ការជួបរដូវកាលដ៏ល្អឥតខ្ចោះរបស់តារាឆ្នើម Mohamed Salah បានធ្វើឲ្យរូបគេបោះជំហានឆ្ពោះទៅកាន់ដំណាក់កាលមួយផ្សេងទៀត ក្រោយពីរូបគេបានជាប់ជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាហ្វ្រិក ជាលើកទី1។
តារាឆ្នើមរូបនេះ បានយកឈ្នះលើខ្សែប្រយុទ្ធអន្តរជាតិសេណេហ្គាល់ Sadio Mane ដែលជាមិត្តរួមក្រុម Liverpool របស់គេ និងខ្សែប្រយុទ្ធអន្តរជាតិហ្គាបុង Pierre-Emerick Aubameyang របស់ក្លិប Borussia Dortmund ដែលបានទទួលចំណាត់ថ្នាក់លេខ2 និងលេខ3តាមលេខរៀង។ រូបគេបានចូលរួមជាមួយនឹងតារាឆ្នើមៗជាច្រើនដែលធ្លាប់ឈ្នះពានរង្វាន់នេះដែលមានដូចជា Yaya Toure, Didier Drogba និង Samuel Eto’o ផងដែរ ក្រោយពីទទួលបានពាននេះ ក្នុងកម្មវិធីមួយនៅក្នុងទីក្រុង Accra ប្រទេសហ្គាណា កាលពីថ្ងៃព្រហស្បតិ៍។
Salah ដែលបានផ្ទេរមកពីក្លិប Roma កាលពីរដូវក្តៅមុនក្នុងតម្លៃខ្លួន34លានផោន (ស្មើនឹង47លានដុល្លារអាមេរិក) នោះ បានបង្ហាញពីទម្រង់លេងយ៉ាងល្អក្នុងពេលវិលទៅកាន់ក្របខ័ណ្ឌ Premier League នៅរដូវកាលនេះ។ ខ្សែប្រយុទ្ធវ័យ25ឆ្នាំរូបនេះ បានស៊ុតបាល់បញ្ចូលទីដល់ទៅ17គ្រាប់ក្នុងការប្រកួត19លើកក្នុងក្របខ័ណ្ឌលីក សម្រាប់ក្រុម Liverpool និងរកបាន5គ្រាប់ផ្សេងទៀតក្នុងក្របខ័ណ្ឌ Champions League។
ក្រោយពីទទួលពាននេះ Salah បានឲ្យដឹងថា៖ «ការឈ្នះពានរង្វាន់នេះ គឺជាសុបិនដែលក្លាយជាការពិតមួយ។ 2017 គឺជាឆ្នាំដ៏អស្ចារ្យសម្រាប់ខ្ញុំ ដោយខ្ញុំមានពេលវេលាដ៏អស្ចារ្យជាមួយនឹងក្រុមជម្រើសជាតិ»។ រូបគេក៏បានក្លាយជាតារាឆ្នើមក្នុងក្រុមជម្រើសជាតិរបស់គេផងដែរ ក្រោយពីក្រុមជម្រើសជាតិអេហ្ស៊ីប បានឈ្នះកៅអីទៅលេងក្នុង World Cup នៅឆ្នាំនេះ៕
ប្រភពពី៖ The Sun