យោងតាមការសិក្សាថ្មីមួយរបស់ធនាគារពិភពលោកស្តីពីការអភិវឌ្ឍទីក្រុងនៅរាជធានី ភ្នំពេញបានឱ្យដឹងថា ការរីកលូតលាស់ដ៏ឆាប់រហ័សនៃក្រុងភ្នំពេញក្នុងរយៈពេល10ឆ្នាំកន្លង មកនេះ បានចូលរួមចំណែកក្នុងការបង្កើនឱកាសការងារ និងកាត់បន្ថយភាពក្រីក្របានយ៉ាងច្រើន ក៏ប៉ុន្តែការផ្តោតការយកចិត្តទុកដាក់លើការលើកកម្ពស់ផែនការ ការគ្រប់គ្រង និងហេដ្ឋារចនាសម្ព័ន្ធនៃទីក្រុង គឺត្រូវការជាចាំបាច់ដើម្បីចៀសវាងការរីករាលដាលនៃភាពគ្មានសណ្តាប់ធ្នាប់ ការស្ទះចរាចរណ៍ និងការបំពុលបរិស្ថានផ្សេង។
របាយការណ៍មួយមានចំណងជើងថា ការអភិវឌ្ឍទីក្រុងក្នុងរាជធានីភ្នំពេញ លើកឡើងនូវភាពប្រឈមជាច្រើនក្នុងការផ្តល់ជាសេវាកម្មជាមួលដ្ឋានដែលរួមមានប្រព័ន្ធបង្ហូរទឹកស្អុយ ស្ថានីយកែច្នៃទឹកស្អុយ សេវាដឹកជញ្ជូនសាធារណៈ និងការគ្រប់គ្រងកាកសំណល់រឹង។ល។ ការគ្រប់គ្រង និងការផ្តល់ហិរញ្ញប្បទានលើការរៀបចំក្រុង ការពង្រឹងអភិបាលកិច្ច និងការផ្តល់សេវាកម្មក៏ជួបបញ្ហាប្រឈមដែរ។ ទោះបីជាមានដំណើរការរៀបចំក្រុងដែលមានស្រាប់ក៏ដោយ ក៏ការផ្តល់ហិរញ្ញប្បទាន និងសមត្ថភាពបច្ចេកទេសជាញឹកញាប់បង្កនូវឧបសគ្គជាច្រើនដល់ផែនការអភិវឌ្ឍន៍ទីក្រុងទីតាំង និងផែនការប្រើប្រាស់ដី ជាពិសេសថ្នាក់ខណ្ឌ និងសង្កាត់។
លោកស្រី អុីហ្គូណា ដូប្រាចា នាយិកាគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថា៖ “រាជធានីភ្នំពេញប្រឈមនឹងឱកាសដ៏សំខាន់មួយក្នុងការកែខៃទីក្រុងជាវិជ្ជមានមួយសម្រាប់អនាគតរបស់ខ្លួន ការបង្កើតការងារឱ្យបានច្រើនថែមទៀត និងការបង្កលទ្ធភាពឱ្យមានសេវាកម្មកាន់តែប្រសើរជាងមុន។ ការអភិវឌ្ឍទីក្រុងដែលមានការគ្រប់គ្រង និងរៀបចំផែនការបានល្អអាចជួយធ្វើឱ្យទីក្រុងមានភាពល្បីល្បាញក្នុងការធានាឱ្យមានស្តង់ដាររស់នៅល្អប្រសើរសម្រាប់អនាគតមនុស្សជំនាន់ក្រោយផងដែរ។
របាយការណ៍នេះបានផ្តល់អនុសាសន៍ជាច្រើនដើម្បីធ្វើឱ្យការរីកលូតលាស់ក្នុងទីក្រុងកាន់តែមានលក្ខណៈប្រកួតប្រជែង កាន់តែមាននិរន្តរភាព និងកាន់តែគ្របដណ្តប់ទូលំទូលាយលើវិស័យសំខាន់ៗចំនួន4 គឺ ទី1.ត្រូវកែលម្អស្ថាប័ន និងអភិបាលកិច្ចដើម្បីឱ្យទីក្រុងអាចអភិវឌ្ឍទៅបានប្រកបដោយភាពសុខដុម និងមានប្រសិទ្ធភាពជាងមុន។ 2.ត្រូវកែលម្អ ផែនការរៀបចំទីក្រុង និងការអនុវត្តផែនការតាមរយៈការបង្កើតបទដ្ឋានគតិយុត្ត ក្របខ័ណ្ឌច្បាប់ និងពង្រឹងផែនការរៀបចំទីក្រុងដែលមានស្រាប់។ ទី3. ត្រូវវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទីក្រុងដែលប្រកបដោយនិរន្តរភាពដើម្បីលើកកម្ពស់កម្រិតជីវភាពរស់នៅ និងភាពប្រកួតប្រជែង។ ទី4. ត្រូវធានាថា ការរៀបចំទីក្រុងត្រូវគិតគូរឱ្យបានគ្រប់ជ្រុងជ្រោយដើម្បីចៀសវាងកុំឱ្យមានវិសមភាព។
លោកស្រី ជូឌី បេគ័រ ប្រធានសេដ្ឋវិទូរបស់ធនាគារពិភពលោកដែលជាអ្នកនិពន្ធម្នាក់ក្នុងចំណោមអ្នកនិពន្ធជាច្រើនបានមានប្រសាសន៍ថា៖ “ទីក្រុងទាំងឡាយដែលមានផែនការល្អ ធ្វើឱ្យគេអាចគ្រប់គ្រងបានល្អនូវអត្ថប្រយោជន៍សេដ្ឋកិច្ចសង្គមផ្នែកនគរូបនីយកម្ម និងអាចបង្កើតបានជាទីកន្លែងដែលមានលក្ខណៈរស់រវើកអាចរស់នៅបាន និងមានទីធ្លាល្អប្រសើរ។ ផែនការនេះអាចធ្វើទៅបានយ៉ាងល្អសម្រាប់រាជធានីភ្នំពេញ ក៏ប៉ុន្តែវានឹងជាដំណើរការមួយដែលមានរយៈពេលវែង និងទាមទារឱ្យមានការប្តេជ្ញាចិត្តខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល ប្រជាពលរដ្ឋ និងវិស័យឯកជន។
បើទោះជាយ៉ាងនេះក្តី លោកម៉េត មាសភក្តីអ្នកនាំពាក្យសាលារាជធានីភ្នំពេញមានប្រសាសន៍ថា សាលារាជធានីបានសហការជាមួយអង្គការ JICA ដើម្បីដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងការរៀបចំរំដោះទឹកជំនន់ចេញពីភូមិសាស្ត្ររាជធានី និងរៀបចំប្រព័ន្ធបង្ហូរទឹកស្អុយ ដោយធ្វើការចម្រោះទឹកមុននឹងបង្ហូរចូលក្នុងទន្លេ ។ ចំណែកសេវាដឹកជញ្ជូនសាធារណៈវិញ សាលារាជធានីបានដាក់ឱ្យប្រើប្រាស់រថយន្តក្រុងសរុបចំនួនជាង 150គ្រឿងហើយមកទល់បច្ចុប្បន្ន ដើម្បីកាត់បន្ថយការកកស្ទះ និងកាត់បន្ថយការចំណាយរបស់ពលរដ្ឋជាគោលនយោបាយកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋឱ្យកាន់តែប្រសើរឡើង ហើយនៅអំឡុងខែមេសា ឆ្នាំ2018នេះ រដ្ឋាភិបាលជប៉ុន និងផ្ដល់ជំនួយជារថយន្តក្រុងចំនួនជាង100គ្រឿងបន្ថែមទៀតដើម្បីដាក់បម្រើសេវាដឹកជញ្ជូនសាធារណៈឱ្យបានគ្រប់ដងផ្លូវនានាក្នុងភូមិ-សាស្ត្ររាជធានី លើសពីនេះសាលាក្រុងក៏នឹងដាក់ឱ្យប្រើប្រាស់សាកល្បងនូវសេវាកម្មដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹក (Water Taxi) ចាប់ពីខណ្ឌព្រែកព្នៅរហូតដល់ក្រុងតាខ្មៅ ខេត្តកណ្តាលនៅចុងឆ្នាំ2018នេះ។
ពាក់ព័ន្ធនឹងករណីគ្រប់គ្រងកាកសំណល់រឹងវិញនោះ សាលារាជធានីក៏បានសហការជាមួយក្រុមហ៊ុនឯកជនផ្សេងៗដើម្បីកែច្នៃសំរាមទៅជាថាមពល ឬជីសរីរាង្គជាការចាំបាច់ក្នុងការធានាឱ្យបាននូវបរិស្ថានល្អ និងសោភ័ណភាពស្អាត ក៏ដូចការថែរក្សាអនាម័យទីក្រុងផងដែរ៕