ក្លិបទូកក្តោង Everton កំពុងតែពិចារណាទៅលើការប្រើប្រាស់ខ្សែប្រយុទ្ធចំណូលថ្មីរបស់ពួកគេគឺ Cenk Tosun ដែលត្រៀមបំពេញការផ្ទេររបស់គេពីក្លិបតួកគី Besiktas ក្នុងតម្លៃខ្លួន 27លានផោន (ស្មើនឹង36.6លានដុល្លារអាមេរិក) ក្នុងពេលពួកគេប្រកួតជាមួយនឹងក្រុម Liverpool ក្នុងពាន FA Cup នៅរាត្រីនេះ។
ប៉ុន្តែ ទោះបីជាយ៉ាងណា Everton ក៏ត្រូវប្រឈមមុខនឹងការចុះឈ្មោះ Cenk Tosun ឲ្យទាន់ពេលវេលាផងដែរ។ កីឡាករខ្សែប្រយុទ្ធរូបនេះត្រូវតែបំពេញការផ្ទេររបស់គេជាផ្លូវការនៅត្រឹមរសៀលថ្ងៃសុក្រនេះ ដើម្បីអាចទទួលបានការចុះឈ្មោះក្នុងក្រុម Everton របស់លោក Sam Allardyce សម្រាប់ការប្រកួតនៅកីឡដ្ឋាន Anfield។ ខ្សែប្រយុទ្ធវ័យ26ឆ្នាំរូបនេះ នឹងផ្ទេរពីក្លិប Besiktas ដើម្បីបញ្ចប់ការស្វែងរកខ្សែប្រយុទ្ធម្នាក់អស់រយៈពេល6ខែដើម្បីមកជំនួសកន្លែងរបស់ Romelu Lukaku ដែលបានផ្ទេរទៅកាន់ក្លិប Manchester United កាលពីរដូវក្តៅមុន។ លោក Allardyce ពិតជាចង់ដាក់ឲ្យ Tosun ស្ថិតជាកីឡាករបម្រុងសម្រាប់ការប្រកួតនៅរាត្រីនេះ។
លោក Allardyce បានឲ្យដឹងថា៖ «ខ្ញុំគិតថា អាចទៅរួច។ ប្រសិនបើរូបគេអាចចូលលេងក្នុងនាមជាកីឡាករបម្រុង ខ្ញុំគិតថា នោះគឺជារឿងដ៏ល្អបំផុតដែលខ្ញុំចង់បាន»។ គ្រូបង្វឹកចាស់វស្សារូបនេះបានបន្ថែមទៀតថា៖ « វាគ្រាន់តែនៅសល់លក្ខខណ្ឌផ្ទាល់ខ្លួនប៉ុណ្ណោះ ដែលជាដំណាក់កាលចុងក្រោយ។
ក្រោយពីការចរចាក្នុងរយៈពេលដ៏យូរអង្វែងមក យើងជិតបំពេញការងារនេះស្រេចបាច់ហើយ។ រូបគេអាចនឹងត្រូវចុះឈ្មោះនៅមុនការប្រកួតពាន FA Cup ប៉ុន្តែការបំពេញការនាំយកកីឡាករម្នាក់គឺជារឿងដ៏សំខាន់បំផុត ពីព្រោះការខ្វះអ្នករកគ្រាប់បាល់បានក្លាយជាកង្វល់ដ៏ធំបំផុតរបស់យើង»៕
ប្រភពពី៖ The Telegraph