ភាពយន្តខ្នាតធំ ប្រភេទរឿងបែបបុរាណខ្មែរដែលបានបង្ហាញអំពីមន្ដអាគម អូមអាម ព្រាយអាបធ្មប់ ដែលមានការចូលរួមសម្ដែងដោយពិធីការិនីល្បីឈ្មោះប្រចាំព្រះរាជាណាចក្រកម្ពុជាគឺ កញ្ញាហ៊ិន ចាន់នីរ័ត្ន និងដឹកនាំការសម្ដែងពីលោក ហ៊ុយ យ៉ាឡេង គឺរឿង ធ្មប់ បានចេញ Trailer រឿងពេញជាផ្លូវការហើយ។
ផ្ទៃរឿងទាំងមូលបានស្ដែងឱ្យឃើញពីជីវភាព និងការរស់នៅរបស់ប្រជាជនខ្មែរក្នុងសម័យលង្វែក ជាពិសេសេគឺជំនឿរបស់ខ្មែរយើងនាសម័យកាលនោះ ដែលពួកគេជឿទៅលើមន្ដអាគមគាថា វិញ្ញាណអាបធ្មប់លាយឡំជាមួយអាថ័នខ្មែរបុរាណ ដែលធ្វើឱ្យផ្ទៃរឿងទាំងមូលមានភាពភ័យរន្ធត់ និងលស់ព្រលឹង។
ជាមួយគ្នានោះដែរ រឿង ”ធ្មប់” ត្រៀមនឹងដាក់បញ្ចាំងនៅតាមរោងភាពយន្តទំនើបៗនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួននៅថ្ងៃទី25 ខែមករា ឆ្នាំ2018នេះ ហើយទិដ្ឋភាពក្នុងរឿងនេះ គឺត្រូវបានចំណាយរយៈពេលថតអស់ជាងមួយខែនៅទឹកដីខេត្តកំពង់ធំទាំងអស់។ គួររំឭកផងដែរថា លោក យ៉ាឡេង ធ្លាប់បានប្រាប់សារព័ត៌មានឡារ៉ែនកន្លងទៅថា រឿង “ធ្មប់” គឺនិពន្ធដោយរូបលោកផ្ទាល់ជាមួយលោក ស្វាយ លីម៉េង ហើយមានតួអង្គសំខាន់ៗ ដូចជា កញ្ញា ហ៊ិន ចាន់នីរ័ត្ន សម្ដែងជាតួនាង លក្ខ ប្រពន្ធសេដ្ឋី លោក លឹម រដ្ឋា សម្ដែងជាតួអង្គ ទេពពង្ស និងរូបលោកផ្ទាល់សម្ដែងជា រាជ (សេដ្ឋី)។ គួរបញ្ជាក់ផងដែរថា រឿង “ធ្មប់” នេះបានចំណាយទុនអស់ច្រើនជាង 5 ម៉ឺនដុល្លារហើយ ដោយបានសហការជាមួយផលិតករក្នុងស្រុក និងវិនិយោគិនដែលស្រឡាញ់ការផលិតភាពយន្ដដែលបានចូលរួមជាដៃគូផលិតផងដែរ៕
ទស្សនា Trailer រឿង “ធ្មប់” មុនថ្ងៃដាក់បញ្ចាំងខាងក្រោមនេះទាំងអស់គ្នា៖