បំពេញ​ការផ្ទេរ​ជា​ក្តី​ស​ម្រៃ​របស់គេ​ទៅកាន់ Barcelona

Philippe Coutinho បាន​និយាយថា រូបគេ​កំពុង​តែមាន​គោលដៅ​ឈ្នះ​ពាន​នានា​នៅឯ​ក្លិប Barcelona ក្រោយពី​បាន​បំពេញ​ការផ្ទេរ​ជា​ក្តី​សុបិន​របស់គេ​ជា​ផ្លូវការ​ក្នុងតម្លៃ​ខ្លួន160លាន​អឺរ៉ូ (ស្មើនឹង192លាន​ដុល្លារ​អាមេរិក) ពី​ក្លិប Liverpool កាលពី​ថ្ងៃ​ចន្ទ។

ខ្សែបម្រើ​ស្លាប​អន្តរជាតិ​ប្រេ​ស៊ី​ល​រូបនេះ បាន​ចុះហត្ថលេខា​លើ​កុងត្រា​រយៈពេល5ឆ្នាំ ក្នុង​កម្មវិធី​មួយ ខណៈដែល​រូបគេ​បាន​អង្គុយ​ជាប់​ជាមួយនឹង​ប្រធាន​ក្លិប Barcelona លោក Josep Maria Bartomeu ដើម្បី​ធ្វើ​ឲ្យ​រូបគេ​ក្លាយជា​កីឡាករ​មានតម្លៃ​ខ្លួន​ខ្ពស់​ជាងគេ​បំផុត​លំដាប់​ទី3ក្នុង​ប្រវត្តិសាស្ត្រ​នៃ​កីឡាបាល់ទាត់។

ក្រោយពី​បានបង្ហាញ​ខ្លួន​នៅឯ​កីឡដ្ឋាន Camp Nou ក្នុងនាម​ជា​កីឡាករ​របស់ Barcelonaរួចមក ខ្សែបម្រើ​ស្លាប Coutinho បាន​ឲ្យ​ដឹងថា៖ «វា​ជា​កិត្តិយស​មួយ​សម្រាប់​ខ្ញុំ ជា​កិត្តិយស​ដ៏​អស្ចារ្យ​មួយ និង​ក៏​ជា​ក្តី​សុបិន​មួយ​ក្នុងការ​មក​ទីនេះ​ផងដែរ។ ខ្ញុំ​មាន​គោលដៅ​ជាច្រើន ពោលគឺ​ក្នុងការ​មក​ទីនេះ ដើម្បី​រីករាយ​ឈ្នះ​ពាន និង​ជួប​ភាព​រំភើប។ ខ្ញុំ​គិតតែ​លើ​បញ្ហា​នេះ​ប៉ុណ្ណោះ»។

នៅ​មុនពេល​ខ្សែបម្រើ​អន្តរជាតិ​ប្រេ​ស៊ី​ល​រូបនេះ បាន​ចុះហត្ថលេខា​លើ​កុងត្រា​របស់គេ ក្លិប Barcelona បាន​បញ្ជាក់ថា បញ្ហា​របួស នឹង​ពន្យារពេល​នៃ​ការ​បង្ហាញខ្លួន​ជា​លើក​ទី1របស់គេ រហូតដល់​ចុងខែ​មករា។ ក្រុម​កំពុងតែ​នាំមុខ​លើ​តារាង​ក្របខ័ណ្ឌ La Liga មួយ​នេះ ក៏បាន​បញ្ជាក់​ផងដែរ​ថា Liverpool បាន​កាត់បន្ថយ​ចំនួន​នៃ​តម្លៃ​ខ្លួន​ដែល​បានស្នើ​សុំ​ពី​តម្លៃ​ខ្លួន200លាន​អឺរ៉ូ ក្រោយពី​ការអូសបន្លាយ​ពេល​នៃ​ការផ្ទេរ​មួយ​នេះ អស់​រយៈពេល​ដ៏​យូរ​ចាប់តាំងពី​រដូវក្តៅ​មុន។

ការផ្ទេរ​នេះ​មានន័យថា Coutinho នឹង​ក្លាយជា​កីឡាករ​មានតម្លៃ​ខ្លួន​ខ្ពស់​ជាងគេ​បំផុត​លំដាប់​ទី3 ក្រោយពី​ក្លិប Paris Saint-Germain បាន​ចំណាយ​ប្រាក់222លាន​អឺរ៉ូ ដើម្បី​ទិញ Neymar ពី​ក្លិប Barcelona មុនពេល​ជះ​ទឹកប្រាក់180លាន​អឺរ៉ូ ដើម្បី​នាំយក​ខ្សែប្រយុទ្ធ Kylian Mbappe ពី​ក្លិប Monaco ក្នុង​រូបភាព​ខ្ចី​ជើង​សិន មុននឹង​បំពេញ​ការផ្ទេរ​នៅពេល​បញ្ចប់​រដូវ​កាល​បច្ចុប្បន្ន៕

ប្រភពពី៖ Sport24

Leave a Reply

Your email address will not be published. Required fields are marked *