Skip to content

Bellerin រក​គ្រាប់​បាល់​ដ៏​ល្អ ដើម្បី​ជួយ​ឲ្យ Arsenal តាម​ស្មើ Chelsea ទាំង​ព្រលឹងចុងសក់

ក្រុម​កាំភ្លើង​ធំ Arsenal បា​នរក​គ្រាប់​បាល់​តាម​ស្មើ​នៅពេល​ជិត​អស់ម៉ោង​នៅក្នុង​ការប្រកួត​ជាមួយនឹង​ក្រុម Chelsea កាលពី​ថ្ងៃ​ពុធ ដើម្បី​សង្គ្រោះបាន1ពិន្ទុ ក្នុងពេល​ក្រុម​ទាំងពីរ​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ 2-2 និង​ដើម្បី​ស្ថិត​ក្នុងការ​ប្រជែង​ជាមួយនឹង​ក្រុម​ខ្លាំង​ទាំង6 របស់​ក្របខ័ណ្ឌ Premier League។

ក្រុម​ម្ចាស់ផ្ទះ​បា​នរក​គ្រាប់​បាល់​នាំ​មុខមុន​នៅ​ដើមតង់​ទី2 នៅពេលដែល​ខ្សែបម្រើ​ឆ្នើម Jack Wilshere បាន​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាង​ល្អ​បំប៉ោង​សំណាញ់​ទី​របស់​អ្នកចាំទី  Thibaut Courtois ពី​ក្នុង​ប្រអប់​គ្រោះថ្នាក់។ ប៉ុន្តែ ទោះបីជា​យ៉ាងណា គ្រាប់​បាល់​របស់គេ​ត្រូវបាន​តាម​ស្មើ​វិញភ្លាមៗក្នុង​រយៈពេល4នាទី​ក្រោយមក នៅ​នាទី​ទី67 នៅពេលដែល​ខ្សែបម្រើ​ស្លាប Eden Hazard បាន​ស៊ុត​បាល់​ពិន័យ11ម៉ែត្រ​ចូល​ទី​យ៉ាង​ល្អ ក្រោយពី​រូបគេ​ត្រូវបាន​ទាញ​ឲ្យ​ដួល​ដោយ​ខ្សែការពារ Hector Bellerin ក្នុង​ប្រអប់​គ្រោះថ្នាក់។

បន្ទាប់មក ក្រុម Chelsea បាន​គិតថា ពួកគេ​ប្រហែលជា​នឹង​បានទទួល​ជ័យជម្នះ​ក្នុងការ​ប្រកួត​នេះហើយ នៅពេលដែល Marcos Alonso បា​នរក​គ្រាប់​បាល់​នាំមុខ​នៅ​នាទី​ទី84  ប៉ុន្តែ Bellerin បា​នរក​គ្រាប់​បាល់​ឱ្យ Arsenal តាម​ស្មើ​វិញ​នៅ​ចុង​ម៉ោង ដើម្បី​លុបលាង​កំហុស​របស់ខ្លួន​វិញ​តែម្តង។

Chelsea នៅតែ​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ3 ដោយ​ដេញតាម​ពីក្រោយ​ក្រុម Manchester United 1ពិន្ទុ និង16ពិន្ទុ​តាម​ពីក្រោយ​ក្រុម​កំពុង​នាំមុខ Manchester City ខណៈដែល​ក្រុម Arsenal ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ6។ លោក Antonio Conte គ្រូបង្វឹក​របស់ Chelsea បាន​ប្រាប់​ទូរទស្សន៍ BBC ថា៖ «ខ្ញុំ​គិតថា វា​ជា​រឿង​ដ៏​គួរ​ឲ្យ​សោកស្តាយ​មួយ ពីព្រោះ​នៅពេលដែល​អ្នកមាន​ឱកាស​ជាច្រើន ក្នុង​ការរក​គ្រាប់​បាល់ អ្នក​ត្រូវតែ​ឈ្នះ​ការប្រកួត​នេះ។

ផ្ទុយទៅវិញ យើង​កំពុងតែ​និយាយ​ពី​លទ្ធផល​ស្មើ​ពេល​ប្រកួត​ជាមួយនឹង​ក្រុម​ខ្លាំង​មួយ ប៉ុន្តែ ក្នុងការ​ប្រកួត យើង​ពិតជា​ស័ក្តិសម​ក្នុងការ​ឈ្នះ ខណៈដែល​យើង​បាន​បង្កើត​ឱកាស​ជាច្រើន»៕

ប្រភពពី៖ The Telegraph

Leave a Reply

Your email address will not be published. Required fields are marked *